អ្នកគ្រូ​ម្នាក់​ជួប​គ្រោះថ្នាក់​ក្បែរ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ទួល​ទំពូង


រាជធានី​ភ្នំពេញ ៖ អ្នកគ្រូ​បង្រៀន​ថ្នាក់​ទី​៣​នៃ​សាលា​បឋម​សិក្សា​វត្ត​ទួល​ទំពូង​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​បាក់ជើង​ខាងឆ្វេង​ម្ខាង ពក​ក្បាល និង​បែក​មាត់​ហូរ​ឈាម ខណៈ​ជន​រង​គ្រោះ​កំពុង​តែ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ទៅ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​វត្ត​ទួល​ទំពូង លុះដល់​ចំណុច​ផ្លូវបំបែក​ជា​៤ ក្បែរ​មណ្ឌល​ប្រឡង​សា​វិទ្យាល័យ​ទួល​ទំពូង ក៏​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កា​ម៉ា​រី បើក​មក​បុក​ពេញទំហឹង បណ្តាល​អោយ​ដួល​ចូល​ខាងក្រោម​រថយន្ត​នោះ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី ១៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​លេខ​៤៣២ កែង​ផ្លូវ​លេខ​១៥៥ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ឃុំ ប៉ុណ្ណា​បាប់ ភេទ​ស្រី អាយុ​ជាង​៥០​ឆ្នាំ ជា​គ្រូបង្រៀន​ថ្នាក់​ទី​៣​នៅ​សាលា​បឋម​សិក្សា​វត្ត​ទួល​ទំពូង មាន​ទីលំនៅ​ម្តុំ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន និង​ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១BC-៧២៧០ ។

តាម​ប្រភព​​ដដែល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ អ្នកគ្រូ​រង​គ្រោះ​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ចេញពីផ្ទះ​នៅ​ម្តុំ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ក្នុង​បំណង​ទៅ​បង្រៀន​សិស្ស​នៅ​សាលា​បឋម​សិក្សា​វត្ត​ទួល​ទំពូង តាម​បណ្តោយ​ផ្លូវ​លេខ​១៥៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ ចំណែក​រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក​កា​ម​រី ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២R-៨១៥៤ បើកបរ​ដោយ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​មាន​បុរស​ម្នាក់​ទៀត​ជា​ជនបរទេស ជា​អ្នក​រួម​ដំណើរ មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។

តាម​ប្រភព​ដដែល​​បាន​បន្ត​ថា លុះ​ពេល​អ្នកគ្រូ​រង​គ្រោះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក្បែរ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ទួល​ទំពូង​ជិត​ដល់​សាលា​ដែល​អ្នកគ្រូ​បង្រៀន​ទៅ​ហើយ​នោះ ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កា​ម៉ា​រី បាន​បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣២ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច មក​បុក​ម៉ូតូ​អ្នកគ្រូ​រង​គ្រោះ​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​ដួល​ចូល​ក្រោម​រថយន្ត ចំណែក​អ្នកគ្រូ​រង​គ្រោះ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​បាក់ជើង​ខាងឆ្វេង​ម្ខាង ពក​ក្បាល និង​បែក​មាត់​ហូរ​ឈាម ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ដែល​យាម​ប្រចាំការ​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ទួល​ទំពូង​ក្បែរ​នោះ​ក៏​បាន​ហៅ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត អោយមក​ដឹក​យក​អ្នកគ្រូ​រង​គ្រោះ​យក​ទៅ​ធ្វើការ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។ ចំណែក​អ្នកបើកបរ​រថយន្ត និង​អ្នក​រួម​ដំណើរ ព្រមទាំង​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​យក​ទៅ​កាន់​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ