អាជីវករ​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា​បន្ត​ធ្វើការ​តវ៉ា​បិទផ្លូវ​ប្រឆាំង​មិន​ឲ្យ​រុះរើ​ផ្សារ​សង់​ថ្មី​(​មាន​វី​ដេ​អូ​)


រាជធានី​ភ្នំពេញ ៖ ក្រុម​អាជីវករ​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា​រ​ជា​១០០​នាក់ តំណាង​ឲ្យ​ជាង​៨០០​នាក់​ដែល​លក់​តាម​កញ្ច្រែង​អត់​មាន​ស្តង់​បាន​ឈាន​ដល់​ការ​បិទ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី រយៈពេល​ប្រមាណ​ជាង​១០​នាទី បន្ត​ធ្វើការ​តវ៉ា​ប្រឆាំង​ទៅ​នឹង​ថៅកែ​ផ្សារ ដែល​នៅ​តែ​រក្សា​គោលការណ៍​ឲ្យ​ពួក​គាត់​ផ្អាក​ការ​លក់ដូរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ស្ថិត​នៅ​ទល់មុខ​សួន​កុមារ​ពោធិ៍​ចិន​តុង តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ដើម្បី​ធ្វើការ​រុះរើ​ផ្សារ​ចាស់​នេះ​ចោល​សាងសង់​ផ្សារ​ទំនើប​ថ្មី​ឡើង​វិញ កម្ពស់​៧​ជាន់ និង​ប្រើ​រយៈពេល​ជាង​២​ឆ្នាំ ក្នុង​ការ​សាងសង់​ដែល​ការ​ធ្វើ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ប្រឈម និង​ការ​លំបាក​ខាតបង់​ពេលវេលា គ្មាន​កន្លែង​សម្រាប់​លក់ដូរ ជា​ពិសេស​ប្រឈម​មុខ និង​ការ​គ្មាន​ប្រា​ង់​បង់​ធនាគារ​តែ​ម្ដង ។ ព្រោះ​ការ​រកស៊ី​សព្វថ្ងៃ​ពួក​គាត់​បាន​ខ្ចីបុល​លុយ​ពី​ធនាគារ​មក​ធ្វើ​ដើមទុន ហើយ​បង់​រំលស់​រាល់​ខែ​រាល់​ឆ្នាំ ដូច្នេះ​ថៅកែ​ត្រូវ​តែ​គិត​ពី​បញ្ហា​នេះ​ផង និង​ត្រូវ​បោះបង់​គម្រោង​រុះរើ​ផ្សារ​ចាស់​ចោល ហើយ​សាងសង់​ផ្សារ​ថ្មី​ឡើង​វិញ​អី​ទៀត​ទៅ ។

ដោយនៅ​ក្នុង ខណៈនោះ​ពួក​គាត់​បាន​កាន់​រូបថត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន និង​កាន់​បដារ​ព្រោងព្រាត ព្រមទាំង​បាន​ទទូច​សុំ​ឲ្យ​សម្ដេច​ទាំង​ទ្វេ​ជួយ​ទប់ស្កាត់​ការ​រុះ ផ្សារ​នោះ​ថែម​ទៀត​ផង ។ ខណៈនោះ​បាន​បង្ក​ឲ្យ មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​អាជ្ញាធរ​ចុះ​ទៅ​សម្របសម្រួល​ទើប​ពួក​គាត់​នាំ​គ្នា​ដកថយ​ចេញពី​ផ្លូវ​ទៅ​ឈរ​អែប​ខាង​វិញ ។

អាជីវករ​ទាំងនេះ​បាន​និយាយ​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ផ្សារ មាន​តូប​ចំនួន​៣៤១​តូប ស្តង់​ចំនួន​៣២៦​ស្តង់ និង​អ្នកលក់​ចល័ត​គ្មាន​តូប និង​ស្តង់​ចំនួន​៨០២​កន្លែង សរុប​ការ​លក់ដូរ​បូក​រួម​ទាំង​ស្តង់​តូប និង​ចល័ត​ចំនួន​១៤៦៩​កន្លែង ហើយ​ពួក​គាត់​បាន​លក់ដូរ​នៅ​ក្នុង​ផ្សារ​ស៊ី​ន​ជូ​រី​ផ្លា​ហ្សា​រ​នេះ ម្នាក់​ៗ​រយៈពេល​ជាង​១០​ឆ្នាំ និង​អ្នកខ្លះ​ទៀត​រហូត​ដល់​ទៅ​ជាង​២០​ឆ្នាំ​មក​ហើយ ។ រយៈពេល​នេះ​បាន​ដំណើរការ​លក់ដូរ​ដោយ​ភាព​សុខសាន្ត​បំផុត មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ មិនតែប៉ុណ្ណោះ​ពួក​គាត់​ក៏​តែងតែ​គោរព​តាម​គោលការណ៍​ថៅកែ​ផ្សារ​រហូត​មក​ដែរ ប៉ុន្តែ​នៅ​ពេល​នេះ​ខណៈ​កំពុង​លក់ដូរ​សុខ​ៗ ស្រាប់តែ​ខាង​ថៅកែ​ផ្សារ​ប្រកាស​ថា ឲ្យ​ពួក​គាត់​ផ្អាក​ការ​លក់ដូរ ដើ​ម្ប​ទុក​ពេល​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​រុះរើ​ផ្សារ​ចោល ដើម្បី​ធ្វើការ​សាងសង់​ថ្មី​ឡើង​វិញ ។ អ្វី​ដែល​លំបាក គឺ​ពួក​គាត់​ភាគច្រើន គឺ​អ្នកលក់​តាម​កញ្ច្រែង ក្រោម​ឆ័​ត្រ​ជុំវិញ​ផ្សារ និង​គ្មាន​លទ្ធភាព​ចូល​លក់​នៅ​ក្នុង​ផ្សារ​ទំនើប​នោះ​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ចាប់តាំងពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៩ កន្លង​ទៅ​១១​ថ្ងៃមុន​នេះ​ពួក​គាត់​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា​ប្រឆាំង និង​គោលការណ៍​ក្រុមហ៊ុន​នេះ ជា​បន្តបន្ទាប់​រហូត​មក​ហើយ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ ចំណែកឯ​ក្រុមហ៊ុន​ក៏​មិន​ព្រម​បោះបង់​ចោល​គោលការណ៍​នោះ​ទៀត ។ ទើប​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា​នេះ ពួក​គាត់​បាន​នាំ​គ្នា​បិទផ្លូវ​ក្នុង​បំណង​ព​ន្លឿ​ន​ការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​បន្តិច ព្រោះ​បើ​មិន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លះ​បែប​នេះ​ទេ គឺ​ពុំ​មានការ​អើពើ​ពី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​នោះ​ឡើយ ។ មាន​តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ពួក​គាត់​នឹង​ប្រមូលផ្ដុំ​គ្នា​ជា​ថ្មី ហើយ​លើកគ្នា​ទៅ​កាន់​មុខ​ភូមិ​គ្រឹះ​របស់​សម្ដេច​តេ​ជោ ដើម្បី​ឲ្យ​សម្ដេច​ឃើញ និង​ជ្រាប​ពី​ទុក្ខ​លំបាក​ពួក​គាត់​ដោយ​ផ្ទាល់ ។

ដោយឡែក​ខាង​ក្រុមហ៊ុន​ផ្សារ​ខាងលើ​បាន​បាន​ចេញ​គោលការណ៍​ស្ដី​ពី​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា មាន​ចំនួន​១៩​ចំណុច និង​ចែក​ចេញ​ជា​៣​ផ្នែក គឺ​ទី​១ ផ្នែក​ផ្សារ បណ្ដោះអាសន្ន​រួម​មាន​១១​ចំណុច​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ