សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបន្តទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែលបានចប់អណត្តិជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅក្នុងប្រទេសកម្ពុជា ។ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ សីហា នៅវិមានសន្តិភាព។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបដែលចាប់អាណត្តិបានលើកឡើងពីការងារ និងសមិទ្ធផលសំខាន់ៗរបស់លោកនៅក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ដែលលោកបានបំពេញការងារជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅកម្ពុជា ។ លោក George Edgar ធ្លាប់ធ្វើជាឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដូច្នេះសរុបមករយៈពេល៧ឆ្នាំមកហើយ ។
លោកបានបញ្ជាក់ពីការរីកចម្រើនយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា ហើយនៅក្នុងនេះដែរលោក បានបញ្ជាក់អំពីការងារសំខាន់ៗដែល EU បានជំរុញ ជាពិសេសលើវិស័យកសិកម្មដែលជាអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជា ហើយ EU និងប្រកាសជួយដល់កម្ពុជានៅថ្ងៃពុធខាងមុខនេះ នូវទឹកប្រាក់ជាង១០០លានដុល្លារសម្រាប់វិស័យជលផល ។ លើសពីនេះទៀតលោកក៏បានគូសបញ្ជាក់ដែរអំពីការជួយទៅដល់វិស័យបម្រែបម្រួលអាកាសធាតុដែលប្រទេសកម្ពុជាយើងជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ដែលងាយរងគ្រោះដោយបម្រែ បម្រួលអាកាសធាតុដែលនេះក៏ជាបញ្ហាពិភពលោកផងដែរ ។ មិនតែប៉ុណ្ណោះ EU នឹងបន្តជួយលើវិស័យព្រៃឈើ ដែលបច្ចុប្បន្នជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឆាំងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ។
នៅក្នុងនេះដែរលោកក៏អបអរសាទរលើលទ្ធផលការងារក្នុងវិស័យទាំង២នេះ គឺវិស័យជលផល និងព្រៃឈើនេះ ។ មួយវិញទៀត EU ក៏បានធ្វើវិភាគទានដ៏ថ្លៃថ្លាទៅដល់តុលាការខ្មែរក្រហមដែលជាតុលាការកូនកាត់ឱ្យមានភាពជោគជ័យកន្លងមកផងដែរ ។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានស្វាគមន៍ដែលវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានលុបចោលនូវឡូនេសាទ ហើយផ្ដល់ឲ្យសហគមន៍ប្រជាពលរដ្ឋ ដើម្បីជាផលប្រយោជន៍របស់ប្រជាជនតែម្ដង កាលពីឆ្នាំ២០១២ ហើយ EU បានជួយទៅដល់វិស័យមួយនេះដែលនឹងជួយដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ ។ សម្តេចក៏មានប្រសាសន៍មួយចំនួនពាក់ព័ន្ធនឹងដំណើរការរបស់តុលាការខ្មែរក្រហម ដែលនឹងមកដល់ទីបញ្ចប់នៅពេលខាងមុខនេះ ហើយសម្តេចក៏បានអរគុណចំពោះ EU ដែលបានជួយវិភាគទាន ក្នុងការស្វែងរកយុត្តិធម៌ចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសមិនត្រឹមតែប្រជាពលរដ្ឋដែលបាត់បង់អាយុជីវិតប៉ុណ្ណោះទេ ថែមទាំងជួយដល់ប្រជាពលរដ្ឋរងគ្រោះដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍នោះថែមទៀតផង ។
ចែករំលែកព័តមាននេះ