​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មនុស្ស​៣៧​​នាក់ ​រស់នៅ​២​ស្រុក ពុល​នំ​បុ័ង


ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា លោក​ក្រុស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខា​ភិបាល​​ខេត្តសៀមរាប​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា​នេះ​ថា មាន​ករណី​ពុល​នំ​បុ័ង​ដែល​បាន​កើត​ឡើង​នៅ​ក្នុងស្រុក​បន្ទាយស្រី និង​នៅ​ស្រុក​ប្រាសាទបាគង កាលពី​ពេល​ថ្មី​ៗ​នេះ គឺ​បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​៣៧​នាក់​ភាគច្រើន​ជា​កុមារ មាន​អាកា​រៈ​ក្អួត និង​រាករូស ហើយ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​តាម​មណ្ឌល​សុខភាព មូលហេតុ​គឺ​ដោយសារ​តែ​ការ​ផលិត​នំ​គ្មាន​អនាម័យ ឬ​ក៏​នំ​នោះ​មាន​លក្ខណៈ​ផ្អូម មិន​មែន​ដោយសារ​នំ​នោះ​មាន​លាយ​សារធាតុ​គីមី​ឡើយ ហើយ​ពួក​គាត់​បាន​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​រៀង​ៗ​ខ្លួន​អស់ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៩​។

លោក ក្រុស សា​រ៉ាត់ បាន​ប្រាប់​បន្ថែម​ថា ការ​ផលិត​នំ​ដែល​គ្មាន​អនាម័យ ឬ​ក៏​នំ​មាន​លក្ខណៈ​ផ្អូម​នោះ គឺ​ដោយសារ​តែ​អ្នក​ផលិត​នំ​ប្រើ​សារធាតុ​ផ្សំ​ដូច​ជា​សាច់ និង​ប័​រ​ជាដើម រួច​ទុក​រយៈពេល​យូរថ្ងៃ​អាច​ដុះ​ផ្សិត ហើយ​យក​មក​ផលិត​នំ បណ្ដាល​ឲ្យ​នំ​នោះ​កើត​មាន​មេរោគ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​បរិភោគ បណ្តាល​ឱ្យ​កើត​មាន​អាកា​រៈ​ឈឺពោះ ក្អួត​ច​ង្អុ​រ និង​រាករូស​ជាដើម ប៉ុន្តែ​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នោះ​ទេ ដោយ​គ្រាន់តែ​ប្រើ​ថ្នាំ​បំបាត់​ក្អួត​ច​ង្អុ​រ និង​រាករូស​ទៅ​អ្នកជំងឺ​នឹង​បាន​ធូរស្បើយ​វិញ​ដែរ ។

លោក​បាន​បន្ថែម​ទៀត​ថា មូលហេតុ​ដែល​លោក​អះអាង​ថា អ្នក​ពុល​នំ​បុ័ង​ជា​ករណី​នំ​ដែល​គ្មាន​អនាម័យ ឬ​ក៏​នំ​មាន​លក្ខណៈ​ផ្អូម​នោះ គឺ​ដោយសារ​ក្រោយ​បរិភោគ​រយៈពេល​៤​ទៅ​៥​ម៉ោង ទើប​អ្នក​បរិភោគ​មាន​អាកា​រៈ​ក្អួត​ច​ង្អុ​រ និង​រាករូស ប៉ុន្តែ​ប្រសិនបើ​នំ​នោះ​មាន​លាយ​សារធាតុ​គីមី​វិញ គឺ​ពេល​អ្នក​បរិភោគ​នំ​ចូល​ទៅ​ក្នុង​ពោះ​ភ្លាម និង​កើត​មាន​អាកា​រៈ​ក្អួត​ច​ង្អុ​រ និង​រាករូស​ភ្លាម​ៗ​ផង​ដែរ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៤ សីហា​កន្លង​ទៅ​នេះ មាន​ករណី​ពុល​នំ​បុ័ង​នៅ​ចំណុច​សាលា​បឋម​សិក្សា​កំពង់​​ភ្លុក ស្ថិត​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង បណ្ដាល​ឲ្យ​ពុល​ក្មេង​ៗ​សិស្សសាលា​ចំនួន​២៩​នាក់ ក្នុង​នោះ​ស្រី​២២​នាក់ ដែល​មាន​អាយុ​ក្រោម​១០​ឆ្នាំ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ ដោយ​គ្រាន់តែ​ក្អួត និង​រាករូស ហើយ​បាន​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ទាំងអស់​កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា​នេះ ។

មួយ​ករណី​ទៀត​នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី នៅ​ថ្ងៃ​ទី​១៦ ខែសីហា​នេះ បណ្ដាល​ឱ្យ​ពុល​​កុមារ​ចំនួន​៧​នាក់ ក្នុង​នោះ​កុមារី​ចំនួន​៤​នាក់ ដែល​មាន​អាយុ​ក្រោម​៧​ឆ្នាំ និង​មនុស្ស​ធំ​ម្នាក់​ជា​ស្ត្រី ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុន​រាម ហើយ​បានជា​សះស្បើយ និង​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​រៀង​ៗ​ខ្លួន វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៩​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ