ខេត្តតាកែវ ៖ ប្រជាពរដ្ឋប្រមាណ៣០០នាក់ មកពីឃុំត្នោត ស្រុកបាទី បាននាំគ្នាតបិទផ្លូវដើម្បីជាការតវ៉ាប្រឆាំងក្រុមហ៊ុនវាយយកថ្មនៅនៅភ្នំចំបាប់ ដែលបានសន្យាជាមួយប្រជាពលរដ្ឋ ហើយតែមិនព្រមអនុវត្ត ។ ក្រុមប្រជាពលរដ្ឋអ្នកតវ៉ាបានចោទប្រកាន់អាជ្ញាធរស្រុកផងដែរថាបានឃុបឃិតជាមួយក្រុមហ៊ុនទើបមិនបានខ្វល់ដល់ការលំបាករបស់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវលំក្នុងភូមិ ដោយសាររថយន្តទៅមកហុយទ្រលោមរាល់ពេលវេលាប៉ះពាល់ដល់សុខភាពនិងការរស់នៅយ៉ាងធ្ងន់ធ្ងរ ។
ការតវ៉ានេះបើតាមអ្នកភូមិនិយាយថា ដើម្បីឱ្យក្រុមហ៊ុនធ្វើផ្លូវក្រាលកៅស៊ូបញ្ចៀសការហុយចាប់ពីភ្នំចំបាប់ ដល់ភូមិរបស់ពួកគាត់ ។ ប្រតិកម្មតវ៉ាបិទផ្លូវនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ កុម្ភៈ។ តំណាងប្រជាពលរដ្ឋដែលនាំគ្នាមកតវ៉ាបិទផ្លូវលំក្នុងឃុំត្នោត ស្រុកបាទី នេះនិយាយថា ពួកគាត់មកពីភូមិចំនួន៣ គឺភូមិរំចេក ភូមិទំនប់ និងភូមិព្រៃ ឃុំត្នោត ប្រមាណជិត៣០០នាក់ មកបិទផ្លូវមិនឱ្យរថយន្តដឹកថ្មរបស់ក្រុមហ៊ុនGL ដែលបានទទួលសិទ្ធិយកថ្មភ្នំចំបាប់ទៅលក់ហើយសន្យាជាមួយប្រជាពលរដ្ឋជាច្រើនឆ្នាំមកហើយថា នឹងចាក់ក្រាលកៅស៊ូចាប់ពីភ្នំចំបាប់រហូតដល់ភូមិរបស់ពួកគាត់ដែលមានចម្ងាយ២.៥០០ម៉ែត្រ ។ ប៉ុន្តែច្រើនឆ្នាំមកហើយ ក្រុមហ៊ុនមិនបានគោរពតាមកិច្ចសន្យានោះទេ ដែលសង្ស័យថា អាចមានការឃុបឃិតគ្នាជាមួយអាជ្ញាធរស្រុកនិងមន្ទីរជំនាញ ទើបក្រុមហ៊ុននេះមិនអើពើនោះ ។
តំណាងប្រជាពលរដ្ឋបន្តទៀតថា ការសន្យារបស់ក្រុមGLវាយយកថ្មភ្នំចំបាប់មានរយៈពេល៥ឆ្នាំមកហើយ តាំងពីក្រុមហ៊ុននេះចូលមកដំបូងម្លេ៉ះ ។ មូលហេតុនៃការតវ៉ានេះ ដោយសារផ្លូវលំដែលក្រុមហ៊ុននេះប្រើប្រាស់ដឹកថ្មរាល់ថ្ងៃគឺហុយខ្លាំងដល់ផ្ទះរបស់ពួកគាត់ដែលនៅអមសងខាងផ្លូវ ដូច្នេះ នេះជាការទាមទារឱ្យក្រុមហ៊ុនធ្វើផ្លូវក្រាលកៅស៊ូតាមការសន្យានិងទាមទារលក្ខខណ្ឌចំនួន៤ទៀតមាន ៖
១-ស្នើឱ្យក្រុមហ៊ុនមិនត្រូវដាក់រំសេវបំផ្ទុះយកថ្មឱ្យលាន់ខ្លាំងៗរំខានដល់ពួកគាត់រស់នៅ ។
២-សូមឱ្យក្រុមហ៊ុនធ្វើការតែពេលថ្ងៃបានហើយ កុំធ្វើការពេលយប់ព្រោះរំខានដល់ដំណេករបស់ពួកគាត់ ។
៣-ស្នើដល់ក្រុមហ៊ុនរៀបចំប្រព័ន្ធលូបង្ហូរទឹកដែលមានជាតិគីមីចេញពីការវាយថ្ម មិនត្រូវ
បង្ហូរចូលស្រះរួមដែលពួកគាត់កំពុងប្រើប្រាស់រាល់ថ្ងៃ ។
៤-សូមឱ្យក្រុមហ៊ុនអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅក្បែរភ្នំចំបាប់នេះ មានសិទ្ធិចូលវាយថ្មយកលក់ជាលក្ខណៈគ្រួសារផង ។
សម្រាប់លក្ខខណ្ឌទាំងអស់នេះ ក្រុមប្រជាពលរដ្ឋបានព្រមានថា បើក្រុមហ៊ុនGLមិនអនុវត្តទេ ប្រជាពលរដ្ឋទាំងអស់នឹងបន្តបិទផ្លូវមិនឱ្យរថយន្តដឹកថ្មធ្វើចរាចរណ៍ជាដាច់ខាត ។
ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថា រហូតមកដល់ម៉ោង១០ព្រឹកថ្ងៃដដែល ខាងក្រុមហ៊ុនដែលមានអាជ្ញាធរស្រុក ឃុំ ធ្វើការសម្របសម្រួលនោះ ខាងក្រុមហ៊ុនបានយល់ព្រមធ្វើផ្លូវកៅស៊ូតាមការទាមទាររបស់ប្រជាពលរដ្ឋប្រវែង២.៥០០ម៉ែត្រ តែ៣ខែទៀត ទើបអនុវត្ត ឯលក្ខខណ្ឌ៤ទៀតខាងក្រុមហ៊ុននិងអាជ្ញាធរកំពុងពិភាក្សាគ្នា។
លោកឡាយ សុខា អភិបាលស្រុកបាទី បានប្រាប់កោះសន្ដិភាពតាមទូរស័ព្ទថា លោកមិនបានចូលរួមដោះស្រាយទេ បើចង់ដឹងច្បាស់សួរទៅមេឃុំត្នោត តែលោកមេឃុំមិនអាចទាក់ទងបានទេ ព្រោះទាក់ទងតាមទូរស័ព្ទមិនចូល ចំណែកខាងក្រុមហ៊ុនGLមិនអាចទាក់ទងបានទេនៅថ្ងៃនោះ ៕
ចែករំលែកព័តមាននេះ