រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចេញផ្សាយថ្ងៃទី២៦ កុម្ភៈ ឱ្យដឹងថា ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមនឹងរៀបចំពិព័រណ៍ “AIM 2014” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ទី១០ មេសា ២០១៤ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៃទីក្រុងឌូបៃ ។ ពិព័រណ៍“AIM 2014” នឹងត្រូវរៀបចំឡើងដោយមានការចូលរួមពីបណ្តាក្រុមហ៊ុនវិនិយោគធំៗជាច្រើននៅលើពិភពលោក ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមជូនដំណឹងដល់បណ្តាពាណិជ្ជករ អាជីវករ ជាម្ចាស់ក្រុមហ៊ុនវិនិយោគ និងរោងចក្រ សហគ្រាស ទាំងអស់ថា បើលោកអ្នកមានបំណងចូលរួមផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬផលិតផលសក្តានុពលរបស់ខ្លួន និងស្វែងរកដៃគូសម្រាប់កិច្ចការពាណិជ្ជកម្ម ឬវិនិយោគ សូមអញ្ជើញចូលរួមក្នុងការតាំងពិព័រណ៍នេះកុំបីខាន ។
ចំពោះព័ត៌មានលម្អិតផ្សេងៗ ទាក់ទងដល់ការចូលរួមពិព័រណ៍ខាងលើ សូមទាក់ទងមកនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម អាសយដ្ឋាន ជាន់ទីពីរនៃអគារទីស្តីការក្រសួងពាណិជ្ជកម្មដីឡូត៍លេខ១៩-៦១ វិថីក្រសួងពាណិជ្ជកម្ម (១១៣បេ) ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទូរស័ព្ទលេខ ០១២ ៩៦២ ២៩៦/០៩៨ ៣៣២ ២៣៣/០៧៧ ៣៣២ ២៣៣ និងអុីម៉េល ៖ dyna_dorn@yahoo.com ឬ vitholt@yahoo.com ឱ្យបានមុនថ្ងៃទី១០ មីនា ២០១៤ ៕
ចែករំលែកព័តមាននេះ