ប្រភពព័ត៌មានមន្ទីរពេទ្យ និងប៉ូលិសរាយការណ៍ថា ការវាយប្រហារភេរវកម្មនានាដោយគ្រឿងផ្ទុះ និងការបាញ់ប្រហារបណ្តាលឱ្យមនុស្ស៥២នាក់ស្លាប់កាលពីថ្ងៃទី២៧ កុម្ភៈ នៅអុីរ៉ាក់ ដោយការវាយប្រហារភាគច្រើន គឺនៅរដ្ឋធានីបាដាដ ។ ការផ្ទុះម៉ូតូដឹកគ្រឿងផ្ទុះមួយសម្លាប់មនុស្សយ៉ាងតិច៣១នាក់ ហើយមនុស្ស៥១នាក់ទៀតត្រូវរបួសនៅសង្កាត់ SADR CITY ជាសង្កាត់ស៊ីអុីតធំមួយនៃក្រុងបាដាដ ។ ម៉ូតូនោះត្រូវបានគេយកមកដាក់ក្នុងផ្សារលក់កង់ជជុះមួយ ហើយមានមនុស្សច្រើនកុះករពេលមានការផ្ទុះ ។ ចំណែកគ្រាប់បែកដែលផ្ទុះក្នុងរថយន្តបឺសធុនតូចនានាបណ្តាលឱ្យមនុស្សស្លាប់៤នាក់ក្នុងបណ្តាសង្កាត់ពួកស៊ីអុីតនៃក្រុងបាដាដ ។
នៅភាគខាងជើងក្រុងបាដាដ ជនអត្តឃាតម្នាក់បានធ្វើឱ្យរថយន្តផ្ទុកគ្រឿងផ្ទុះរបស់គេផ្ទុះត្រង់បារ៉ាស់យោធាមួយនៅសង្កាត់មានពួកស៊ុននីតភាគច្រើន គឺសង្កាត់មួចាអាដា ។ ទាហាន៣នាក់បានត្រូវស្លាប់ ហើយ៦នាក់ទៀតត្រូវរបួស។ នៅខេត្តសាឡាហ៊ូដឌីន គ្រាប់បែកមួយវាយប្រហារសំដៅលើចំណុចត្រួតពិនិត្យមួយរបស់ពួកជីវពលស៊ុននីតស្និទ្ធរដ្ឋាភិបាលនៅទីក្រុង CHIRKAT សម្លាប់មនុស្ស២នាក់ និងធ្វើឱ្យរបួស៤នាក់ ។ នៅ TOUZ KHOURMATOU ភាគខាងជើងប្រទេស គ្រាប់បែក១គ្រាប់សម្លាប់មនុស្ស២នាក់ និងធ្វើឱ្យរបួស១១នាក់ក្នុងផ្សារមួយដែលពួកស៊ីអុីតនិយមចូល ។
នៅហាឌីថា ខេត្តអានបា ជនអត្តឃាតម្នាក់បានបើករថយន្តផ្ទុកគ្រឿងផ្ទុះរបស់គេប្រឆាំងផ្ទះរបស់ប្រមុខកុលសម្ព័ន្ធស្និទ្ធរដ្ឋាភិបាលមួយសម្លាប់ប្រមុខកុលសម្ព័ន្ធនោះ ព្រមទាំងមនុស្ស៦នាក់ទៀត ។ ការវាយប្រហារនោះក៏បណ្តាលឱ្យមនុស្ស២២នាក់ត្រូវរបួសផងដែរ។នៅខេត្តឌីយ៉ាឡា សមាជិក៣នាក់នៃគ្រួសារស៊ុននីតមួយត្រូវបាញ់សម្លាប់នៅទីក្រុងខាល់លីស ៕
ចែករំលែកព័តមាននេះ