កីឡាករ ឈុត សេរី​វ៉ា​ន់​ថន បាន​អាហារូប​ករណ៍​ស្វ័យប្រវត្តិ បើ​ជាប់​បាក់​ឌុ​ប


រាជធានី​ភ្នំពេញ ៖ ក្រោយ​បោះបង់​ជា​បេក្ខភាព​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​កាល​ឆ្នាំ​២០១៨ ដោយសារ​តែ​ហេតុផល​ជីវភាព កីឡាករ ឈុត សេរី​វ៉ា​ន់​ថន មក​ពី​ក្លិប​ប្រដាល់​រា​ហ៊ូ​ខេត្តបាត់ដំបង ត្រូវ​បាន​គេ​រុញច្រាន​ឱ្យ​ចូលរួម​ប្រឡង​សារ​ជា​ថ្មី​នៅ​ក្នុងឆ្នាំនេះ​។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ទៅ​ទៀត​នោះ គឺ​កីឡាករ​រូប​នេះ ត្រូវ​បាន​អ្នក​រៀបចំ​ការ​ប្រដាល់​មួយ​រូប​ប្រកាស​ផ្ដល់​ឱ្យ​នូវ​អាហារូបករណ៍​លើ​គ្រប់មុខ​វិជ្ជា​ដែល​ចង់​សិក្សា ដោយសារ​តែ​ចង់ឱ្យ​កីឡាករ​រូប​នេះ មានឱកាស​ទៅ​បន្ត​ការ​សិក្សា​ក្នុង​កម្រិត​មហាវិទ្យាល័យ​។

លោក ឈុត សេរី ជា​ឪពុក​បាន​អះអាង​ថា កូនប្រុស​ប្រឹងប្រែង​រៀនសូត្រ​ខ្លាំង​ណាស់ តាំងពី​មុន​ត្រៀម ប្រឡង​បាក់​ឌុ​ប រហូត​ដល់​បញ្ចប់​ការ​ប្រលង បើ​ទោះ​គ្រាន់តែ​គេ​ជា​សិស្ស​ស្វ័​យ​រិ​ន្ទ​។ លោក​ថា ឈុត សេរី​វ៉ា​ន់​ថន មិនសូវ​ទាំង​ហា៑ន​បង្ហាញខ្លួន​នៅ​លើ​សង្វៀន​ប្រកួត​នោះ​ផង ដោយសារ​តែ​ចង់​ប្រលង​ឱ្យ​ជាប់​នៅ​ក្នុងឆ្នាំនេះ​។

លោក​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ ឈុត សេរី​វ៉ា​ន់​ថន បោះបង់​ការ​ប្រឡង​បាក់​ឌុ​ប​កាលពី​ឆ្នាំ​មុន គឺ​ដោយសារ វ៉ា​ន់​ថន គ្មាន​ពេលវេលា​សិក្សា​គ្រប់គ្រាន់ ខណៈ​ដែល​ក្នុង​ពេល​នោះ​គេ​ក៏​ជាប់រវល់​ហ្វឹកហាត់​ពង្រឹង​សមត្ថ​ភាព ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ប្រចាំ​កម្មវិធី​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ការ​ប្រកួត​ផ្សេង​ទៀត ដែល​មិន​អាច​ដកខ្លួន​បាន​។ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ ខ្សែក្រវាត់​នៅ​ក្នុង​ពេល​នោះ​ក៏​ដណ្ដើម​មិន​បាន​។

លោក ស៊ី​ថូ ណា​ថា​ន់ ប្រធាន​ផ្នែក​កីឡា បាន​បង្ហាញ​ការ​អបអរ​ចំពោះ​ការ​តាំងចិត្ត​របស់ ឈុត សេរី​វ៉ា​ន់​ថន ដែល​សុខចិត្ត​ដកខ្លួន​ពី​ការ​ប្រដាល់ ហើយ​ងាក​ទៅ​ប្រលង​នៅ​ក្នុងឆ្នាំនេះ​។ លោក​សន្យា​ថា ជួយ​ផ្គត់ផ្គង់​ការ​រៀនសូត្រ​ថ្នាក់​មហាវិទ្យាល័យ​ដល់​កីឡាករ ឈុត សេរី​វ៉ា​ន់​ថន តាំងពី​ដើម​ដល់​ចប់​ឱ្យ​តែ​គេ​ប្រឡង​ជាប់​បាក់​ឌុ​ប ដើម្បី​ជួយ​គេ​ឱ្យ​មានឱកាស​ចូល​រៀន​មហាវិទ្យាល័យ​ផង​។ លោក​ថា ខ្លួន​បាន​ប្រាប់​សាមីខ្លួន និង​ឪ​ពុល​របស់​សាមីខ្លួន​រួច​ហើយ ក្នុង​ពេល​ដែល​លោក​ក៏​ហា៑ន​ឱ្យ​មហាជន​ធ្វើ​ជា​សាក្សី ដើម្បី​កុំឱ្យ​មានការ​យល់​ថា លោក​និយាយ​ចោល ឬ និយាយ​ចង់​ល្បី ហើយ​មិន​ធ្វើ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ