ពលរដ្ឋ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ខ្សែភ្លើង​ធ្លាក់​រាយ​រប៉ាយ​រយីងរយោង​នៅ​ក្រុង​ស្វាយ​រៀង


ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ភូមិ​អក​នាគ​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង មានការ​ព្រួយបារម្ភ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​គ្រួសារ មូលហេតុ​មាន​ខ្សែភ្លើង​ត​ធ្លាក់​រយីងរយោង កន្លែង​ខ្លះ​ធ្លាក់​ដល់​ដី ធ្លាក់​កាត់​ផ្លូវ​មុខ​ផ្ទះ និង​ប៉ះ​លើដំបូល​ផ្ទះ​ម្យា​ង​ខ្សែភ្លើង​ទាំងនោះ​ចាស់​ៗ​ហើយ​តូច​ទៀត​អាច​ឆ្លង​ចរន្ត​ទុ​ស្សេ​ខ្សែភ្លើង បណ្តាល​ឲ្យ​ឆេះ​ផ្ទះ ឬ​ឆក់​កូនចៅ​របស់​ពួក​គាត់ គ្រោះថ្នាក់​ដល់​អាយុជីវិត ។ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២០ សីហា​នេះ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត ជា​ពិសេស​លោក​ប្រធាន​អគ្គិសនី​កម្ពុជា​ខេត្តស្វាយរៀង មេត្តា​ចុះ​ទៅ​ពិនិត្យ និង​ដោះស្រាយ​រៀបចំ​លើក​ខ្សែភ្លើង​ឲ្យ​បាន​ត្រឹមត្រូវ តាម​ស្តង់ដា​បច្ចេកទេស​ចៀសវាង​ទុ​ស្សេ​គ្រោះថ្នាក់​ជាយថាហេតុ ។

បើ​តាម​ស្ត្រី​ម្នាក់​ឈ្មោះ សុខ ប៊ុ​ន អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​អក​នាគ​បាន​ឲ្យ​ដឹង​ថា ខ្សែភ្លើង​ដែល​ធ្លាក់​រាយ​ប៉ាយ​នេះ ជា​ខ្សែភ្លើង​របស់​ប្រជាពលរដ្ឋ​ត​ចេញពី​កាប៊ី​ន​ភ្លើង​របស់​ក្រុមហ៊ុន​ម៉ៅ​ការ ទៅ​តាម​ផ្ទះ គិត​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ដាក់​តាម​បង្គោល​ឈើ ក្រោយមក​ក៏​ដាក់​តាម​បង្គោល​ភ្លើង​រដ្ឋ ហើយ​បាន​ធ្លាក់​រយីងរយោង​រាយ​ប៉ាយ​ដល់​ដី​កាត់​ផ្លូវ​មុខ​ផ្ទះ និង​កន្លែង​ខ្លះ​ដាក់​ផ្ទាល់​លើដំបូល​ផ្ទះ​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ គ្មាន​ស្ថាប័ន​ណា​អើពើ​ដោះស្រាយ​ទេ ហើយ​រដូវវស្សា​នេះ​មាន​ភ្លៀង​ខ្យល់​ខ្លាំង​ខ្លាច​តែ​ដាច់​ខ្សែភ្លើង ឬ​ឆ្លង​ចរន្ត​ទុ​ស្សេ​ឆេះ​ផ្ទះ និង​ឆក់​មនុស្ស​ស្លាប់​ទេ ។

ទាក់ទិន​ករណី​នេះ​ដែរ លោក​កឹង ធួ​ក អនុប្រធាន​អគ្គិសនី​កម្ពុជា ខេត្តស្វាយរៀង​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា ខ្សែភ្លើង​ធ្លាក់​រយីងរយោង​ទាំងនោះ គឺជា​ខ្សែភ្លើង​របស់​ប្រជាពលរដ្ឋ​គាត់​ត​អូស​ទៅ​ផ្ទះ​របស់​ពួក​គាត់ ដោយ​ពី​មុន​ពួក​គាត់​ត តាម​រយៈ​ជា​សហគមន៍ ហើយ​ពួក​គាត់​គ្រប់គ្រង​ថែរក្សា​ខ្លួនឯង ហើយ​បច្ចុប្បន្ន​នេះ​ខាង​អគ្គិសនី​បាន​ដាំ​បង្គោល​ថ្ម រួច​ហើយ​អូស​ខ្សែ​និង​ដាក់​ត្រង់​ហ្វ៉ូ​រួច​ហើយ​ដែរ នៅ​ចាំ​ឲ្យ​ប្រជាពលរដ្ឋ​គាត់​ទិញ​ខ្សែ​ថ្មី និង​ត​ចេញពី​ត្រង់​ហ្វូ អូស​ទៅ​តាម​ផ្ទះ​របស់​ពួក​គាត់​នោះ​លែង​រយីងរយោង​ទៀត​ហើយ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ទាន់​មក​ទំនាក់ទំនង​ប្តូរ​ខ្សែ​ថ្មី​ទើប នៅ​មាន​ភាពរ​ញេ​រ​ញ៉ៃ​បែប​នេះ ។

ទោះបីជា​យ៉ាងណា ប្រជាពលរដ្ឋ​បាន​សំណូមពរ​ទទូច​សូម​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​រៀបចំ​ត​ប្រព័ន្ធ​ខ្សែភ្លើង​ឲ្យ​ពួក​គាត់​នៅ​ពេល​ឆាប់​ៗ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ