ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​តាម​មណ្ឌល​ប្រឡង​មួយ​ចំនួន​មាន​បេក្ខ​ជន​មាន​បញ្ជា​សុខភាព ខណៈ​ដំណើរ​ការ​​សំ​ណេ​រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ នៃ​ការ​ដំណើរ​ការ​ធ្វើ​សំ​ណេ​រ​វិញ្ញាសា នៅ​តាម​បណ្តា​មណ្ឌល​ប្រឡង​មួយ មាន​បេក្ខជន​បាន​ជួប​បញ្ហា​សុខភាព​អំឡុង​ពេល​កំពុង​ធ្វើ​សំ​ណេ​រ​វិញ្ញាសា​។ នេះ​បើ​យោង​តាម​គេ​ទំព័រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញផ្សាយ​មុន​នេះ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ នៃ​ការ​ដំណើរ​ការ​ធ្វើ​សំ​ណេ​រ​វិញ្ញាសា នៅ​តាម​បណ្តា​មណ្ឌល​ប្រឡង​មួយ មាន​បេក្ខជន​បាន​ជួប​បញ្ហា​សុខភាព​អំឡុង​ពេល​កំពុង​ធ្វើ​សំ​ណេ​រ​វិញ្ញាសា​។

នេះ​បើ​យោង​តាម​គេ​ទំព័រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញផ្សាយ​មុន​នេះ បាន​ឲ្យ​ដឹង​ថា បេក្ខ​ជន​ប្រឡង​នៅ​តាម​មណ្ឌល​មួយ​ចំនួន​មាន​បញ្ហា​សុខភាព នៅ​ក្នុងអំឡុងពេល​ប្រឡង​ក្នុង​ដំណើរ​សំ​ណេ​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ថ្ងៃ​ទី​១៩ សីហា ២០១៩ ដោយសារ​មាន​អាកា​រៈ​វិលមុខ ខ្យល់គរ ក្អួត ជាដើម​។

ក្នុង​ពេល​នោះ បេក្ខជន​ខ្លះ​បាន​បន្ត​ការ​ប្រឡង​ឡើង​វិញ បន្ទាប់​ពី​មាន​អាកា​រៈ​ធូរស្រាល ដោយ​ការ​ទទួល​បាន​ជំនួយ​សង្គ្រោះ​បឋម​ពី​ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​តាម​មណ្ឌល​នោះ និង​បេក្ខជន​ម្នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ និង​បាន​ត្រឡប់​មក​មណ្ឌល​ប្រឡង​វិញ ដើម្បី​បន្ត​ដំណើរ​សំ​ណេ​រ​ក្រោយ​ពី​បាន​ទទួល​ការ​ព្យាបាល​។

ចំពោះ​ទិដ្ឋភាព​ប្រឡង​វិញ​ប្រភព​បាន​ឲ្យ​ដឹង​សកម្មភាព ប្រមូល​សំណៅ​ឯកសារ និង​សម្ភារៈ​ហាមឃាត់ នា​ព្រឹក​ថ្ងៃ​ទី​១៩ សីហា នៃ​ដំណើរការ​សំ​ណេ​រ ស្ទើរតែ​គ្មាន​ការ​នាំ​ចូល​នូវ​សំណៅ​ឯកសារ និង​សម្ភារៈ​ហាម​ឃាត់​មក​ជាប់​ខ្លួន​របស់​បេក្ខជន​នោះ​ទេ​។

តាម​រយៈ​ការ​ប្រមូល​យក​សំណៅ​ឯកសារ ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​សម្ភារៈ​ហាមឃាត់​ផ្សេង​ៗ​ពី​បេក្ខជន​នៅ​តាម​មណ្ឌល​ប្រឡង​មួយ​ចំនួន​ក្នុង​ដំណើរការ​វិញ្ញាសា​សំ​ណេ​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា នេះ​ដោយ​គណៈកម្មការ​អនុរក្ស និង​មន្ត្រី​មិន​ទាន់​មាន​ករណី​នាំ​យក​សំណៅ​ឯកសារ និង​សម្ភារៈ​ហាមឃាត់​មក​ជាប់​ខ្លួន​របស់​បេក្ខជន​ឡើយ​។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩​នេះ ការ​ប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​កាត់​ថា​បាក់​ឌុ​ប ចាប់ផ្តើម​ហើយ ជាមួយ​បេក្ខជន​ចូលរួម​ប្រឡង​សរុប​ជិត​១២​ម៉ឺន​នាក់ ថយ​ចុះ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ។

បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ថា ការ​ប្រឡង​បាក់​ឌុ​ប​នៅ​ឆ្នាំ​នេះ មាន​បេក្ខជន​សរុប ១១៧,០២៤​នាក់ (​ស្រី​៦០,៤២១​នាក់​) ថយ​ចុះ​៣៧​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ដែល​ចែក​ចេញ​២០២​មណ្ឌល (​ថ្នាក់​វិទ្យាសាស្ត្រ​៧៥​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​១២៧​មណ្ឌល​) ស្មើនឹង ៤,៧២៥​​បន្ទប់​។ បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៤៤,៦៨៣​នាក់ ស្រី​២៥,២៨៥​នាក់ (១,៨១០​បន្ទប់​) ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ៧២,៣៤១​នាក់ ស្រី ៣៥,១៣៦​នាក់ (២,៩១៥​បន្ទប់​)​។

មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ថា ក្រសួង​បាន​រៀបចំ និង​ត្រៀមលក្ខណៈ​សម្បត្តិ​រួចរាល់​ហើយ ទាំង​មន្ត្រី​គ្រប់គ្រង​ការ​ប្រឡង មណ្ឌល និង​វិញ្ញាសា​សម្រាប់​ការ​ប្រឡង​នេះ​។ ពោល​អ្វី​ៗ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោងទុក គ្មាន​អ្វី​ប្រែប្រួល​នោះ​ឡើយ​។ ទោះជា​យ៉ាងណា​មាន​មណ្ឌល​ប្រឡង​តែ​មួយ​ប៉ុណ្ណោះ​នៅ​ក្នុង​ខេត្តកំពត ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​។

ហើយ​ការ​រៀបចំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ដំណើរការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​១៩-២០ សីហា​នេះ គឺ​រៀបចំ​រួច​ស្រេច​ទៅ​តាម​ការ​គ្រោងទុក ចំណែកឯ​ហឹប​វិញ្ញាសា​ទាំង​៤០៤ ក៏​បាន​ដឹក​ទៅ​ដល់​មណ្ឌល​ប្រឡង​រួចរាល់​ផង​ដែរ​។

សូម​ជម្រាប​ថា ការ​ប្រឡង​នៅ​ថ្ងៃ​ទី​១៩ ខែសីហា​នេះ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ រួម​មានមុខ​វិជ្ជា​៖ ប្រវត្តិវិទ្យា​, ជីវវិទ្យា​, គីមីវិទ្យា និង​ភាសាបរទេស​។ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​រួម​មានមុខ​វិជ្ជា ៖ ផែនដី និង​បរិស្ថានវិទ្យា​, ប្រវត្តិវិទ្យា​, ភូមិវិទ្យា និង​ភាសាបរទេស​។ នៅ​ថ្ងៃ​ទី​២០ ខែសីហា​វិញ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​រួម​មានមុខ​វិជ្ជា ៖ អក្សរសាស្ត្រ​ខ្មែរ​, រូបវិទ្យា និង​គណិត​វិទ្យា និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​រួម​មានមុខ​វិជ្ជា ៖ គណិត​វិទ្យា​, សីលធម៌ ពលរដ្ឋ​វិជ្ជា និង​អក្សរសាស្ត្រ​ខ្មែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ