ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូ​ថេប គំរា​ម​ក្រុម​អាវ​ក្រហម​ថា​ បើ​ហ៊ាន​លើក​ចូល​ក្រុង​ពួក​គេ​នឹង​បង្ក្រាប​​ខណៈ​ពេល​កសិ​ករ​ស្រី​អាយុ​ធ្យា​ដុត​រូប​ទី​ង​មោង​បុរស​នោះ​

11 ឆ្នាំ មុន

លោក​ ស៊ូថេប​ ធឿក​ស៊ូ​បាន់ មេ​ដឹក​នាំ​ក្រុម​អ្នក​ត​វា៉​ប្រឆាំង​នាយក​រដ្ឋ​មន្ត្រី​ថៃ​ បាន​គំរាម​ក្រុម​អាវ​ក្រហម​ថា ប្រសិន​បើ​ពួក​គេ​នាំ​គ្នា​ចូល​ក្រុង​បាង​កក​នោះ​ ពួក​យើង​នឹង​បង្ក្រាប​ពួក​គេ​ក្នុង​នាម​ជា​ពួក​អ្នក​ក្បត់​ជាតិ​ ។ ការ​គំរាម​ខាង​លើ​កើត​ឡើង​បន្ទាប់​ពី​ក្រុម​អាវ​ក្រហម​ប្រកាស​ថា​ នឹង​កាន់​អាវុធ​ប្រមូល​កម្លាំង​ទៅ​ធ្វើ​សង្គ្រាម​នៅ​កណ្តាល​ក្រុង​បាង​កក​ ជាមួយ​​ពួក​បាតុ​ករ​របស់​លោក​ ស៊ូ​ថេប និង​មាន​

លោក​ ស៊ូថេប​ ធឿក​ស៊ូ​បាន់ មេ​ដឹក​នាំ​ក្រុម​អ្នក​ត​វា៉​ប្រឆាំង​នាយក​រដ្ឋ​មន្ត្រី​ថៃ​ បាន​គំរាម​ក្រុម​អាវ​ក្រហម​ថា ប្រសិន​បើ​ពួក​គេ​នាំ​គ្នា​ចូល​ក្រុង​បាង​កក​នោះ​ ពួក​យើង​នឹង​បង្ក្រាប​ពួក​គេ​ក្នុង​នាម​ជា​ពួក​អ្នក​ក្បត់​ជាតិ​ ។ ការ​គំរាម​ខាង​លើ​កើត​ឡើង​បន្ទាប់​ពី​ក្រុម​អាវ​ក្រហម​ប្រកាស​ថា​ នឹង​កាន់​អាវុធ​ប្រមូល​កម្លាំង​ទៅ​ធ្វើ​សង្គ្រាម​នៅ​កណ្តាល​ក្រុង​បាង​កក​ ជាមួយ​​ពួក​បាតុ​ករ​របស់​លោក​ ស៊ូ​ថេប និង​មាន​គម្រោង​បែង​ចែក​ប្រទេស​ ។

កា​សែត​ថៃ​កាល​ពី​ថ្ងៃ​ទី​២៨​ កុម្ភៈ ផ្សាយ​ដោយ​យោង​តាម​សម្តី​របស់​លោក​ ស៊ូ​ថេប នៅ​ឯ​វេទិ​កា​ពួក​បាតុ​ករ «បា៉​ធុម​វា៉ន់​» ថា «ប្រសិន​បើ​ក្រុម​អាវ​ក្រហម​នាំ​កម្លាំង​ប្រដាប់​​អាវុធ​ចូល​ក្រុង​បាង​កក​នោះ​ ពួក​គេ​នឹង​ទទួល​ការ​បង្ក្រាប​ជាក់​ជា​មិន​ខាន ព្រោះ​ពួក​គេ​ប្រកាស​ថា​ នឹង​ពុះ​ចែក​ប្រទេស​ដែល​ចាត់​ទុក​ជា​អំពើ​ក្បត់​នឹង​រដ្ឋ​ធម្ម​នុញ្ញ​ ។ ពួក​យើង​ត្រូវ​រង់​ចាំ​ពិនិត្យ​មើល​ថា តើ​ពួក​គេ​មាន​ប៉ុន្មាន​នាក់។

កាសែត​ខាង​លើ​បន្ត​ទៀត​ថា កាល​​ពី​វេលា​រំលង​អធ្រាត្រ​ ថ្ងៃ​ទី​២៨ កុម្ភៈ មាន​ជន​មិន​ស្គាល់​មុខ​បាន​គប់​គ្រាប់​បែក​ចូល​ផ្ទះ​របស់​លោក​ ណាត់​ថា​ពុល​ ធីប​សុវណ្ណ ប៉ុន្តែ​សំណាង​ល្អ​ដែល​គ្រាប់​មិន​ផ្ទុះ​ និង​គ្មាន​នរ​ណា​ម្នាក់​រង​របួស​ ។ លោក​ ណាត់​ថា​ពុល​ ធីប​សុវណ្ណ​ ជា​អតីត​តំណាង​រាស្ត្រ​ក្នុង​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ និង​ជា​មេ​ដឹក​នាំ​ក្រុម​អ្នក​តវា៉​ម្នាក់​ រួច​ហេតុ​​ការណ៍​នេះ​កំពុង​ស្ថិត​ក្រោម​ការ​សើុប​អង្កេត​របស់​ប៉ូលិស​ ។

ការ​ធ្វើ​បាតុ​កម្ម​បណ្តេញ​លោក​ស្រី​ យីង​ឡាក់​ សីុ​ណា​វា៉​ត្រា នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ថៃ​ ដែល​បាន​អូស​បន្លាយ​ពេល​ដ៏​យូរ​របស់​ក្រុម​អ្នក​ត​វា៉​ដឹក​នាំ​ដោយ​លោក​ ស៊ូ​ថេប ធឿក​ស៊ូ​បាន់ នោះ​ បាន​បង្ក​ឱ្យ​ស្ថាន​​ការណ៍​នយោ​បាយ​ថៃ​ មាន​ភាព​រង្គោះ​រង្គើរ និង​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​ប្រទេស​ធ្លាក់​ចុះ​ ។ លើស​ពី​នេះ​ទៀត​ក៏​បង្ក​អសន្តិ​សុខ​នៅ​ក្នុង​ទី​ក្រុង​ និង​មាន​ហេតុ​ការណ៍​ផ្ទុះ​ញឹក​ញាប់​ ដែល​អាច​នាំ​ប្រទេស​ទៅ​រក​ភាព​​កល​យុគ​ រួម​ទាំង​បង្កើត​ការ​មិន​ពេញ​ចិត្ត​ដល់​ប្រជា​ពល​រដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ ។

ចំណែក​លោក​ ស៊ុម​ឆៃ ត្រៃ​ថា​វ៉ន មេ​ដឹក​នាំ​ក្រុម​កសិ​ករ​ក្នុង​ស្រុក​បាង​ត្រៃ​ បាន​នាំ​ក្បួន​ក្រុម​កសិ​ករ​ចំនួន​១៦​ស្រុក​ មាន​ប្រហែល​៥០០​នាក់ ធ្វើ​ដំណើរ​ទៅ​ខាង​មុខ​សាលា​ខេត្ត​ព្រះ​នគរ​ស្រី​អា​យុ​ធ្យា ដើម្បី​ផ្តល់​កម្លាំង​ចិត្ត​ដល់​រដ្ឋា​ភិបាល​លោក​ស្រី​ យីង​ឡាក់ និង​បាន​អំពាវ​នាវ​ឱ្យ​ក្រុម​បាតុ​ករ​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​ ត្រូវ​បញ្ឈប់​ការ​ធ្វើ​សកម្ម​ភាព​ និង​ផ្តល់​ភាព​ស្ងប់​ស្ងាត់​នៅ​ក្នុង​ប្រទេស ។ លើស​ពី​នេះ​ក្រុម​កសិ​ករ​ខាង​លើ​ក៏​បាន​យក​រូប​ទីង​មោង​របស់​លោក​ សូ៊​ថេប​ ទៅ​ដុត​នៅ​មុខ​សាលា​ខេត្ត​ ជា​និម្មិត​រូប​នៃ​ការ​អំពាវ​នាវ​ ធ្វើ​ឱ្យ​មាន​ភាព​ស្ងប់​ស្ងាត់​ក្នុង​ប្រទេស​វិញដែរ​ ៕