ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បុក្កតោ​​កម្ពុជា​​​ចង់​​ពង្រីក​​ខ្លួន​នៅ​​អាមេ​រិក​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល​កន្លះ​ខែ​ហើយ​ ដែល​លោក​គ្រូ​តា​ក្រមា​មាស​ សាន​ គឹម​ស៊ាន បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​អាមេរិក​ ក្នុង​បំណង​ស្វែង​រក​ជំនួយ​អន្តរាគមន៍​ដើម្បី​ឱ្យ​ក្បាច់​គុន​ល្បុក្ក​តោ​កម្ពុជា​មាន​ឱកាស​ឈរ​ជើង​ និង​ពង្រីក​ខ្លួន​នៅ​ទី​នោះ ។

រាជ​ធានី​ភ្នំពេញ​ ៖ មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល​កន្លះ​ខែ​ហើយ​ ដែល​លោក​គ្រូ​តា​ក្រមា​មាស​ សាន​ គឹម​ស៊ាន បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​អាមេរិក​ ក្នុង​បំណង​ស្វែង​រក​ជំនួយ​អន្តរាគមន៍​ដើម្បី​ឱ្យ​ក្បាច់​គុន​ល្បុក្ក​តោ​កម្ពុជា​មាន​ឱកាស​ឈរ​ជើង​ និង​ពង្រីក​ខ្លួន​នៅ​ទី​នោះ ។​ ការ​ប្រឹង​ប្រែង​នេះ​ធ្វើ​ឱ្យ​មន្ត្រី​សហ​ព័ន្ធ​កីឡា​មួយ​នេះ​រំពឹង​ទុក​ថា​ ល្បុក្ក​តោ​ដែលជា​ក្បាច់​គុន​ដ៏​ខ្លាំង​របស់​ខ្មែរ​នឹង​មាន​ឱកាស​បង្ហាញ​វត្ត​មាន​ជា​លើក​ដំបូង​​នៅ​លើ​ទឹក​ដី​អាមេរិក​មិន​យូរ​មិន​ឆាប់ ។​

អ្នក​នាំ​ពាក្យ​របស់​លោក​គ្រូ​សាន​ គឹមស៊ាន បាន​ប្រាប់​កោះសន្តិ​ភាព​ឱ្យដឹង​ថា​ លោក​គ្រូ​បាន​ចាក​ចេញ​ទៅ​កាន់​ទឹក​ដី​អាមេរិក​រយៈ​ពេល​ច្រើន​ថ្ងៃ​មក​ហើយ​ ដើម្បី​ស្វះ​ស្វែង​រក​កិច្ច​អន្តរា​គមន៍​ពី​សំណាក់​តំណាង​ធំៗ​របស់​សហគមន៍ខ្មែរ​ដើម្បី​ឱ្យ​ជួយ​ជ្រោម​ជ្រែង​ចំពោះ​លោក​គ្រូ និង​កីឡា​ករ កីឡាការិនី​​ល្បុក្ក​តោ​កម្ពុជា​ឱ្យ​មាន​លទ្ធ​ភាព​ឈរ​ជើង​ពង្រីក​ក្បាច់​គុន​នេះ​លើ​ទឹក​ដី​អាមេរិក​ ។​ អ្នក​ស្រី​ អ៊ុក​​ ពង្ស​បុប្ផា​ ភរិយារបស់​លោក​គ្រូ​តា​​ក្រមា​មាស​ សាន គឹម​ស៊ាន​ ដែល​ជា​អ្នក​លើក​ទូរ​ស័ព្ទ​ជំនួស​បាន​ថ្លែង​ឱ្យ​ដឹង​ថា​ ស្វាមីរបស់​អ្នក​ស្រី​បានចាក​ចេញ​ទៅ​កាន់​ទឹក​ដី​អាមេរិក​អស់​រយៈ​ពេល​ច្រើន​ថ្ងៃ​មក​ហើយ​ បន្ទាប់​ពី​លោក​គ្រូ​ទទួល​ការ​អញ្ជើញ​ដើម្បី​ធ្វើ​កិច្ច​ទំនាក់​ទំនង​រវាង​កីឡាករ​ល្បុក្ក​តោ​ដោយ​ផ្ទាល់​ជាមួយ​នឹង​ប្រជាពល​រដ្ឋ​រស់​នៅ​ទីនោះ​ ដែល​មួយ​ចំនួន​ធំ​គឺ​ជា​ជន​ជាតិ​ខ្មែរ​ ។​ ការ​ចាក​ចេញ​ទៅ​នោះ​មិន​ទាន់​ដឹង​ថា​ គាត់​នឹង​វិល​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ណា​នៅ​ឡើយ​ទេ​ ដោយ​សារ​តែ​លោក​គ្រូ​មាន​បំណង​ស្វែង​រក​ការ​អន្តរា​គមន៍​ឱ្យ​បំណង​ខាង​លើ​បាន​សម្រេច​ក្នុង​អំឡុង​នៃ​ការស្នាក់​នៅ​​នេះ ។​

នេះ​គឺ​ជា​សញ្ញា​វិជ្ជ​មាន​ថ្មី​មួយ​បន្ទាប់​ពី​ក្បាច់​គុន​ល្បុក្ក​តោ​បាន​បង្កើត​ឡើង​ជា​សហព័ន្ធ​ និង​មាន​ការ​ទទួល​ស្គាល់​យ៉ាង​ទូលំ​ទូលាយ​នៅ​លើ​សាកល​លោក បុ៉ន្តែ​នៅ​មិន​ទាន់​មាន​សំណាង​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ទឹកដី​អាមេរិក ។​ តាម​ការ​ឱ្យ​ដឹង​ ក្បាច់​គុន​បុរាណ​ខ្មែរ​ចាប់​ផ្តើម​មាន​កំណើត​បង្កើត​ជា​ក្លិប​ហ្វឹក​ហាត់​ពី​សំណាក់​កូនខ្មែរ និង​បរទេស​ដែល​រស់​នៅ​លើ​​ប្រទេស​ដែល​មានខ្មែរ​រស់​នៅ​កាន់​តែ​ច្រើន​នា​ពេល​ចុង​ក្រោយ ។​ បុ៉ន្តែ​សម្រាប់​​សហ​រដ្ឋ​អាមេ​រិក​នៅ​មិន​ទាន់​មាន​កីឡា​ពី​បុរាណ​ណា​មួយ​កើត​ឡើង​នៅ​ឡើយ​ទេ​ ដោយសារ​តែ​គ្មាន​ការ​ជ្រោម​ជ្រែង​ពី​ខ្មែរ​រស់​នៅ​ទី​នោះ​ និង​ពុំ​មាន​អ្នក​ជំនាញ​ដើម្បី​បង្កើត​ជា​ក្លិប​បែប​នោះ​នៅ​ឡើយ​ ។ ជាក់​ស្តែង​ សម្រាប់​​ក្បាច់​គុន​ល្បុក្ក​តោ​ គឺ​រឹត​តែ​ឆ្ងាយ​ទៅ​ទៀត​ ខណៈដែល​ក្បាច់​គុន​របស់​ប្រទេស​ផ្សេង​ដូចជា​ ប្រដាល់​ថៃ​ជា​ដើម​កំពុង​ចាប់​ផ្តើម​វាយ​លុក​ទីផ្សារ​សហរដ្ឋ​​អាមេរិក ។​ អ្នក​ស្រី​ អ៊ុក​ ពង្សបុប្ផា​ បញ្ជាក់​ថា​ ស្វាមី​អ្នក​ស្រីសម្លឹង​ឃើញសន្ទុះ​ដើរ​ទៅ​មុខ​របស់​​ល្បុក្ក​តោ​កម្ពុជា​នៅ​លើ​ទឹកដី​អាមេរិក​យូរ​មក​ហើយ​ ដោយ​សារតែ​នៅ​ទី​នោះ​មានអ្នក​ចេះ​ដឹង​ច្រើន និង​មាន​កូនចៅខ្មែរ​ដែល​មាន​ការ​ចង់​ដឹង​​ចង់​យល់​ពី​កេរ​ដំណែល​របស់ខ្មែរ​កាន់​តែ​ច្រើន​ ។

ទោះ​យ៉ាងណា​ លោក​គ្រូ​មិន​មាន​បំណង​ចាក​ចេញ​ពី​កម្ពុជា​ ហើយ​ទៅ​បង្កើត​ក្លិប​គុន​ល្បុក្ក​តោ​​នៅ​ប្រទេស​ហ្នឹង​នោះ​ទេ​ គឺគ្រាន់​តែស្វែង​រក​កិច្ច​អន្តរាគមន៍​ដើម្បី​ឱ្យ​កីឡាករ​ កីឡាការិនី​ល្បុក្ក​តោ​កម្ពុជា​មាន​ឱកាសបាន​ឡើង​ទៅ​បង្ហាញ​ក្បាច់​គុន​ដូច​កាល​នៅ​បារាំង​កន្លង​មក​ និង​ស្វែង​រក​អ្នក​ដែល​ចេះ​ក្បាច់​គុន​មួយ​នេះ​ខ្លះៗ​ ឱ្យ​ពួកគេ​បង្កើត​ជា​ក្លិប​ដើម្បី​ឱ្យ​កូន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក​បា​ន​យល់ដឹង​ពីក្បាច់​គុន​របស់​ខ្មែរ​តែ​បុ៉ណ្ណោះ ។​ ដូចគ្នា​នឹង​ការ​បញ្ជាក់​នេះ លោក​គ្រូ​តា​ក្រមា​មាស​ធ្លាប់​បាន​បញ្ជាក់​ថា​ នៅ​ក្នុង​ប្រទេស​បារាំង​ ក្បាច់​គុន​បុរាណ​ខ្មែរ​មាន​ការ​បង្កើត​​ជា​ក្លិប​ និង​ជា​សមា​គម​បាន​ច្រើន​កន្លែង​រួច​មក​ហើយ​ បន្ទាប់​ពី​លោក​គ្រូ​បាន​អញ្ជើញ​ឱ្យ​អ្នក​ចាប់​អារម្មណ៍​ក្បាច់​គុន​ទាំង​នោះ​មក​ហ្វឹក​ហាត់​នៅ​ស្រុក​ខ្មែរ​ និង​បាន​បញ្ជូន​គ្រូ​គុន​​ផ្នែក​ក្បាច់​គុន​មួយ​នេះ​ឱ្យ​ទៅ​បង្ហាត់​សិស្ស​គុន​ដល់​ទឹកដីបារាំង​ដោយ​ផ្ទាល់ ។​ អុីចឹង​ហើយ​ ទើប​លោក​គ្រូ​មាន​បំណង​ចង់​ឱ្យ​ក្លិប​ក្បាច់​គុនដដែល​នេះ​មានរូប​រាង​ឡើង​នៅ​លើ​ទឹកដី​សហ​រដ្ឋ​អាមេរិក​ និង​មាន​កូនខ្មែរ​កាន់​តែ​ច្រើន​ដែល​រស់​នៅ​ទី​នោះ​ផ្តោត​ការ​ជ្រោមជ្រែង​ចំពោះ​ល្បុក្ក​តោ​កម្ពុជា​ ដែល​មក​ទល់​ពេល​នេះ​កាន់​តែ​មាន​ការទទួល​ស្គាល់ ។​ អ្នក​នាំ​ពាក្យ​របស់​លោក​ពោល​ថា​ មក​ទល់​ពេល​នេះ​ដំណើរស្វែង​រក​ការ​អន្តរា​គមន៍​របស់​លោក​គ្រូ​ បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ ដោយ​ក្នុង​ពេល​ដ៏​ខ្លី​ពិត​ជា​មាន​កូន​ខ្មែរ​ដែល​រស់​នៅ​ទី​នោះ​ចុះ​មក​ហ្វឹក​ហាត់​ឱ្យបាន​ចេះ​ស្ទាត់​ ដើម្បី​យក​ទៅ​បើក​ជា​សាលា​គុន​ទុក​បង្ហាត់​កូនខ្មែរ​ដែល​រស់​នៅ​លើ​ទឹកដី​អាមេរិក​ដូច​នៅ​ក្នុង​ប្រទេស​បារាំង​ជាក់​ជា​មិន​ខាន​ឡើយ ។​

បន្ថែម​ពីលើ​ការ​រំពឹង​ទុក​នេះ​ កីឡាករ​ កីឡាការិនី​ល្បុក្ក​តោ​ខ្មែរ​ពិត​ជា​អាច​ឡើង​ទៅ​ជា​ក្រុម​ក្នុង​រូបភាព​ទៅ​បង្ហាញ​ក្បាច់​គុន​ដ៏​ចំណាស់​របស់​ខ្មែរ ​ដើម្បី​ឱ្យ​បងប្អូន​ដែល​រស់​នៅ​លើ​ទឹកដី​អាមេរិក​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ មិន​យូរ​មិន​ឆាប់​ដូចគ្នា ។​ អ្នក​ស្រី​មាន​ប្រសាសន៍​ថា​ បើ​ល្បុក្ក​តោ​កម្ពុជា​មាន​ឱកាស​បាន​ទៅ​បង្ហាញ​ខ្លួន​នៅ​ទី​នោះ​មែន​ ពិត​ជា​ទទួលបាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​មិន​ខាន​ ហើយ​ឱកាស​ចង់​បង្កើត​ជា​ក្លិប​ហ្វឹក​ហាត់​នៅ​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក​ ក៏​មិន​មែន​ជា​រឿង​លំបាក​នោះ​ដែរ ។​ លោក​គ្រូ​តា​ក្រមា​មាស​ សាន គឹម​ស៊ាន នៅ​មិន​ទាន់​កំណត់ថ្ងៃ​វិល​​ត្រឡប់​ពី​អាមេរិក​នៅ​ឡើយ​ទេ​ បុ៉ន្តែ​បើ​តាម​ភរិយា​របស់​លោក​អះ​អាង​ គឺ​លោក​គ្រូ​នឹង​វិល​ត្រឡប់​មក​វិញ​ឆាប់ៗ​ ព្រម​ជា​មួយ​នឹង​ក្តី​រំពឹង​មួយ​ថ្មី​ដែល​អាច​ឱ្យ​ល្បុក្ក​តោ​កម្ពុជា​មាន​ឱកាស​បង្ហាញ​ខ្លួន​នៅ​ទី​នោះ​ ដូច​​នៅ​ប្រទេស​បារាំង​ កូរ៉េ វៀត​ណាម​ ម៉ាឡេស៊ី​ និង​បណ្តាប្រទេស​មួ​យចំនួន​ទៀត​ ។​ លទ្ធ​ផល​ដែល​រំពឹង​នោះ​ ក៏​ពិត​ជា​ធ្វើ​ឱ្យ​ល្បុក្ក​តោ​កម្ពុជា​អាច​បន្ត​ដំណើរទៅ​កាន់​ប្រទេស​កាណាដា​ និង​បណ្តា​ប្រទេស​ក្បែរ​ខាង​ផ្សេង​ទៀត​ ដែល​សម្បូរ​ពល​រដ្ឋ​ខ្មែរ​រស់​នៅ​ទី​នោះ​ផងដែរ ។​

អ្នក​ស្រី​ អ៊ុក ពង្ស​បុប្ផា​ ប្រាប់​ថា​ ជា​រឿង​ស្តាយ​ណាស់​ដែល​ស្វាមី​របស់​អ្នក​ស្រី​បាន​ទទួល​ការ​អញ្ជើញ​ឱ្យ​ទៅ​ទី​នោះ​​តែ​ម្នាក់​ឯង​ បើ​ទៅ​ជាមួយ​សិស្សគុន​ គឺពិត​ជា​បាន​បង្ហាញ​ក្បាច់​គុន​ក្នុង​ពេល​ស្នាក់​នៅ​រយៈ​ពេល​យូរ​នេះ​តែ​ម្តង​ ដើម្បី​ឱ្យ​កាន់តែ​មាន​លទ្ធ​ផល​វិជ្ជ​មាន​ក្នុងការទាក់​ទាញ​ប្រជា​ជន​អាមេរិក​ឱ្យ​ផ្តោត​ការ​ជួយ​ជ្រោម​ជ្រែង​ដល់​គុន​ខ្មែរ​មួយ​នេះ​ឱ្យ​មាន​វត្ត​មាន​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​ដ៏​ខ្លី ៕​