រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានអះអាងជាថ្មីថា អាជ្ញាធរបានត្រៀមខ្នោះរួចហើយសម្រាប់ចាប់លោក សម រង្ស៊ី នៅពេលចូលមកដល់ស្រុកខ្មែរវិញ ទោះបីជាមកតាមច្រកណាក៏ដោយ។ ការបញ្ជាក់របស់លោក សុខ ឥសាន បន្ទាប់ពីលោកសម រង្ស៊ី បានអះអាងថា លោកនឹងចូលស្រុកវិញនៅថ្ងៃទី៩ វិច្ឆិកា ដើម្បីមកដោះស្រាយបញ្ហានៅកម្ពុជាដែលត្រូវបំផ្លាញដោយរាជរដ្ឋាភិបាលបច្ចុប្បន្ន។
លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី១៩ សីហានេះថា ជោគជ័យរបស់ក្រុមឧទ្ទាមក្រៅច្បាប់ក្នុងការចូលស្រុក ដោយបានដាក់នូវកាលបរិច្ឆេទចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកា ២០១៩ខាងមុខនេះ ។ តែរឿងទៅ ឬមិនទៅ ជាក់ស្តែងនៅមិនអាចដឹងបានទេ ។ លោកក៏បានចំអកទៅកាន់លោកសម រង្ស៊ី ថា បានកំណត់ថ្ងៃច្បាស់លាស់ និងថា ចាប់ពីពេលនេះទៅដល់ថ្ងៃ៩វិច្ឆិកា ២០១៩ សភាពការណ៍នឹងមានការប្រែប្រួល ដែលនោះក្នុងន័យថា កាលបរិច្ឆេទនៃការចូលស្រុករបស់ក្រុមឧទ្ទាមក្រៅច្បាប់សម រង្ស៊ី នឹងផ្លាស់ប្តូរ។
លោកបញ្ជាក់ថា សភាពការណ៍ចៃដន្យពីនេះរហូតថល់ខែវិច្ឆិកា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់មិនហ៊ានចូលស្រុកទេ។ លោកបានលើកឡើងថា ការរំលឹកដាស់តឿនកុំឲ្យប្រជាជនមួយចំនួនចាញ់បោកទៅទទួលទណ្ឌិតរត់ចោលស្រុករបស់គណបក្សកាន់អំណាច ព្រោះថា ជាចេតនាល្អកុំឲ្យប្រជាជនទាំងនោះយកខ្លួនទៅពាំងមុខជំនួសទណ្ឌិតនាំខាតប្រយោជន៍ខ្លួនអត់អំពើ ។
លោកសុខ ឥសាន បានបញ្ជាក់យ៉ាងមុតមាំថា «ទណ្ឌិតរត់ចោលស្រុកត្រៀមខ្លួនចូលស្រុក ហើយអាជ្ញាធរកម្ពុជាក៏បានត្រៀមខ្នោះរួចហើយដែរ រង់ចាំតែឃើញមុខ ដោយមិនគិតថានៅថ្ងៃណានោះទេ» ។
អ្នកនាំពាក្យបក្សកាន់អំណាចក៏បានហៅចរិត និងពាក្យសំដីរបស់លោកសម រង្ស៊ី គឺជាមេភេរវករមានចរិតធ្វើខ្ញុំកញ្ជះចក្រពត្តិនិយមឈ្លានពានអន្តរជាតិ ។ មេភេរវករកំពុង អន្ទះសាររងមិនហ៊ានចូលស្រុកដូចការសន្យាទេ។ មិនហ៊ានប្រាប់ពីការចូលស្រុកច្បាស់លាស់ គឺមានន័យថា មិនហ៊ានមក ពន្យាពេលទុកប្រមូលលុយសិន» ។
លោកគូសបញ្ជាក់ថា៖ «ទោះចូលតាមច្រកណាក៏ដោយ នៅតែខ្នោះដៃ និងគុកដូចគ្នាដដែល។ ប្រកាសចូលស្រុកវិញច្រើនលើកច្រើនសារ តែមិនឃើញចូល ភូតអត់ហ៊ានចូលឡើយ» ។
គួររំលឹកថា កាលពីពេលកន្លងមកនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាឲ្យមន្ត្រីគ្រប់ច្រកទ្វារអាកាសយានដ្ឋាន និងច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់សហការជាមួយសមត្ថកិច្ចដើម្បីចាប់ខ្លួនលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេសដែលកំពុងរៀបគម្រោងចូលមកកម្ពុជាវិញ។
លិខិតមួយច្បាប់ចេញកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ដែលមានកម្មវត្ថុអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន និងនាំខ្លួនលោកសម រង្ស៊ី បញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្នើឲ្យមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវដីកាចាប់ខ្លួនលោកសម រង្ស៊ី ដោយស្មារតីទទួលខុសត្រូវខ្ពស់ បន្ទាប់ពីមានព័ត៌មានថា លោក សម រង្ស៊ី នឹងធ្វើដំណើរមកកម្ពុជានាពេលខាងមុខ។
លិខិតចំនួន៣ដែលយោងដីការបស់សាលាដំបូងរាជធានីភ្នំពេញបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ផងនោះ បញ្ជាក់តាមន័យដើមថា ៖ «អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមក្រើនរំលឹកជាថ្មីដល់ឯកឧត្ដម លោកជំទាវ អគ្គនាយករង និងលោកប្រធាននាយកដ្ឋានពាក់ព័ន្ធ ជាពិសេសនៅតាមគោលដៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ ត្រូវចាត់វិធានការអនុវត្ត និងសហការអនុវត្តជាមួយសមត្ថកិច្ចពាក់ព័ន្ធឲ្យមានប្រសិទ្ធភាពខ្ពស់»។
ការបញ្ជារបស់អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ធ្វើឡើង ខណៈលោក សម រង្ស៊ី ប្រកាសជាច្រើនដងថា លោកនឹងវិលចូលមកប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០១៩នេះ។
លោក សម រង្ស៊ី បានចាកចេញពីប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៦ បន្ទាប់ពីលោករងបណ្តឹងជាច្រើនករណីដែលប្តឹងដោយមេដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាល ដែលរួមមានទាំងបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនផង។
ក្នុងវីដេអូមួយដែលលោក សម រង្ស៊ី បង្ហោះលើទំព័រហ្វេសប៊ុករបស់លោកកាលពីពេលកន្លងមកនេះ លោក សម រង្ស៊ី ប្រកាសទៅកាន់អ្នកគាំទ្រលោកនៅសហរដ្ឋអាមេរិកថា ឆ្នាំ២០១៩នេះគឺជាឆ្នាំដែលត្រូវបញ្ចប់ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយដណ្តើមយកប្រទេសកម្ពុជាមកប្រគល់សងប្រជារាស្ត្រខ្មែរវិញ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ