រាជធានីភ្នំពេញ ៖ មានការរិះគន់ជាច្រើនបន្ទាប់ពីធ្លាយព័ត៌មានដដែលជាដដែលថា យុទ្ធគុនខមមិនទទួលបានសិទ្ធិបង្កើតជាសហព័ន្ធដូចក្បាច់គុនល្បុក្កតោ ដែលគ្រាន់តែជាមែកធាងរបស់យុទ្ធគុននេះ ។ តើអ្វីជាបញ្ហាបន្ទាប់ពីក្បាច់គុននេះមិនអាចបង្កើតចេញជាសហព័ន្ធ និងបាត់ឱកាសផ្សព្វផ្សាយជាសាធារណៈក្នុងរយៈពេលនេះ ?
ការច្រានចោលសំណើសុំបើកជាសហព័ន្ធ និងការបិទមិនឱ្យយុទ្ធគុនខមបង្ហាញក្បាច់គុនជាសាធារណៈនៅសង្វៀនទូរទស្សន៍បុ៉ស្តិ៍លេខ៥ ដែលធ្លាប់បានលើកស្ទួយ និងនៅលើវេទិកាផ្សេងទៀតក្នុងរូបភាពបើកចំហ បានធ្វើឱ្យកីឡាករ កីឡាការិនីយុទ្ធគុនខមមួយនេះរត់ចោលសាលាគុនអស់ជាច្រើន បន្ទាប់ពីយល់ឃើញថា ហ្វឹកហាត់ក្បាច់គុននេះទៅនៅតែគ្មានឱកាសឡើងរេញ ឬឡើងបង្ហាញដើម្បីទទួលប្រាក់ និងកិត្តិយសជាថ្នូរ ។ ប្រភពជាច្រើនប្រាប់ថា ហេតុផលមិនទាន់មានសហព័ន្ធ និងការបិទមិនឱ្យឡើងប្រកួតនាពេលកន្លងមកបានធ្វើឱ្យកីឡាករ កីឡាការិនីរបស់ក្បាច់គុននេះច្រើនជាងពាក់កណ្តាលសម្រេចចិត្តបោះបង់ ហើយរត់ទៅជ្រកក្រោមសហព័ន្ធកីឡាប្រដាល់ជាជំនួសវិញ ដោយសារតែពួកគេត្រូវការកេរ្តិ៍ឈ្មោះ និងឡើងរេញ ។ ចលករនេះត្រូវគេមើលឃើញថា នឹងធ្វើឱ្យក្បាច់ក្បាច់យុទ្ធគុនខមដែលទទួលការចាប់អារម្មណ៍ច្រើននោះជួបវិបត្តិជាថ្មី និងបានទាំងធ្វើឱ្យគ្រូគុនមួយចំនួនធំដែលខំចំណាយកម្លាំងស្រាវជ្រាវ និងខំចំណាយប្រាក់បើកជាសាលាគុនក្លាយជាអសារបង់ ។
មានសំណួរមួយចោទសួរយ៉ាងផុសផុលនាពេលនេះថា ហេតុអ្វីបានជាក្បាច់គុនយុទ្ធគុនខមមិនត្រូវបានក្រសួង និងស្ថាប័នថ្នាក់ជាតិឱ្យសិទ្ធិបង្កើតជាសហព័ន្ធក្នុងពេលដែលឯកសារ និងការចងក្រងផ្សេងៗត្រូវគេដឹងថាលេចចេញរូបរាងអស់ហើយនោះ ? ប្រភពពីមន្ត្រីភាគច្រើនបានអះអាងថា ហេតុផលនោះគឺបណ្តាលមកពីការបង្កើតជាសហព័ន្ធរបស់យុទ្ធគុនខម នឹងប៉ះពាល់ផលប្រយោជន៍មួយភាគធំរបស់ក្បាច់គុនល្បុក្កតោ ដែលត្រូវអ្នកចេះដឹងពីក្បាច់គុនខ្មែរនៅទូទាំងប្រទេសអះអាងថា នោះគ្រាន់តែជាក្បាច់គុនមួយស្ថិតនៅក្នុងយុទ្ធគុនខមដែលជាស្នៀតចំបាំងដ៏ខ្លាំងក្លារបស់ខ្មែរ ។ ទោះយ៉ាងណា ក្រុមអ្នកចេះដឹងខ្មែរនៅតែទទូចឱ្យមានការពិចារណាក្នុងការផ្តល់សិទ្ធិដើម្បីឱ្យយុទ្ធគុនខមក្លាយខ្លួនជាសហព័ន្ធពេញសិទ្ធិដដែល ដើម្បីឱ្យស្របនឹងប្រវត្តិសាស្ត្រខ្មែរដែលគេដឹងគ្រប់គ្នាថា យុទ្ធគុនខមគឺជាមេក្បាច់គុនរបស់ខ្មែរ និងក្បួនពិជ័យសង្គ្រាមដ៏អស្ចារ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ។ ក្រុមអ្នកតាមដានក៏សម្តែងការរិះគន់ផងដែរបន្ទាប់ពីមានវិធានការបិទមិនឱ្យក្បាច់គុននេះឡើងបង្ហាញខ្លួនជាសាធារណៈដើម្បីឱ្យកូនខ្មែរ ក៏ដូចជាមហាជនបានស្គាល់កាន់តែទូលំទូលាយនោះ ។
មហាជនភាគច្រើនលើកឡើងថា បើក្បាច់គុនល្បុក្កតោបង្កើតជាសហព័ន្ធបាន យុទ្ធគុនខមគួរតែទទួលឱកាសដូចគ្នាដើម្បីឱ្យក្បាច់គុនបុរាណរបស់ខ្មែរកាន់តែមានភាពទូលំទូលាយ និងមានការរីកចម្រើន ។ មនុស្សជាច្រើនបានចោទសួរថា ហេតុអ្វីប្រភេទកីឡាដែលជារបស់បរទេស កម្ពុជាផ្តល់សិទ្ធិឱ្យបង្កើតជាសហព័ន្ធ បុ៉ន្តែបែរជាប្រភេទកីឡារបស់ខ្មែរមិនត្រូវបានអនុញ្ញាតឱ្យក្លាយជាសហព័ន្ធ ក្នុងពេលកីឡានេះត្រូវគេផ្តល់តម្លៃ និងទទួលស្គាល់ជាទ្រង់ទ្រាយទូលំទូលាយរួចទៅហើយនោះ ។ ការផ្តល់សិទ្ធិឱ្យយុទ្ធគុនខម វានឹងក្លាយជាមុខមាត់របស់កម្ពុជាទៅវិញទេ ដែលអាចធ្វើឱ្យក្បាច់គុនដ៏ចំណាស់ និងខ្លាំងពូកែរបស់បុព្វបុរសខ្មែរមានឱកាសបង្ហាញខ្លួនកាន់តែទូលាយ ដោយផ្ទុយពីការបំបិទសិទ្ធិក្នុងពេលដែលមានអ្នកស្រាវជ្រាវ និងកូនខ្មែរកាន់តែច្រើនផុសផុលទទួលស្គាល់ ។ លោកចាន់ ប៊ុនធឿន ប្រធានសមាគមយុទ្ធគុនខម បានថ្លែងជាថ្មីទាំងក្តីអស់សង្ឃឹមថា មកទល់ពេលនេះ សិស្សគុនរបស់លោកបានសម្រេចលាឈប់អស់មួយភាគធំហើយ បន្ទាប់ពីថ្នាក់លើសម្រេចមិនឱ្យលោកដឹកនាំកីឡាករឡើងប្រកួត និងធ្វើវេទិកាសាធារណៈណាមួយដើម្បីលើកទឹកចិត្តឱ្យអ្នកហ្វឹកហាត់កីឡានេះមានឱកាសបង្ហាញខ្លួន និងរកប្រាក់ ។ លោកអះអាងថា ក្រោយការចងក្រងឯកសារ និងការបង្ហាញខ្លួនបុ៉ន្មានលើកកន្លងមក បានធ្វើឱ្យយុទ្ធគុនខមទទួលការជ្រោមជ្រែងយ៉ាងខ្លាំង ដោយមានទាំងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសធានាជ្រោមជ្រែង និងចំណាយប្រាក់ធ្វើវេទិកាសាធារណៈដើម្បីឱ្យមហាជនបានទស្សនាដោយមិនគិតប្រាក់ទៀតផង ។ ជាក់ស្តែង ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក៏ធានាទទួលយកកីឡាកររបស់យុទ្ធគុនខមនេះឱ្យឡើងប្រកួតដូចមុនផងដែរ បុ៉ន្តែមកពីថ្នាក់លើព្រមានមិនឱ្យយុទ្ធគុនខមធ្វើការផ្សព្វផ្សាយក្នុងពេលមិនទាន់មានសហព័ន្ធ ទើបត្រូវរំសាយចោល ។
លោកសេង កដិកា អគ្គនាយករងទូរទស្សន៍បុ៉ស្តិ៍លេខ៥ បញ្ជាក់ថា ក្នុងខែមីនាខាងមុខ បុ៉ស្តិ៍លេខ៥ នឹងដំណើរការកម្មវិធីប្រដាល់ឡើងវិញ ហើយលោកនឹងស្វាគមន៍យុទ្ធគុនខមគ្រប់ពេល ព្រោះយុទ្ធគុននេះគ្រាន់តែដាក់ឱ្យប្រកួតបានបុ៉ន្មានសប្តាហ៍ ក៏មានការទាក់ទាញយ៉ាងច្រើនលើសលប់ គឺខ្លាំងជាងកីឡាប្រដាល់សេរីទៀតផងនាពេលកន្លងមក ។ លោកចាន់ ប៊ុនធឿន អះអាងថា សមាគមរបស់លោកបានរៀបចំឯកសារ និងសុំសិទ្ធិបង្កើតជាសហព័ន្ធច្រើនលើកមកហើយ បុ៉ន្តែនៅមិនទាន់ទទួលបានចម្លើយតបវិញ ដែលករណីនោះលោកអះអាងថា ហាក់ដូចជាមានការខ្ទាស់ជើងដោយអ្នកណាម្នាក់ ដែលមិនចង់ឱ្យយុទ្ធគុនខមក្លាយជាសហព័ន្ធ និងមានសិទ្ធិចេញផ្សព្វផ្សាយពេញលេញ ។ លោកអះអាងថា បើស្ថានភាពនៅតែបែបនោះអ្នកប្រឹងប្រែងរបស់យុទ្ធគុននេះនឹងបាក់ទឹកចិត្ត ឯសិស្សក៏បោះបង់ដែលនឹងរុញឱ្យក្បាច់គុនបុរាណរបស់ខ្មែរមួយនេះនឹងក្លាយជាសំរាមនៅកន្លៀតជញ្ជាំង ។ អុីចឹងហើយ ទើបលោកទទូចឱ្យមានការពិចារណាឡើងវិញក្នុងការផ្តល់សិទ្ធិឱ្យយុទ្ធគុនខមបានក្លាយជាសហព័ន្ធ និងដើម្បីលើកទឹកចិត្តដល់សិស្សគុនទាំងអស់ដែលកំពុងប្រឹងប្រែងហ្វឹកហាត់ ។ មន្ត្រីប្រចាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅមិនអាចសុំការបញ្ជាក់បានទេនាពេលនេះ បុ៉ន្តែកន្លងមកមានមន្ត្រីខ្លះបានឆ្លើយក្នុងរូបភាពស្ទាក់ស្ទើរថា ការសុំសិទ្ធិបង្កើតជាសហព័ន្ធរបស់យុទ្ធគុនខមកំពុងស្ថិតក្នុងការពិចារណា។
គួរបញ្ជាក់ផងដែរថា ក្បាច់គុនយុទ្ធគុនខមបានកើតឡើងក្នុងអំឡុងឆ្នាំ២០៧ នៃគ្រិស្តសករាជ ក្នុងរជ្ជកាលព្រះបាទស្រីមារៈ នៃនគរហ្វូណនក្រោមការបង្កើតឡើងដោយព្រះគ្រូគុន ស្វរៈតុរិ ។ យុទ្ធគុននេះមានស្នៀតសរុបចំនួន៩.៥៦៣ស្នៀត ហើយចែកចេញជា១៣ទ្វារ ដោយក្នុងមួយទ្វារៗមានស្នៀតដោយឡែកៗពីគ្នាច្រើនទៀត ។ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ យុទ្ធគុនខមត្រូវបានព្រះអង្គលើកកម្ពស់ ហើយប្រើប្រាស់ជាគម្ពីរចម្បាំងដ៏ខ្លាំងក្លា ដោយបានទាំងបើកសាលាបណ្តុះបណ្តាលឱ្យមានការជ្រើសរើសសិស្សគុនជាក្មេងៗឱ្យមកហាត់ក្បាច់គុននេះយ៉ាងគគ្រឹកគគ្រេងទៀតផង ។ នេះបើយោងតាមការចារឹកទុកនៅលើសិលាចារឹក និងលើជញ្ជាំងប្រាសាទមួយចំនួន ។ ក្នុងរជ្ជកាលព្រះបាទអង្គឌួង ទ្រង់បានហៅក្បាច់គុននេះថា ជាក្បួនពិជ័យសង្គ្រាមខមយុទ្ធ បុ៉ន្តែដោយសារស្ថានភាពប្រទេសនាពេលនោះចេះតែធ្លាក់ដុនដាប ទើបក្បាច់គុននេះត្រូវគេបោះបង់ចោល ៕
ចែករំលែកព័តមាននេះ