រាជធានីភ្នំពេញ ៖ កីឡាករហុន ឈុនហេង មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន នឹងត្រូវជួបជាមួយកីឡាករថៃ Moniri Latnok ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមនៅលើសង្វៀនទូរទស្សន៍បុ៉ស្តិ៍លេខ៣ ថ្ងៃអាទិត្យ ទី២ មីនាខាងមុខនេះ ចំណែក ម៉ន វិរៈ មកពីក្លិបវិស្វកម្មបច្ចេកទេសទ័ពជើងគោកព្រែកឯង ជួបកីឡាករមុ៉ងហ្គោលី Gantogtokh Baatachuluun ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមដូចគ្នា ។
ការប្រកួតប្រដាល់ជាលក្ខណៈមិត្តភាពអន្តរជាតិនេះត្រូវបានទូរទស្សន៍បុ៉ស្តិ៍លេខ៣ រៀបចំធ្វើឡើងក្នុង១ខែ២ដង ដែលម្តងមានចំនួន៥គូ ក្នុងនោះគូអន្តរជាតិមានចំនួន២គូ ។ ម៉ន វិរៈ មួយរយៈមកនេះគេហាក់បីដូចជាលេចមុខនៅលើសង្វៀនញឹកញាប់ និងទទួលលទ្ធផលឈ្នះច្រើនជាងចាញ់ បុ៉ន្តែសម្រាប់ការជួបប្រកួតជាមួយកីឡាករបរទេសវិញគឺមិនដែលឡើយ នេះគឺជាលើកទី១របស់គេហើយដែលគេមានឱកាសបានសាកកណ្តាប់ដៃជាមួយជើងខ្លាំងមកពីមុ៉ងហ្គោលី ដែលមិនធ្លាប់មកស្រុកខ្មែរម្តងណាឡើយ ។ យោងតាមការអះអាងរបស់អ្នករៀបចំកម្មវិធីប្រកួតប្រដាល់ប្រចាំទូរទស្សន៍បុ៉ស្តិ៍លេខ៣ ឱ្យដឹងថា កីឡាករមុ៉ងហ្គោលីរូបនេះខ្លាំងគ្រាន់បើ ដោយគេធ្លាប់ហ្វឹកហាត់ និងប្រកួតនៅប្រទេសថៃជាញឹកញាប់ ដែលអាចចាត់ទុកថាជាកីឡាករចាស់វស្សាមួយរូប ទើប ម៉ន វិរៈ មិនហ៊ានអះអាងទុកមុនថា អាចតស៊ូជាមួយគេបានឬអត់ មានតែរង់ចាំមើលការប្រកួតជាក់ស្តែងបុ៉ណ្ណោះ ។
ហុន ឈុនហេង ដែលជួបប្រកួតជាមួយកីឡាករថៃលើកនេះ ក៏មិនហ៊ានអះអាងទុកមុនពីលទ្ធផលចាញ់-ឈ្នះដែរ ដោយសារពួកគេមិនធ្លាប់សាកកណ្តាប់ដៃគ្នាម្តងណាឡើយ ។ ហុន ឈុនហេង ធ្លាប់ប្រកួតជាមួយកីឡាករបរទេសច្រើនលើកច្រើនសារួចមកហើយ ទើបលើកនេះទោះបីជាគេមិនស្គាល់ប្រវត្តិគូប្រកួតច្បាស់លាស់មែន ក៏គេមិនសូវជាបារម្ភឡើយ ដោយសារគេមានស្នៀតប្រយុទ្ធល្អទាំងព្រម រាប់តាំងពីស្នៀតកែង និងជង្គង់ឡើងទៅ ។ លោកទី រ៉ាណាត អ្នករៀបចំកម្មវិធីប្រកួតប្រដាល់ប្រចាំទូរទស្សន៍បុ៉ស្តិ៍លេខ៣ អះអាងថា គេមិនមែនជាជើងអន់នោះឡើយ ដោយធ្លាប់វាយផ្តួលជើងខ្លាំងនៅស្រុកថៃឱ្យចាញ់នៅក្រោមកណ្តាប់ដៃរបស់គេមិនតិចនាក់នោះទេ ។ ចាំមើល ហុន ឈុនហេង អាចទប់ទល់ជាមួយកីឡាករថៃរូបនេះបានឬអត់ ?
រីឯគូប្រកួតមិត្តភាពរវាងកីឡាករកម្ពុជា និងកម្ពុជាវិញនោះមាន ម៉ន ចាន់ដារ៉ា មកពីក្លិបវិស្វកម្មបច្ចេកទេសទ័ពជើងគោកព្រែកឯងកីឡា ជួបជាមួយ វីវ៉ា បាចា មកពីក្លិបមហិទ្ធិឫទ្ធិគុនខ្មែរ ។ ប៉ូ វណ្ណសក្តិ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជួបជាមួយ កែវ វីរៈ មកពីក្លិបព្រះខ័នរាជនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ទី ពន្លែត មកពីក្លិបសឹករងខេត្តសៀមរាប ជួបជាមួយ ង៉ែត រដ្ឋា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ៕
ចែករំលែកព័តមាននេះ