ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាក់​ដី​ដោយ​ទាំង​គ្រាប់ សំណាងល្អ​ឃើញ​ទាន់ កុំអីមិនដឹងយ៉ាង​ណា​ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រាប់កាំភ្លើង​ផ្លោង​ប្រភេទ​ត្បាល់ (M៣៨១) ឬ​គេ​តែង​ហៅ​ថា គ្រាប់​ប្រភេទ​៨១​មី​ល្លី​ម៉ែត្រ​មួយ​គ្រាប់ ត្រូវ​បាន​អ្នក​ចាក់​ដី​ប្រទះ​ឃើញ ក្រោយ​ពេល​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ពង្រាបដី​នៅ​ក្នុង​ការដ្ឋាន​ចាក់​ដី​មួយ​កន្លែង ។ បន្ទាប់​មក​បាន​រាយការណ៍​ជូន​លោក​មេ​ភូមិ​ឲ្យ​ផ្ដល់​ដំណឹង​បន្ត​ទៅ​កាន់​លោកនាយ​ប៉ុស្តិ៍​ដើម្បី​រាយការណ៍​ទៅ​កាន់​កម្លាំង​អង្គភាព​កំចាត់​មីន​ស៊ី​ម៉ាក់​ចុះ​ទៅ​ពិនិត្យ​មើល…

រាជធានី​ភ្នំពេញ ៖ គ្រាប់កាំភ្លើង​ផ្លោង​ប្រភេទ​ត្បាល់ (M៣៨១) ឬ​គេ​តែង​ហៅ​ថា គ្រាប់​ប្រភេទ​៨១​មី​ល្លី​ម៉ែត្រ​មួយ​គ្រាប់ ត្រូវ​បាន​អ្នក​ចាក់​ដី​ប្រទះ​ឃើញ ក្រោយ​ពេល​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ពង្រាបដី​នៅ​ក្នុង​ការដ្ឋាន​ចាក់​ដី​មួយ​កន្លែង ។ បន្ទាប់​មក​បាន​រាយការណ៍​ជូន​លោក​មេ​ភូមិ​ឲ្យ​ផ្ដល់​ដំណឹង​បន្ត​ទៅ​កាន់​លោកនាយ​ប៉ុស្តិ៍​ដើម្បី​រាយការណ៍​ទៅ​កាន់​កម្លាំង​អង្គភាព​កំចាត់​មីន​ស៊ី​ម៉ាក់​ចុះ​ទៅ​ពិនិត្យ​មើល និង​យក​ទៅ​កម្ទេច​ចោល​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ការដ្ឋាន​ចាក់​ដី​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ ធានី​ភ្នំពេញ​។

លោក​វរសេនីយ៍ត្រី ភា ប្រុស នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​២ បាន​និយាយ​ថា នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល គឺ​លោក​កំពុង​តែ​ការពារ​ក្បួន​គណៈប្រតិភូ​តាម​ផ្លូវ ស្រាប់តែ​លោក​មេ​ភូមិ​ត្រពាំង​ជ្រៃ​បាន​រាយ​ការ​មក​ថា ​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ត្បាល់​១​គ្រាប់​នៅ​ក្នុង​ការដ្ឋាន​ចាក់​ដី​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​។ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ខាងលើ​នេះ​ភ្លាម លោក​បាន​ប្រាប់ និង​ហាម​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ទៅ​ជិត​ឬ​ប៉ះពាល់​ឲ្យ​សោះ បន្ទាប់​មក​លោក​បាន​ដាក់​សញ្ញា​សម្គាល់​ដើម្បី​ការពារ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ទើប​លោក​រាយការណ៍​បន្ត​ទៅ​កាន់​អង្គភាព​កំចាត់​មីន​ស៊ី​ម៉ាក់​ឱ្យ​ចុះ​មក​ពិនិត្យ និង​យក​គ្រាប់កាំភ្លើង​ត្បាល់​មួយ​គ្រាប់​នេះ​ចេញ​ភ្លាម​ៗ​ផង​ដែរ​។

លោកនាយ​ប៉ុស្តិ៍​បាន​បញ្ជក់​ថា លោក​មិនសូវ​បាន​ស្គាល់​ប្រភេទ​គ្រាប់​ផ្លោង​នេះ​ទេ ព្រោះ​លោក​មិន​ធ្លាប់​ធ្វើ​ជា​ទាហាន ហើយ​ទាល់តែ​ខាង​ស៊ី​ម៉ាក់​ទើប​ដឹង ម្យ៉ាងទៀត​គ្រាប់​នេះ​កប់​ក្នុង​ដី​យូរហើយ និង​ដាច់​កង្ហារ​អស់​ថែម​ទៀត​ផង​។ ជាង​នេះ​ទៀត គ្រាប់កាំភ្លើង​ត្បាល់​មួយ​គ្រាប់​នេះ​ពុំ​មែន​ជា​គ្រាប់​ដែល​កប់​ក្នុង​ដី​នៅ​ទីតាំង​ខាងលើ​នោះ​ឡើយ តាម​ការ​សន្និដ្ឋាន​វា​បាន​ដោយ​មក​តាម​រថយន្ត​ដឹក​ដី​ពី​ខាង​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​មក​ទេ ហើយ​នៅ​ពេល​គ្រឿងចក្រ​(​អា​ប៊ុល​)​ឈូស​ឆាយ​ពង្រាបដី​ក៏​ប្រទះ​ឃើញ​បែប​នេះ​តែ​ម្ដង​។

ក្រោយ​ពេល​ទទួល​បាន​សេចក្ដីរាយការណ៍​ខាងលើ​ភ្លាម កម្លាំង​អង្គភាព​កំចាត់​មីន​ស៊ី​ម៉ាក់​ក៏​បាន​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ និង​បាន​បញ្ជាក់​គ្រាប់​នេះ​ថា​ជា​ប្រភេទ​គ្រាប់កាំភ្លើង​ត្បាល់​(M៣៨១) ឬ​គេ​តែង​ហៅ​ថា គ្រាប់​ប្រភេទ​៨១​មី​ល្លី​ម៉ែត្រ បន្ទាប់​មក​ក៏​បាន​យក​គ្រាប់​នោះ​ដឹក​តាម​រថយន្ត​នាំ​យក​ទៅ​កាន់​អង្គភាព​ដើម្បី​ធ្វើការ​កម្ទេច​ចោល​នៅ​ពេល​ក្រោយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ