ឃើញ​ភ្លើង​ស៊ី​ញ៉ូ​លោត​ភ្លឹបភ្លែត​ៗ ម្ចាស់​ឆ្ងល់​ពេក​ក៏​ទៅ​មើល​ស្រែកផ្អើល​ឆោឡោ


រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន​១​ដើម្បី​យក​ទៅ​សាកសួរ បន្ទាប់​ពី​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​កង់​បី​ឥណ្ឌា​របស់​ជន​រង​គ្រោះ​ម្នាក់​ដែល​ចត​ទុក​រង់ចាំ​ឌុ​ប​ម៉ូយ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ១៧ ខែសីហា ឆ្នាំ​២០១៩ ជិត​ក្លឹ​ប​កំសាន្ត​ប្លូ​ឡាញ នៅ​ផ្លូវ​២៧១ សង្កាត់​បឹង​ទំពន់​១ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន រួម​មាន ១-​ឈ្មោះ ប៉ាត់ ភេទ​ប្រុស មុខរបរ​កម្មករ​ដាំ​បន្លែ ស្នាក់​នៅ​ស្អាង​ព្រែក​តូច ស្រុក​ស្អាង ខេត្តកណ្តាល ២-​ឈ្មោះ ថុ​ល លី​ឆេ​ង ភេទប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ និង​៣-​ឈ្មោះ កែវ សុធី ភេទប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កសិករ ស្នាក់​នៅ​ភូមិ​បឹង​ត្រែង ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ រតនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​កប់​ស្រូវ សង្កាត់​សំរោង​ក្រោម ភូមិ​អក្សរ ខណ្ឌ​ពោ​ធិសែន​ជ័យ ហើយ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​យក​គឺ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១HG-៨៤៥៦ ។

តាម​សម្តី​បុរស​ជា​ជន​រង​គ្រោះ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ទុក​ម៉ូតូ​កង់​បី​ឥណ្ឌា​របស់​គាត់​នៅ​ចិញ្ចើម​ផ្លូវ រង់ចាំ​ឌុ​ប​ម៉ូយ ហើយ​ពេល​ដែល​គាត់​បាន​ទុក​ម៉ូតូ​កង់​បី​ឥណ្ឌា​ចោល​ដោយ​មាន​ម៉ូតូ​កង់​៣​ផ្សេង​ៗ​ទៀត​នៅ​ជិត​គ្នា​ផង​ដែរ ហើយ​គាត់​ដើរទៅ​រក​ហៅ​ម៉ូយ​ដែល​ចេញពី​ក្លឹ​ប ខណៈ​គាត់​កំពុង​តែ​ឈរ​ហៅ​ម៉ូយ​ក៏​បាន​ក្រឡេក​មើល​ម៉ូតូ​កង់​បី​ឥណ្ឌា ស្រាប់តែ​ឃើញ​លោត​ភ្លើង​ស៊ី​ញ៉ូ​ភ្លឹបភ្លែត​ៗ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​គាត់​មិន​បាន​ទុក​សោ​នៅ​លើ​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​ទេ តែ​បែរជា​ឃើញ​ម៉ូតូ​កង់​បី​លោត​ភ្លើង​ស៊ី​ញ៉ូ​ភ្លឹបភ្លែត​ៗ​បែប​នេះ ​ធ្វើ​ឱ្យ​គាត់​មានការ​ងឿងឆ្ងល់​​ពេក​ក៏​បាន​ដើរទៅ​មើល​ឃើញ​ក្រុម​ជនសង្ស័យ​កំពុង​តែ​ធ្វើ​សកម្មភាព​ត​ខ្សែ​ដើម្បី​បញ្ឆេះ​ជិះ​ចេញ​ទៅ ពេល​នោះ​គាត់​ស្រែក​ឆោឡោ​ផ្អើល​ឱ្យ​គេ​ជួយ ធ្វើ​អោយ​ជនសង្ស័យ​ទាំងនោះ​ភ័យ​ស្លន់ស្លោ​នាំ​គ្នា​រត់គេច​ចូល​ផ្លូវ​ទាល់ ក៏​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​សហការ​ដេញ​ឃាត់ខ្លួន​បាន​ទាំង​៣​នាក់ ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន​១ ធ្វើការ​សាក​​សួរ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្រុម​ជនសង្ស័យ​បាន​សារភាព​ថា ពួក​ខ្លួន​បាន​ចេញពី​ក្លឹ​ប​ប្លូ​ឡាញ​មក​ហើយ​ពួក​ខ្លួន​ពិតជា​បាន​ផ្សំ​គំនិត​គ្នា​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​កង់​បី​ឥណ្ឌា​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​នីតិវិធី ចំណែក​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ដើម្បី​ចាត់ការ​ជា​បន្ត​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ