ទីតាំងបោះជំរំជាច្រើនកន្លែងរបស់ពួកបាតុកររងការបាញ់ប្រហារជាថ្មី កាលពីព្រឹកថ្ងៃទី២៦ កុម្ភៈ នៅក្រុងបាងកក ញ៉ាំងឱ្យមានភាពតានតឹងកាន់តែខ្លាំងថែមទៀតនៅក្នុងរាជធានីថៃ ពេលដែលនាយករដ្ឋមន្ត្រីចាំផ្ទះ លោកស្រីយីងឡាក់ សុីណាវ៉ាត្រា កំពុងបំពេញទស្សនកិច្ចនៅភាគខាងជើងប្រទេស ។
អំពើហិង្សាតាមផ្លូវថ្នល់កើតមានស្ទើររាល់ថ្ងៃនៅក្រុងបាងកក ដែលបណ្តាលឱ្យមនុស្សស្លាប់ឡើងដល់២២នាក់ ហើយរយៈពេលជិត៤ខែ នៃវិបត្តិនយោបាយ ។ ការបាញ់កាំភ្លើងកាលពីព្រឹកថ្ងៃទី២៦ កុម្ភៈ នៅកណ្តាលក្រុងបាងកក ពុំបណ្តាលឱ្យមានអ្នករបួសឡើយ ក៏ប៉ុន្តែបង្កើនភាពតានតឹងរវាងពួកអ្នកគាំទ្រ និងពួកប្រឆាំងរដ្ឋាភិបាល ដែលទាំងសងខាងទម្លាក់ការទទួលខុសត្រូវលើពួកមនុស្សអាថ៌កំបាំង ស្លៀកពាក់ខ្មៅ។
លោកអនុចា រ៉ូមយ៉ាណា អ្នកនាំពាក្យរបស់ប៉ូលិសជាតិ និយាយថា យើងពុំដឹងថា តើភាគីណាជាអ្នកធ្វើការបាញ់ប្រហារឡើយ ក៏ប៉ុន្តែគោលបំណងរបស់ពួកខ្មាន់កាំភ្លើង គឺបង្កការបំភ័យ ។ ពួកបាតុករនៅបន្តទាមទារឱ្យលោកស្រីយីងឡាក់ លាលែងចេញពីតំណែង ដោយពួកគេចង់ដាក់ជំនួសវិញដោយក្រុមប្រឹក្សាប្រជាជនមួយ មិនបាច់ធ្វើការបោះឆ្នោត ។ ពួកបាតុករទោះមានចំនួនថយចុះ តែបន្តរាំងខ្ទប់ផ្លូវបំបែកទាំងឡាយ កណ្តាលក្រុងបាងកក ។
ទោះបីយ៉ាងណា លោកស្រីយីងឡាក់ បន្តចូលរួមក្នុងព្រឹត្តិការណ៍ផ្លូវការទាំងឡាយ ពិសេសនៅតាមខេត្ត ។ កាលពីថ្ងៃទី២៦ កុម្ភៈ លោកស្រីទៅកាន់ទីក្រុងឈៀងរ៉ៃ ភាគខាងជើងប្រទេស ដែលគាំទ្រគណបក្សកាន់អំណាចពេញទំហឹង ផ្ទុយពីនៅក្រុងបាងកក និងភាគខាងត្បូងប្រទេស ។ លោកស្រីអះអាងថា លោកស្រីពុំទាន់ធ្វើការសម្រេចថា តើលោកស្រីបង្ហាញខ្លួននាថ្ងៃទី២៧ កុម្ភៈ នៅមុខគណៈកម្មាធិការប្រឆាំងអំពើពុករលួយ ឬយ៉ាងណាឡើយ ។ ពួកអ្នកគាំទ្រលោកស្រីបានបដិសេធរាល់ចេតនាគេចខ្លួនរបស់លោកស្រីទៅនៅក្រៅក្រុងបាងកក ព្រោះពួកបាតុកររារាំងមិនឱ្យចូលកន្លែងធ្វើការ ៕
ចែករំលែកព័តមាននេះ