ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាន មុន្នី និង​​ទឹម សុជាតិ​ អ្នក​​ណា​រក​​បាន​3​​ពិន្ទុ​មុន ​? ខណៈ​​គឿម សុវណ្ណ​​ឌឿត​ និង​កែវ​ សុផា​​និត​ ចង់​​បាន​3​​ពិន្ទុ​​​បន្ថែម​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ការប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក​ស្រាបៀរ​ភ្នំពេញ​នៅ​លើ​សង្វៀន​ CTN ថ្ងៃ​ព្រហស្បតិ៍​ ទី​២៧ កុម្ភៈ​ ខាង​មុខ​នេះ​​ ឈាន​ចូល​ដល់​សប្តាហ៍​ទី​៣ ហើយ​ ។

រាជ​ធានី​ភ្នំពេញ​ ៖ ការប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក​ស្រាបៀរ​ភ្នំពេញ​នៅ​លើ​សង្វៀន​ CTN ថ្ងៃ​ព្រហស្បតិ៍​ ទី​២៧ កុម្ភៈ​ ខាង​មុខ​នេះ​​ ឈាន​ចូល​ដល់​សប្តាហ៍​ទី​៣ ហើយ​ ។​ កីឡាករ​ដែល​ជា​បេក្ខ​ភាព​ត្រូវ​ឡើង​ប្រកួត​នៅ​ពេល​នោះ​មាន​ អាន មុន្នី​ មក​ពី​សមា​គម​យុវជន​កម្ពុជា​ខណ្ឌ​មាន​ជ័យ​ ជួប​ជា​មួយ​ ទឹម សុជាតិ​ មក​ពី​ក្លិប​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ ចំណែក​ គឿម​ សុវណ្ណ​ឌឿត​ មក​ពី​ក្លិប​មោង​ឫស្សី​មរតក​គុនខ្មែរ​ ជួប​ជា​មួយ​ កែវ​ សុផានិត​​ មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្ត​បាត់​ដំបង ។​

រវាង​ អាន មុន្នី​ និង ទឹម សុជាតិ​ សុទ្ធ​តែ​ជា​អ្នក​ចាញ់​ការប្រកួត​នៅ​លើក​ទី​១​ ដូចគ្នា​ ដូច្នេះ​លើក​នេះ​ពួកគេត្រូវការ​ឈ្នះ​ដើម្បី​សន្សំ​ពិន្ទុ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ។​ តាម​ការ​កត់​សម្គាល់​ អាន មុន្នី​ ទន់​ជ្រាយ​ផ្នែក​កម្លាំង​បន្តិច​មែន​ បុ៉ន្តែ​ការ​ប្រើ​ស្នៀត​កែង និង​ជង្គង់​ គឺ​ស្ទាត់​ជំនាញ​គ្រាន់​បើ​ រី​ឯ​ចិត្ត​របស់​គេ​ក៏​សឿង​ណាស់​ដែរ ។​ ចំណែក​ឯ ទឹម​ សុជាតិ​ ស្នៀត​កែង​និង​ជង្គង់​អាច​ប្រើ​ការ​បាន​ គ្រាន់​តែ​មិន​សូវ​ស្ទាត់​ជំនាញ​បុ៉ណ្ណោះ ។​ ចំណែក​ឯ​ស្នៀត​កណ្តាប់​ដៃ និង​ស្នៀត​ជើង​របស់​គេ​ពេល​វាយ​ចេញ​ម្តងៗ​មាន​ទម្ងន់​ធ្ងន់​ ទាស់​តែ​ចលនា​វាយ​ចេញ​របស់​គេ​រាង​យឺត​យ៉ាវ​បន្តិច​បុ៉ណ្ណោះ​ ហើយ​កម្លាំង​តតាំង​បាន​ល្អ​​បំផុត​នៅ​ត្រឹម​ទឹក​ទី​៣​ ។​ ទោះ​ជា​យ៉ាង​ណា​ សម្រាប់​ការ​ជួបគ្នា​លើក​នេះ​មិន​ទាន់​ដឹង​ថា ខាង​ណា​មានសំណាង​រក​បាន​៣​ពិន្ទុ​មុន​ឡើយ ។​

គឿម សុវណ្ណ​ឌឿត​ និង​កែវ​ សុផា​និត​ ដែល​សុទ្ធ​តែ​ជា​អ្នក​ឈ្នះ​១​ប្រកួត​ម្នាក់​រួច​មក​ហើយ​នោះ​ ពេល​​នេះ​ពួក​គេ​មាន​មហិច្ឆតា​ចង់​ឈ្នះ​រៀង​ខ្លួន​ដើម្បី​ទទួលបាន​៣​ពិន្ទុ​បន្ថែម​ទៀត​ គ្រាន់​តែ​គេ​មិន​ទាន់​ដឹង​មុន​ថា អ្នក​ណា​មាន​សំណាង​ជាង​អ្នក​ណា​នោះ​ឡើយ ។​ ​គឿម សុវណ្ណ​ឌឿត​ បើ​និយាយ​ពី​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​របស់​គេ គឺ​ល្អ​គួរសម​ទាំង​ស្នៀត​កែង និង​ជង្គង់​អាច​យក​ជា​ការ​បាន​ ឯ​ចិត្ត​ក៏សឿង​ណាស់​ដែរ បុ៉ន្តែ​ចលនា​នៃ​ការវាយ​ចេញ​របស់គេ គឺ​យឺត​យ៉ាវ​ខ្លាំង​ណាស់ ។​ ឯ កែវ​ សុផានិត​ ក្រៅ​ពី​មាន​កម្លាំង​ខ្លាំង​ ស្នៀត​ប្រយុទ្ធ​នៅ​លើ​សង្វៀន​របស់​គេ​គឺ​មិន​ចាញ់​ គឿម សុវណ្ណ​ឌឿត​ បុ៉ន្មាន​ឡើយ ជា​ពិសេស​ផ្លែ​ជង្គង់​របស់​គេ​អាច​ប្រើ​ការបាន​យ៉ាង​ស្ទាត់​ជំនាញ​បំផុត​ គ្រាន់​តែ​ចិត្ត​របស់​គេរាង​តូច​​បន្តិច​បុ៉ណ្ណោះ ។​

ទោះ​បី​យ៉ាងណា​ ការ​ជួបគ្នា​រវាង​ពួក​គេទាំង​២​លើក​នេះ គ្មាន​នរណា​ហ៊ាន​ទាយ​ទុក​មុន​ពី​​លទ្ធ​ផល​ចាញ់-​ឈ្នះ​បាន​ឡើយ តែ​គូ​នេះ​គេ​ហ៊ាន​និយាយ​មុន​ថា​ នឹង​មាន​ការ​តតាំង​គ្នា​យ៉ាង​ស្វិត​ស្វាញ​មិន​ខាន​ ដោយ​សារ​ម្នាក់ៗ​សុទ្ធ​តែ​ប្តេជ្ញា​ថា នឹង​យក​ឈ្នះ​គូ​ប្រកួត​ឱ្យ​ទាល់​តែ​បាន​ ទោះ​បី​មាន​ការ​វិភាគ​ផ្អៀង​ទៅ​លើ​ភាគី​ណា​មួយ​ក៏​ដោយ ៕​