ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា លើករណីស្លាប់មួយគ្រួសារនេះ បើយោងប្រភពពីអ្នកជិតខាងក៏បានបង្ហើបថា នៅផ្ទះកើតហេតុនេះ អត់ឃើញបើកទ្វារតាំងពីព្រឹកមកម្ល៉េះ ប៉ុន្តែគេពុំបានចាប់ អារម្មណ៍ថា កើតមានរឿងអ្វីនៅក្នុងផ្ទះនេះឡើយ ។ ហើយការស្លាប់មួយគ្រួសារពុំមានប្រភពណាមួយ
អាចបញ្ជាក់ថា បណ្តាលមកពីអ្វីនោះទេ តែសមត្ថកិច្ចជំនាញក៏កំពុងធ្វើស្រាវជ្រាវរកមូលហេតុយ៉ាងបន្ទាន់ហើយ ។
សូមបញ្ជាក់ថា រឿងសោកសង្រេងនេះ កើតលើគ្រួសារមួយមានគ្នា៣នាក់ត្រូវស្លាប់ទាំងអស់ ក្នុងមានប្ដី ប្រពន្ធ និងកូនស្រី ដែលបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨យប់ថ្ងៃទី២០ សីហា ស្ថិតត្រង់ចំណុចក្រោយផ្សារពាណិជ្ជកម្ម ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។
ទាក់ទិនទៅនឹងសាច់ញាត្តិរបស់គ្រួសារជនរងគ្រោះ (ជាប្អូនស្រីខាងប្រពន្ធ)បានអោយដឹងថា នៅមុនកើតហេតុ គាត់ទូរស័ព្ទមកបងស្រីក្នុងបំណងបបួលទៅហូបអាហារនៅខាងក្រៅ ប៉ុន្តែនៅពេលដែលគាត់ ខលមករកបងស្រីជាច្រើនលើកច្រើនសារមិនចូល ក៏សម្រេចចិត្តមកហៅដល់ផ្ទះ បែរជាគ្មានការឆ្លើយតប ។
េលនោះ គាត់បារម្ភក៏បានមករកអ្នកជិតខាង និងប្តឹងសមត្ថកិច្ចឱ្យជួយគាស់ទ្វារ ដើម្បីចូលទៅមើលតើមានរឿងអ្វី ។ លុះពេលបើកទ្វារបានរួច ក៏ប្រទះឃើញដ៏រន្ធត់ជាពន់ពេក ដោយឃើញបងថ្លៃ និងក្មួយបានដេកស្លាប់ទៅហើយ ឯបងស្រីនៅមានដង្ហើម ទើបកម្លាំងសមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ប៉ុន្តែជាអកុសលគាត់ត្រូវបានស្លាប់នៅមន្ទីរពេទ្យ ។ ប្រភពពីសាច់ញាតិបន្តថា ជនរងគ្រោះទាំង៣ ឪពុកមានឈ្មោះលី ខេង ភេទប្រុស អាយុ៤៣ឆ្នាំមុខរបរ ម៉ៅការ(ស្លាប់) , កូនស្រីឈ្មោះ លី ស៊ីវឈីង អាយុ១២ឆ្នាំ ជាសិស្ស (ស្លាប់) និងម្តាយឈ្មោះ ម៉ីង ចាន់ផល អាយុ៤១ឆ្នាំ ជាជាងអ៊ុតសក់ ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ