បណ្តាអ្នកទទួលខុសត្រូវអ.ស.ប វាយតម្លៃកាលពីថ្ងៃទី២៥ កុម្ភៈថា ពលរដ្ឋស៊ីរីបានក្លាយទៅជាពលរដ្ឋភៀសខ្លួនមានចំនួនច្រើនជាងគេបំផុតលើពិភពលោក នាំមុខពលរដ្ឋអាហ្វហ្គានីស្ថានទៅទៀត ។អ.ស.ប ប៉ាន់ប្រមាណថា ពលរដ្ឋស៊ីរីចំនួន៩,៣លាននាក់ គឺជិតពាក់កណ្តាលនៃចំនួនប្រជាជនទាំងអស់បានរត់ភៀសខ្លួន ។ ប្រជាជនស៊ីរីពេលនេះកំពុងឈានទៅជំនួសប្រជាជនអាហ្វហ្គានីស្ថាន ជាប្រជាជនភៀសខ្លួនក្នុងចំនួនច្រើនជាងគេបំផុតនៃពិភពលោក ។
លោក ANTONIO GUTERRES នាយស្នងការជាន់ខ្ពស់អ.ស.ប ខាងជនភៀសខ្លួនថ្លែងនៅមុខមហាសនិ្នបាត អ.ស.បថា ខ្ញុំមានការតឹងទ្រូងយ៉ាងខ្លាំងដែលឃើញប្រទេសនេះ ដែលរយៈពេលជាច្រើនទសវត្សធ្លាប់តែទទួលជនភៀសខ្លួនមកពីប្រទេសឯទៀតៗនោះ ពេលនេះត្រូវហែកហួរដោយសង្គ្រាម ហើយបង្ខំប្រជាជនខ្លួនក្លាយទៅជាជនភៀសខ្លួនក្នុងចំនួនច្រើនបំផុតលំដាប់ទីមួយលើពិភពលោកទៅវិញ ។
អគ្គលេខាធិការអ.ស.ប លោកបាន គីមូន បានសន្យាចំពោះប្រទេសចំនួន១៩៣ ជាសមាជិកមហាសន្និបាតអ.ស.បថា អ.ស.ប នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីអនុវត្តដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដែលអនុម័តកាលពីថ្ងៃទី២២ កុម្ភៈ កន្លងមកនេះស្តីពីការបើកផ្លូវសម្រាប់បញ្ជូនជំនួយមនុស្សធម៌ជួយប្រជាជនស៊ីរី។ លោកមានប្រសាសន៍ថា ជំនួយត្រៀមបញ្ជូនទៅដល់ក្នុងតំបន់ដែលពិបាកចូលដល់ទាំងឡាយ ព្រមទាំងក្នុងបណ្តាមូលដ្ឋាន និងទីក្រុងដែលជាប់ក្នុងការឡោមព័ទ្ធ ។ វាស្ថិតលើរដ្ឋាភិបាលស៊ីរី និងគ្រប់ភាគីក្នុងជម្លោះដែលឈានទៅដល់ការព្រមព្រៀងបើកផ្លូវសម្រាប់ការបញ្ជូនជំនួយ ។
យោងតាមអគ្គលេខាធិការរងអ.ស.ប ទទួលបន្ទុកកិច្ចការមនុស្សធម៌ លោកស្រី KYUNG-WHA KANG ថា កុមារដល់ទៅ៤,៣លាននាក់រងការប៉ះពាល់នៅស៊ីរីដោយជម្លោះ រាប់បញ្ចូលទាំងកុមារ១,២លាននាក់ដែលរត់ភៀសខ្លួនផងដែរ ។
លោកស្រីមានប្រសាសន៍ថា បណ្តាកុមារត្រូវបានសម្លាប់ ចាប់ខ្លួន ចាប់ពង្រត់ រងការធ្វើទារុណកម្ម ត្រូវគេកាត់ដៃ កាត់ជើង រងគ្រោះដោយអំពើចាប់រំលោភរួមភេទ ហើយត្រូវបណ្តាក្រុមប្រដាប់អាវុធជ្រើសរើសឱ្យបម្រើក្នុងជួរពួកគេ ។ ពួកគេជួបប្រទះនឹងការខ្វះខាតអាហារ ។ ស៊ីរីអាចបាត់បង់កុមារមួយជំនាន់ផង ។ប្រទេសស៊ីរីពេលនេះមានជនភៀសខ្លួនក្នុងស្រុក៦លាននាក់ ហើយជនភៀសខ្លួនចេញក្រៅស្រុកមានដល់ជិត៤លាននាក់ ក្នុងចំណោមប្រជាជនសរុប២២លាននាក់ ៕
ចែករំលែកព័តមាននេះ