រដ្ឋាភិបាលថ្មីអីុតាលី ដឹកនាំដោយនាយករដ្ឋមន្ដ្រីវ័យក្មេងលោក MATTEO RENZI កាលពីថ្ងៃទី២៥ កុម្ភៈ ទទួលបានការផ្ដល់ទំនុកចិត្ដពីសភា ប៉ុន្មានម៉ោងក្រោយព្រឹទ្ធសភាផ្ដល់ការទទួលស្គាល់មក ។ រដ្ឋាភិបាលចម្រុះថ្មីនេះដែលមានរដ្ឋមន្ដ្រី១៦រូប ទទួលការគាំទ្រពីសភាដោយសំឡេង៣៧៨ទល់នឹង២២០សំឡេងជំទាស់ និង១សំឡេងអនុប្បវាទ ។ លោក RENZI សន្យាថា រូបលោកនិងរដ្ឋាភិបាលនឹងខិតខំធ្វើការកែទម្រង់ទាំងស្រុងដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសដែលដាំក្បាលចុះងើបឡើងវិញ ដោយលោកមានប្រសាសន៍ថា ប្រសិនបើអីុតាលីបាត់បង់ឱកាសនេះ នោះកំហុសត្រូវធ្លាក់លើលោកទាំងស្រុង ។
គណបក្សប្រជាធិបតេយ្យ PD របស់លោក RENZI ជាគណបក្សធំជាងគេក្នុងសភាបានបង្កើតរដ្ឋាភិបាលចម្រុះមួយជាមួយគណបក្សថ្មី កណ្ដាលនិយមស្ដាំ NCD ដឹកនាំដោយរដ្ឋមន្ដ្រីមហាផ្ទៃ លោក ANGELIND ALIANO អតីតសម្ព័ន្ធមិត្ដ៣លើកជាមួយអតីតនាយករដ្ឋមន្ដ្រីលោក ស៊ីលវីយ៉ូ ម័រលូស្កូនី ។
បណ្ដាគណបក្សប្រឆាំងក្នុងនោះមាន គណបក្ស FORZA ITALIA (FI) របស់លោក ម័រលូស្កូនី ព្យាករណ៍ថា រដ្ឋាភិបាលចម្រុះរបស់លោក RENZI នឹងជួបអស្ថេរភាពខ្លាំងជាងរដ្ឋាភិបាលមុនដឹកនាំដោយលោក ENRICO LETTA ដែលជួបបរាជ័យលើការផ្លាស់ប្ដូរ ឬការកែទម្រង់ដែលខ្លួនបានសន្យាទៅទៀត ។ ប្រទេសអីុតាលីឆ្លងកាត់នាយករដ្ឋមន្ដ្រីដល់ទៅ៤រូបហើយ ក្នុងរយៈពេលតែ៤ឆ្នាំ ខណៈប្រទេសនេះកំពុងតែតស៊ូដើម្បីជម្នះលើការបាក់ស្រុតចុះយ៉ាងខ្លាំងនៃសេដ្ឋកិច្ច ៕
ចែករំលែកព័តមាននេះ