ខេត្តកណ្តាល ៖ បុរសម្នាក់បើកម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយរថយន្តដឹកឈើមួយគ្រឿងចតទុកចោលតាមចិញ្ចើមផ្លូវ បណ្តាលឱ្យអ្នកបើកបរម៉ូតូបោកផ្ទប់ទៅនឹងផ្លូវបែកក្បាលស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចច្រកចូលផ្ទះសំណាក់ឡាលីន លើផ្លូវ២០៦ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ភឹម វិឆៃ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល ១V-០៣៦៨ ។ ចំណែកភាគីខាងរថយន្តមួយគ្រឿងដែលត្រូវគេចតទុកចោលម៉ាកអេស៊ាន ហ្គ្រេនតូ (ASIA GRANTO) ពណ៌ខៀវ ពាក់ផ្លាកលេខ កំពត ៣A-០៣៩៧ អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

លោកវរសេនីយ៍ ភឿង វ៉ាត អធិការរងទទួលផែនសណ្តាប់ធ្នាប់និងចរាចរណ៌ក្រុងតាខ្មៅ បានប្រាប់អោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៌ខាងលើនេះបង្កឡើងដោយរថយន្តមួយគ្រឿង ចតលើផ្លូវផ្នែកខាងឆ្វេងក្នុងទិសដៅពីត្បូងទៅជើង ដោយកង់ខាងឆ្វេងនៅលើចិញ្ចើមផ្លូវ ចំណែកកង់ខាងស្ដាំនៅលើផ្លូវ (ដោយមានដាក់តុពីក្រោយរថយន្តជាសញ្ញា) ។

តាមប្រភពដដែលបានបន្តថា លុះដល់វេលាកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងបើកបរក្នុងទិសដៅពីត្បូងទៅជើងបានមកបុកពីក្រោយរថយន្តយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូបោកផ្ទប់នឹងផ្លូវបែកក្បាលស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)






ចែករំលែកព័តមាននេះ