រដ្ឋាភិបាលបណ្តោះអាសន្នអ៊ុយក្រែន កាលពីថ្ងៃទី២៤ កុម្ភៈ បានចេញដីកាចាប់ខ្លួនប្រឆាំងប្រធានាធិបតីត្រូវផ្តួលរំលំលោកវិកទ័រ អុីយ៉ានូកូវីត ពីបទសម្លាប់មនុស្សយ៉ាងច្រើន គឺសម្លាប់ពួកបាតុករក្នុងសប្តាហ៍បង្ហូរឈាមនៅទីក្រុងគៀវ។ រដ្ឋមន្ត្រីមហាផ្ទៃស្តីទីលោកអាសេន អាវ៉ាកូវ ថ្លែងថា ប្រធានាធិបតីត្រូវផ្តួលរំលំ ព្រមទាំងអ្នកទទួលខុសត្រូវដទៃៗទៀតមានឈ្មោះក្នុងបញ្ជីមនុស្សដែលត្រូវតាមចាប់ខ្លួនពីបទសម្លាប់មនុស្សយ៉ាងច្រើន ។
កាលពីថ្ងៃទី២១ កុម្ភៈ កន្លងមកនេះ លោកអុីយ៉ានូកូវីត បានគេចខ្លួនចេញពីទីក្រុងគៀវ តាមឧទ្ធម្ភាគចក្រក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយពួកប្រឆាំងដើម្បីបញ្ចប់ជម្លោះ។ លោកអាវ៉ាកូវ ឱ្យដឹងថា លោកអីុយ៉ានូកូវីត បានទៅកាន់តំបន់គ្រីមេ កាលពីយប់ថ្ងៃទី២៣ កុម្ភៈ ។ចំណែកអ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់នៃសភាអ៊ុយក្រែនថ្លែងនាថ្ងៃទី២៤ កុម្ភៈថា មនុស្សដល់ទៅ៥០នាក់ ក្នុងនោះមានអ្នកទទួលខុសត្រូវជាន់ខ្ពស់មួយចំនួនជាប់សង្ស័យចូលរួមក្នុងការសម្លាប់រង្គាលពួកបាតុករប្រឆាំងរដ្ឋាភិបាល ។
លោក OLEG MAHNITSKY ប្រធានគណៈកម្មការត្រួតពិនិត្យសកម្មភាពរបស់ការិយាល័យរដ្ឋអាជ្ញាគូសបញ្ជាក់ថា យើងនឹងប្រកាសពីការសង្ស័យចំពោះមនុស្ស៥០នាក់ ក្នុងនោះមានបណ្តាអ្នកទទួលខុសត្រូវជាន់ខ្ពស់ពីបទរៀបចំការសម្លាប់រង្គាល ។ប្រធានសភាលោក ALEXANDRE TURCHYNOV បានចេញបញ្ជាដល់ភ្នាក់ងារការពារព្រំដែនឱ្យហាមឃាត់បណ្តាមនុស្សដែលជាប់ទាក់ទិននឹងអំពើហិង្សាកុំឱ្យចាកចេញពីប្រទេស ។
ចំពោះសភាពការណ៍នៅអ៊ុយក្រែន ប្រទេសរុស្ស៊ីបានដំឡើងសំឡេងប្រឆាំងរដ្ឋអំណាចថ្មី និងសហភាពអឺរុ៉ប ។ នាយករដ្ឋមន្ត្រីរុស្ស៊ីលោកឌីមីឌ្រឺម៉េដវេដេវ ថ្លែងថា ប្រសិនបើគេចាត់ទុកពួកមនុស្សដែលអុកឡុកទីក្រុងគៀវ ជាមួយការពាក់ម៉ាស់បិទមុខពណ៌ខ្មៅ ហើយកាន់កាំភ្លើង AK នៅដៃជាមនុស្សរបស់រដ្ឋអំណាចថ្មី នោះយើងពិបាកនឹងធ្វើការជាមួយរដ្ឋាភិបាលបែបនេះ ។ លោករិះគន់ការទទួលស្គាល់ភ្លាមៗរបស់សហភាពអឺរុ៉ប និងសហរដ្ឋអាមេិរកចំពោះរដ្ឋអំណាចថ្មី ។
លោកមានប្រសាសន៍ថា យើងមិនដឹងឡើយចំពោះអ្វីដែលកើតមាននៅទីនោះ តែវាជាការគំរាមកំហែងយ៉ាងពិតប្រាកដមួយចំពោះផលប្រយោជន៍របស់យើង អាយុជីវិត និងសុខភាពរបស់ពលរដ្ឋយើង ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអ៊ុយក្រែនត្រូវបានហៅមកកាន់ក្រុងមូស្គូវិញ ៕
ចែករំលែកព័តមាននេះ