ខេត្តស្វាយរៀង ៖ រថយន្តយីឌុបមួយគ្រឿង ក្រឡាប់ផ្ងារជើងចាក់ស្រូវចោលលើស្ពានប្រសូត បណ្តាលឱ្យកកស្ទះចរាចរ ខណៈអ្នកបើករថយន្តងងុយដេក បើឡើងពំនូកថ្មកណ្តាលស្ពានផ្អៀងក្រឡាប់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ កុម្ភៈ ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។
បើតាមនគរបាល អធិការស្រុកស្វាយទាប បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ពាក់ស្លាកលេខ ស្វាយរៀង 3A-0933 បើកទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ ទំនងជាអ្នកបើកងងុយដេក ក៏រេចង្កូតមកកណ្តាលថ្នល់ បុកប៉ាណូក្បាលស្ពានរួច បើកឡើងពំនូកថ្មកណ្តាលស្ពាន(ចែកទ្រូងស្ពាន) បណ្តាលឱ្យក្រឡាប់ផ្ងារជើងចាក់ស្រូវចោលលើស្ពាន រីឯអ្នកបើកបរបុកក្បាលទៅនឹងជញ្ជាំងកាប៊ីនរថយន្តបែកហូរឈាមស្រោចពេញផ្ទៃមុខ ត្រូវអ្នកស្រុកអូសចេញ រួចដឹកទៅគ្លីនិកឯកជន។
អ្នកបើករថយន្តឈ្មោះ ឃុន រឿន ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិពោធិដាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ៕
ចែករំលែកព័តមាននេះ