សុខ​និង​ទុក្ខ​គឺ​ស្ថិត​នៅ​តែ​ក្នុង​ចិត្ត​យើង


មាន​មនុស្ស​ច្រើន​ណាស់​ដែល​ព្រោះតែ​ចង់បាន​អារម្មណ៍​ស្រស់ស្រាយ ចង់​រីករាយ សប្បាយចិត្ត​ក៏​ដើរ​លំហែកាយ​នៅ​តាម​តំបន់​រមណីយដ្ឋាន​ផ្សេង​ៗ​មាន នៅ​តាម​ឆ្នេរសមុទ្រ តាម​ព្រៃ​ភ្នំ តាម​ទឹកឈូ​ជាដើម ក្នុង​ក្តី​បំណង​ឲ្យ​ខ្លួន​បាន​សប្បាយ ត្រជាក់ចិត្ត​រួច​ផុត​អំពី​គំនរ​ភ្លើង គឺ​សេចក្តី​ទុក្ខសោក គ្រោះ​វិបត្តិ​នានា តែ​គេ​មិនដឹង​ថា សេចក្តីសុខ​ពិតប្រាកដ​គឺ​ស្ថិត​នៅ​ក្នុង​ខ្លួនឯង​ឯណេះ​វិញ​ទេ ។

តាម​ពិត​ទៅ​ការ​ដើរ​លំហែ​ទាំង​អស់នេះ​មិន​អាច​ឱ្យ​យើង​បាន​ធូរស្រាល ស្រាកស្រាន្ត​អំពី​សេចក្តី​ទុក្ខសោក​ទាំង ស្រុង​បាន​ឡើយ គ្រាន់តែ​អាច​បាន​ធូរស្រាល​អំពី​សេចក្តី​ទុក្ខសោក​ខ្លះ ឬ​ក៏​បាន​មួយ​ខណៈ​ប៉ុណ្ណោះ បន្ទាប់​មក​សេចក្តី​ទុក្ខ​ក៏​វិល​មក​ចូល​ជ្រៀត​វិញ​ដដែល ប្រៀប​ដូច​ថ្នាំស្ពឹក ដែល​គេ​ចាក់​ដើម្បី​កុំ​ឲ្យ​ឈឺ​ក្នុង​រយៈពេល​ខ្លី​ត្រឹម តែ​១​ម៉ោង ឬ​២​ម៉ោង​ប៉ុណ្ណោះ រួច​ក៏​ត្រឡប់​ជា​ឈឺ​វិញ​ដដែល ។

ហេតុនេះ​ការ​ដើរ​កម្សាន្ត​នៅ​តាម​ទីកន្លែង​នានា​មិនមែន​ជា​ដំណោះស្រាយ​ធ្វើ​ឲ្យ​ធូរស្រាល​ត្រជាក់ចិត្ត​រហូត​បាន​ឡើយ មាន​តែ​ការ​ធ្វើ​ទាន​រក្សាសីល​ចម្រើនមេត្តា ភាវនា​អប់រំ​កាយ​ចិត្ត​ឱ្យ​ស្ថិត​ក្នុង​គន្លង​ព្រះធម៌​ប៉ុណ្ណោះ​ទើបបាន​សុខ​ត្រជាក់ចិត្ត​យូរអង្វែង ព្រោះ​អំពើ​ល្អ​នេះ​អាច​រំលត់​នូវ​សភាព​ក្តៅក្រហាយ​ក្នុង​ចិត្តបាន ។

បើ​និយាយ​ឱ្យ​មែនទែន​ទៅ​សេចក្តីសុខ​មិនមែន​នៅ​ឆ្ងាយ​អំពី​ចិត្ត​យើង​ទេ ឯ​សេចក្តី​ទុក្ខ​ក៏​នៅ​ក្នុង​ចិត្ត​យើង​ដែរ ដូច្នេះ​ការ​ត្រាច់​ទៅ​កាន់​ទីណា​ក៏​ដោយ ក៏​មានចិត្ត​រួម​ដំណើរ​ទៅ​ជាមួយ​ដែរ បើ​យើង​មាន​បញ្ញា​ក៏​អាច​រំលត់​នូវ​សេចក្តី​ទុក្ខ​បាន​ក្នុង​ខណៈនោះ ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ