មនុស្សជាច្រើនចូលចិត្តការសន្សំសំចៃលុយ ប៉ុន្តែសម្រាប់មហាសេដ្ឋី Ramit Sethi វិញ លោកប្រាប់មកថា មានកត្តាខ្លះក្នុងជីវិតដែលអ្នកត្រូវតែចាយវាយច្រើនលើវា ហើយក្នុងនោះរួមមានពិធីរៀបអាពាហ៍ពិពាហ៍របស់អ្នកជាដើម ។
លោក Sethi ដែលជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាអ្នកនិពន្ធសៀរភៅ I Will Teach You to be Rich បានប្រាប់ដល់ CNBC Make It ថា «ដំបូន្មានរបស់ខ្ញុំសម្រាប់អ្នក គឺទទួលស្គាល់វា រៀបចំសម្រាប់វា និងកុំកុហកខ្លួនឯងឲ្យគិតថាអ្នកនឹងចំណាយតែ ១៦ដុល្លារលើថ្ងៃរៀបអាពាហ៍ពិពាហ៍របស់អ្នក» ។ ផ្ទុយមកវិញ អ្នកគួរតែចាប់ផ្តើមសន្សំលុយចាប់ពីពេលនេះទៅ ។ ប្រសិនបើអ្នកគិតពីអាយុដែលមនុស្សភាគច្រើនតែងតែរៀបអាពាហ៍ពិពាហ៍ជាមួយនឹងប្រាក់ចំណូល និងសមត្ថភាពក្នុងការសន្សំលុយរបស់អ្នកនោះ អ្នកអាចនឹងគិតចេញពីចំនួនលុយដែលអ្នកត្រូវសន្សំ ដើម្បីពិធីរៀបការក្នុងក្តីស្រម៉ៃរបស់អ្នកហើយ ។
លោក Sethi បានបន្តទៀតថា អ្នកមិនគួររង់ចាំរហូតដល់អ្នកភ្ជាប់ពាក្យ ឬមានគូស្នេហ៍ទេ ។ លោក Sethi ដែលមានអាយុ ៣៦ ឆ្នាំ បានរៀបអាពាហ៍ពិពាហ៍នៅខែកក្កដាឆ្នាំមុន ប៉ុន្តែលោកបានរៀបចំសន្សំលុយតាំងពីពេលលោកអាយុ ២៤ ឆ្នាំមកម្ល៉េះ ។
មុនពេលលោកគិតថា លោកត្រៀមខ្លួនរួចសម្រាប់អាពាហ៍ពិពាហ៍ លោកបាននិយាយថាលោកដឹងច្បាស់ពីកត្តាពីរយ៉ាង ។ ទីមួយ គឺលោកនឹងរៀបការនៅថ្ងៃណាមួយ ហើយទីពីរ គឺថ្លៃក្នុងការរៀបចំពិធីនឹងច្រើនជាង ៣ម៉ឺនដុល្លារ ព្រោះលោកជាជនជាតិឥណ្ឌា ។ ដោយហេតុដូចនេះ លោកបានចាប់ផ្តើមទុកលុយជារៀងរាល់ខែចូលក្នុងគណនីសន្សំមួយសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍របស់លោកនៅថ្ងៃអនាគត ។
យ៉ាងណាក្តី លោក Sethi បានកត់សម្គាល់ថា អ្វីដែលសំខាន់គឺភាគីទាំងពីរ គួរតែអង្គុយចុះនិងរៀបចំគម្រោងការសម្រាប់ការចាយវាយដែលអ្នកទាំងពីរពេញចិត្ត ខណៈដែលគិតគូពិចារណាលើកត្តាផ្សេងៗដែលសំខាន់សម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នកផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ