សហរដ្ឋអាមេរិកគូសបញ្ជាក់កាលពីថ្ងៃទី២៥ កុម្ភៈ ថាខ្លួនបានស្នើឱ្យអ្នកការទូតវេណេស៊ុយអេឡា ៣នាក់ ចាកចេញពីប្រទេសរយៈពេល៤៨ម៉ោង ជាការសងសឹកប្រឆាំងអំពើដូចគ្នានេះរបស់វេណេស៊ុយអេឡា កាលពីសប្តាហ៍មុន ។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jennifer Psaki ពន្យល់ថា ក្រសួងនេះបានប្រកាសចាត់ទុកលេខាធិការទីមួយ២រូបនៃស្ថានទូតវេណេស៊ុយអេឡា ព្រមទាំងលេខាធិការទី២ ស្ថានទូតនោះម្នាក់ ជាមនុស្សគ្មានបានការ ។
ក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី Psaki បញ្ជាក់ប្រាប់ក្រុមអ្នកកាសែតថា អ្នកការទូតទាំង៣រូបនោះ មានពេល៤៨ម៉ោង ដើម្បីចាកចេញពីសហរដ្ឋអាមេរិក ។ លោកស្រីបន្តថា ក្រុងវ៉ាសុីនតោន នៅតែបើកចំហចំពោះទំនាក់ទំនងការទូតជាមួយវេណេស៊ុយអេឡា ខណៈប្រធានាធិបតីប្រទេសនេះលោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រកាសកាលពីថ្ងៃទី២៤ កុម្ភៈ ថា លោកគ្រោងតែងតាំងឯកអគ្គរដ្ឋទូតថ្មីមួយរូបប្រចាំសហរដ្ឋអាមេរិក ។ ប៉ុន្តែវេណេស៊ុយអេឡា ត្រូវបង្ហាញផងដែរថា ខ្លួនពិតជាចង់ឱ្យយើងធ្វើដំណើរទៅមុខប្រាកដមែន ។ សកម្មភាពមួយចំនួននាពេលថ្មីៗនេះ ក្នុងនោះរួមមានការចាប់បណ្តេញអ្នកការទូតយើង៣រូប បន្តបង្កើតការលំបាក ។
ក្រុងការ៉ាកាស់ ចោទប្រកាន់អ្នកការទូតអាមេរិក៣នាក់ដែលបណ្តេញចេញ ថាបានជួបជាមួយពួកនិស្សិតនៃបណ្តាសាកលវិទ្យាល័យ ហើយញុះញង់ពួកគេឱ្យធ្វើបាតុកម្ម និងបង្កចលាចលក្នុងប្រទេស ដោយបាតុកម្មនានា ដែលជួនកាលផ្ទុះហិង្សាបណ្តាលឱ្យមនុស្សស្លាប់១២នាក់ហើយ ចាប់តាំងពីថ្ងៃទី១២ កុម្ភៈ មក ។ លោកស្រី Psaki បានបដិសេធការចោទប្រកាន់ទាំងនោះ ដោយចាត់ទុកថាជាការចោទប្រកាន់ខុស និងគ្មានមូលដ្ឋាន ។
ទំនាក់ទំនងរវាងអាមេរិក និងវេណស៊ុយអេឡា ពុំមានការកែលម្អឡើយ ចាប់តាំងពីលោក ហ៊ូហ្គោ ឆាវេស ត្រូវបានជំនួសដោយលោក ម៉ាឌូរ៉ូ កាលពីខែមីនា ឆ្នាំ២០១៣ មក ។ លោក ម៉ាឌូរ៉ូ បានចេញបញ្ជាឱ្យបណ្តេញពួកអ្នកការទូតអាមេរិក២លើកហើយ ដែលនាំឱ្យអាមេរិកចាត់វិធានការសងសឹកវិញ ។ ប្រទេសទាំងពីរពុំមានការផ្លាស់ប្តូរឯកអគ្គរដ្ឋទូតគ្នា ចាប់តាំងពីខែកក្កដា ឆ្នាំ២០១០ មក ខណៈវេណេស៊ុយអេឡា ជាអ្នកផ្គត់ផ្គង់ប្រេងឆៅដល់អាមេរិកដល់ទៅ៩០០.០០០ធុង ក្នុងមួួយថ្ងៃ ៕
ចែករំលែកព័តមាននេះ