ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ផឹកស្រាស្រវឹង ក៏ចូលទៅផ្ទះស្រ្តីជាអតីតប្រពន្ធដើមដែលបានលែងលះគ្នាដាច់ស្រេចហើយ ដោយចូលគ្មានការអនុញាត ថែមទាំងយកកាមេរ៉ាដេញតាមថតស្ត្រីខាងលើ ខណៈដែលប្តីរបស់គេមិននៅ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ហើយត្រូវព្រះរាជអាជ្ញាឱ្យកម្លាំងនគរបាលស្រុកមង្គលបុរី ចាប់ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកទាំងយប់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៨ កុម្ភៈ ២០១៤ កន្លងមក នៅភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ប្រភពបានឱ្យដឹងថា បុរសរូបនេះឈ្មោះអឹម ធី ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។ ប្រភពបានឱ្យដឹងទៀតថា ជននេះតែងតែបង្ករឿងជាមួយស្ត្រីដែលជាអតីតប្រពន្ធដើមរាល់ដង ឱ្យតែពេលដែលគេផឹកស្រាស្រវឹង ។ បុរសខាងលើនេះ ត្រូវបានកម្លាំងនគរបាលរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ ។
គួរបញ្ជាក់ថា បុរសនេះបានលែងលះប្រពន្ធដើមរហូតមានសាលក្រមពីតុលាការផ្តាច់សង្វាសនឹងគ្នាហើយ ហើយបានមករៀបការជាមួយប្រពន្ធក្រោយមួយទៀត ចំណែកឯស្ត្រីជាប្រពន្ធ ក៏បានទៅរៀបការជាមួយប្តីមួយទៀតដែរ ។
៕
ចែករំលែកព័តមាននេះ