ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ស្ត្រីចំណាស់ម្នាក់បានស្លាប់យ៉ាងអាណោអាធម័ក្នុងថ្លុកឈាម បន្ទាប់ពីត្រូវរថយន្តម៉ាកកូរ៉ូឡាបុក ខណៈកំពុងជិះកង់ប៉ើងដូចសី រួចរថយន្តក៏ជ្រុលទៅបុកបង្គោល បណ្តាលឲ្យដាច់ភ្លើងងងឹត៣ខេត្តរយៈពេលជិត២ម៉ោង ហើយរថយន្តក្រឡាប់កង់ទាក់នឹងបង្គោលភ្លើងរបួសអ្នកបើកបររថយន្តនិងអ្នករួមដំណើរ ធ្ងន់-ស្រាលចំនួន៤នាក់ ចំណែករថយន្តខូចខាតស្ទើរទាំងស្រុង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងកាលវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៨ កុម្ភៈឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ។
លោកវរសេនីយ៍ត្រី ឆេងអ៊ី សុខា អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១ មីនា ឆ្នាំ២០១៤ ថា ស្រ្តីរងគ្រោះឈ្មោះ យន សុខឿន អាយុ៥៦ឆ្នាំ នៅភូមិសុរិយា ឃុំកូប ស្រុកអូរជ្រៅ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ រីឯអ្នកបើកបររថយន្តឈ្មោះ អ៊ូ ទិត្យាភក្តី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិកោះកែវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី រងរបួសស្រាល បើកបររថយន្តម៉ាកកូរ៉ូឡា ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2B.0461 ។
ដោយឡែកអ្នករួមដំណើរចំនួន៣នាក់ ទី១-ឈ្មោះ ធៀវ គឿ ភេទប្រុស អាយុ៣២ឆ្នាំ របួសធ្ងន់ ,ទី២-ឈ្មោះនេត ស៊ីន ភេទប្រុស អាយុ២៨ឆ្នាំ របួសស្រាល និងទី៣-ឈ្មោះ ឃុន ឆាត ភេទប្រុស អាយុ៤០ឆ្នាំ របួសធ្ងន់ អ្នកទាំង៣មានទីលំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរិសោភ័ណ។
លោកអធិការនគរបាលស្រុកអូរជ្រៅបានបញ្ជាក់ថាតាមការបំភ្លឺពីអ្នកបើកបររថយន្តក៏ដូចជាអ្នករួមដំណើរបាននិយាយថា មុនពេលកើតហេតុ រថយន្តបើកមកពីទិសខាងលិចទៅកើត ពេលមកដល់ចំណុចខាងលើ មានរថយន្ត១គ្រឿងផ្សេងទៀតបើកបញ្ច្រាសទិសគ្នា បើកភ្លើងហ្វាឡាស៊ែរ បណ្តាលឲ្យចាំងភ្នែក រួច គេបើកគេចទៅខាងស្តាំដី ដោយមើលមិនឃើញស្ត្រីជិះកង់ ក៏បុកពីក្រោយពេញទំហឹង បន្ទាប់មករថយន្តជ្រុលទៅបុកបង្គោលភ្លើង និងទាក់ខ្សែភ្លើងស្រាតតែម្តង ៕
ចែករំលែកព័តមាននេះ