តាមបណ្ដាញព័ត៌មានបរទេសចេញផ្សាយថា ក្រុមហ៊ុនHonda នឹងចំណាយទុនចំនួន៨០០លានដុល្លារអាមេរិក ដើម្បីដំឡើងរោងចក្រថ្មីនៅក្នុងប្រទេសមិុកសិុកផលិតHonda Fit ឬ Jazz ស៊េរី២០១៥ ។ ចំណែកឥណទានសរុបចំនួន៨០០លានដុល្លារនេះគឺសម្រាប់ប្រើប្រាស់ជាទុនចំណាយនៅ ក្នុងរោងចក្រថ្មីទី៧ របស់ក្រុមហ៊ុនយីហោជប៉ុនមួយនេះនៅក្នុងទីក្រុងCelaya ប្រទេសមិុកសិុក ហើយនៅពេលដែលរោងចក្រដំណើរការរឹងមាំហើយនោះវានឹងផ្ដល់ទិន្នផលក្នុងការផលិតបាន២០ម៉ឺុនគ្រឿងក្នុងមួយឆ្នាំនិងផ្ដល់ការងារមនុស្សចំនួន៣.២០០នាក់ ។ ជាងនេះទៅទៀតរោងចក្រថ្មីនេះនឹងផ្គត់ផ្គង់ដល់ទីផ្សារទ្វីបអាមេរិក៩៥%ដែលនឹងត្រូវបានផលិតនៅក្នុងតំបន់នោះ ។
លោក Takanobu Ito នាយកប្រតិបត្តិរបស់ក្រុមហ៊ុនHonda បានលើកឡើងថា រោងចក្រថ្មីរបស់យើងនៅក្នុងប្រទេសមិុកសិុកបង្កើតឡើងដោយផ្អែកលើគោលការណ៍គ្រឹះរបស់ក្រុមហ៊ុនដែលរក្សានូវទស្សនៈដើម្បីផ្គត់ផ្គង់ផលិតផលគុណភាពខ្ពស់បំផុតលើពិភពលោកនិងមានតម្លៃសមរម្យសម្រាប់ជាការលើកទឹកចិត្តដល់អតិថិជនទូទាំងពិភពលោក ។
គួររំលឹកថា ទុនវិនិយោគរបស់ក្រុមហ៊ុនHonda នៅក្នុងតំបន់អាមេរិកខាងជើងបច្ចុប្បន្នមានចំនួន២១ពាន់លានដុល្លារបូករួមទាំងរោងចក្រថ្មីនៅក្នុងប្រទេសមិុកសិុក ។ ក្រៅពីឥណទាននេះក្រុមហ៊ុនHonda ក៏នៅមានឥណទានសម្រាប់សាងសង់រោងចក្រផលិតប្រអប់លេខថ្មីប្រមាណជា៤៧០លានដុល្លារថែមទៀតដែលផ្ដល់ការងារចំនួន១.៥០០នាក់ សម្រាប់បំពេញតម្រូវការម៉ូដែលឆ្នាំ២០១៥៕
ចែករំលែកព័តមាននេះ