ប្រធានាធិបតីអ៊ុយក្រែនត្រូវផ្តួលរំលំ លោកអុីយ៉ានូវីត ស្ថិតនៅក្នុងដែនដីរុស្ស៊ី ហើយចេញសេចក្តីថ្លែងការណ៍មួយ ។ ចំណែកក្រុងមូស្គូវិញបានបង្កើនសមយុទ្ធយោធា និងការល្បាតតាមអាកាស រួចពង្រឹងសន្តិសុខនៅជុំវិញមូលដ្ឋាននាវាចរណ៍របស់ខ្លួននៅតំបន់គ្រីមេអ៊ុយក្រែន ។
ក្នុងសេចក្តីប្រកាសមួយដែលបណ្តាទីភ្នាក់ងារព័ត៌មានរុស្ស៊ីទទួលបានកាលពីពាក់កណ្តាលថ្ងៃទី២៦ កុម្ភៈ លោកអុីយ៉ានូកូវីត បញ្ជាក់ថា ខ្ញុំ វិកទ័រអុីយ៉ានូកូវីត ខ្ញុំសូមថ្លែងទៅកាន់ប្រជាជនអ៊ុយក្រែន ។ ខ្ញុំនៅចាត់ទុកខ្លួនឯងថា ជាប្រធានាធិបតីស្របច្បាប់ដដែលរបស់រដ្ឋអ៊ុយក្រែន ។ សេចក្តីប្រកាសនោះបញ្ជូនមកពីកន្លែងពុំស្គាល់មួយ ប្រធានាធិបតីត្រូវផ្តួលរំលំហើយតាមរកចាប់ខ្លួននៅអ៊ុយក្រែនរូបនេះអះអាងថា លោកទទួលជាប់នូវការគំរាមកំហែងសងសឹកនានា ។ ខ្ញុំត្រូវបង្ខំចិត្តស្នើដល់អាជ្ញាធរសហព័ន្ធរុស្ស៊ីឱ្យជួយធានាដល់កិច្ចការពាររូបខ្ញុំប្រឈមមុខនឹងសកម្មភាពនានារបស់ពួកជ្រុលនិយម ។
កាលពីយប់ថ្ងៃទី២៧ កុម្ភៈ ពាក្យចចាមអារ៉ាមពីការស្នាក់នៅរបស់លោកអុីយ៉ានូកូវីតនៅរុស្ស៊ី ហាក់ដូចជាបញ្ជាក់ច្បាស់ជាមួយការប្រកាសពីការបើកធ្វើសន្និសីទសារព័ត៌មានមួយរបស់លោក នាថ្ងៃទី២៨ កុម្ភៈ នៅទីក្រុង ROSTOV-SUR-LE-DON ។
នៅតំបន់គ្រីមេ មនុស្សប្រដាប់អាវុធមួយក្រុមដណ្តើមកាន់កាប់ព្រលានយន្តហោះក្រុងសុីមហ្វេរ៉ូប៉ូល រដ្ឋធានីតំបន់នោះកាលពីយប់ថ្ងៃទី២៧ មក២៨ កុម្ភៈ បន្ទាប់ពីពួកជនប្រដាប់អាវុធស្និទ្ធរុស្ស៊ីដណ្តើមកាន់កាប់វិមានសភាតំបន់ ។
គ្រីមេជាសាធារណរដ្ឋស្វយ័តមួយ និងជាតំបន់អ៊ុយក្រែនតែមួយគត់ដែលមានជនជាតិរុស្ស៊ីភាគច្រើននោះ គឺជាទីតាំងប្រឆាំងចុងក្រោយនឹងរដ្ឋអំណាចថ្មីនៅក្រុងគៀវ ក្រោយការផ្តួលរំលំលោកអីុយ៉ានូកូវីត ប្រធានាធិបតីស្និទ្ធរុស្ស៊ីមក ។យោងតាមសាក្សីទាំងឡាយថា មនុស្សប្រមាណជា៥០នាក់ប្រដាប់ដោយអាវុធ ស្លៀកពាក់ឯកសណ្ឋានយោធា បានលើកមកដល់ព្រលានយន្តហោះតាមរថយន្តកាំមីញ៉ុង៣គ្រឿង ហើយកាន់កាប់ព្រលានយន្តហោះនោះ ។
ម្យ៉ាងវិញទៀត ទីភ្នាក់ងារព័ត៌មានរុស្ស៊ី INTERFAX រាយការណ៍ថា មនុស្សមួយក្រុមបានលើកឆ្ពោះទៅកាន់ព្រលានយន្តហោះ ដោយមួយចំនួនមានពាក់សញ្ញាកងទាហានម៉ារីនរុស្ស៊ី ។ កាលពីថ្ងៃទី២៧ កុម្ភៈ នៅក្រុងស៊ីមហ្វេរ៉ូប៉ូលដែរ ពួកជនប្រដាប់អាវុធដណ្តើមកាន់កាប់វិមានរដ្ឋសភាតំបន់ ដោយបង្ហូតទង់ជាតិរុស្ស៊ីពីលើអគារ។ បន្ទាប់ពីនោះបន្តិចមក ប្រធានាធិបតីស្តីទីអុ៊យក្រែនលោកអូឡេកសាន់ឌ័រ តួកជីណូវ បានចេញការព្រមានមួយចំពោះរុស្ស៊ី ។ លោកថា លោកបានអំពាវនាវដល់ទីបញ្ជាការយោធានៃកងនាវាចរណ៍សមុទ្រខាងជើងរបស់រុស្ស៊ី កុំឱ្យធ្វើចលនាហួសពីព្រំដែនកម្រិតនៃមូលដ្ឋានរបស់ខ្លួន ដែលបើមានចលនាបែបនោះនឹងត្រូវចាត់ទុកថា ជាការឈ្លានពានខាងយោធាមួយ។
ទោះបីជាស្ថិតក្នុងការឡោមព័ទ្ធសភាតំបន់គ្រីមេនៅតែអាចបើកកិច្ចប្រជុំមួយនៅខាងក្នុងអគារ ហើយបានអនុម័តលើការរៀបចំបោះប្រជាមតិមួយទាក់ទិនដល់អធិបតេយ្យភាពរបស់គ្រីមេនាថ្ងៃទី២៥ ឧសភា ជាថ្ងៃកំណត់ការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែនជ្រើសរើសប្រមុខរដ្ឋថ្មី ។ ចំណែកមនុស្សជាច្រើនរយនាក់បាននាំគ្នាធ្វើបាតុកម្មនៅមុខសភាគ្រីមេ ដោយនាំគ្នាស្រែកពាក្យថា «រុស្ស៊ី ! រុស្ស៊ី !» ។ បាតុករទាំងនោះទាមទារសេរីភាពដោយពួកគេចង់ឱ្យមានការបោះប្រជាមតិមួយស្តីពីអនាគតតំបន់គ្រីមេនោះ។
វិមានរដ្ឋាភិបាលគ្រីមេស្ថិតនៅចម្ងាយប្រមាណជាប៉ុន្មានរយម៉ែត្រពីសភា ក៏ត្រូវបានជនប្រដាប់អាវុធមួយក្រុមលុកចូលហើយទម្លាក់ទង់ជាតិអ៊ុយក្រែនចេញដែរ ។
នារីបាតុករម្នាក់និយាយថា យើងចង់បានការបោះប្រជាមតិមួយ ព្រោះយើងចង់បានសេរីភាព ពុំមែនស្ថិតនៅក្រោមរដ្ឋអំណាចរបស់ពួកជាតិនិយមភាគខាងលិចអ៊ុយក្រែនឡើយ ។ប្រឈមមុខនឹងសភាពការណ៍តានតឹងនៅអ៊ុយក្រែន ពិសេសនៅតំបន់គ្រីមេ ប្រទេសប៉ូឡូញ និងអង់គ្លេស កាលពីថ្ងៃទី២៧ កុម្ភៈ បានសម្តែងការព្រួយបារម្ភ ចំណែកសហរដ្ឋអាមេរិក និងអូតង់ស្នើដល់ក្រុងមូស្គូឱ្យចៀសវាងការធ្វើអន្តរាគមន៍យោធាមួយ ។ ក៏បុ៉ន្តែរុស្ស៊ីអះអាងថា ខ្លួនគោរពបណ្តាកិច្ចព្រមព្រៀងដែលចុះហត្ថលេខាជាមួយអ៊ុយក្រែន ស្តីពីកងនាវាចរណ៍សមុទ្រខាងជើងរបស់រុស្ស៊ី ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកស័រហ្គេយឡាដរ៉ូវ គូសបញ្ជាក់ថា ក្នុងសភាពការណ៍លំបាកបច្ចុប្បន្ន កងនាវាចរណ៍សមុទ្រខាងជើងរុស្ស៊ីអនុវត្តដោយម៉ត់ចត់បណ្តាកិច្ចព្រមព្រៀងទាំងនោះ ៕
ចែករំលែកព័តមាននេះ