ក្រុងប៉េកាំងកាលពីថ្ងៃទី២៤ កុម្ភៈ នៅតែរក្សាទុកការប្រកាសអាសន្នកម្រិតខ្ពស់ទី២ គឺពណ៌ទឹកក្រូច ចំពោះការបំពុលបរិយាកាសដោយសារផ្សែងអ័ព្ទយ៉ាងក្រាស់ ខណៈផ្សែងអ័ព្ទនោះនឹងនៅមានតទៅទៀតក្នុងរដ្ឋធានីចិនរយៈពេល៣ថ្ងៃខាងមុខនេះ ។ ក្នុងសេចក្តីប្រកាសមួយ ការិយាល័យក្រុងទទួលបន្ទុកឆ្លើយតបបន្ទាន់ចំពោះការបំពុលធាតុអាកាស បានណែនាំដល់បណ្តាមនុស្សចាស់ និងកុមារកុំឱ្យចេញក្រៅផ្ទះ ហើយត្រូវពាក់ម៉ាស់ការពារ ។
ការិយាល័យនេះក៏អំពាវនាវផងដែរដល់ប្រជាជនឱ្យជ្រើសយកការធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ ហើយកម្រិតការប្រើប្រាស់រថយន្តព្រមទាំងស្នើដល់បណ្តាសាលារៀនឱ្យកាត់បន្ថយសកម្មភាពនានានៅកណ្តាលវាល ។ អាជ្ញាធរក្រុងប៉េកាំង កាលពីថ្ងៃទី២១ កុម្ភៈ កន្លងមកនេះ បានចេញបញ្ជាដល់សហគ្រាសចំនួន៣៦ ឱ្យផ្អាកផលិតកម្ម និងឱ្យសហគ្រាស៧៥ទៀតកាត់បន្ថយផលិតកម្មក្នុងក្របខណ្ឌនៃយន្តការឆ្លើយតបចំពោះការបំពុលបរិយាកាស ពេលការប្រកាសអាសន្នមានកម្រិតពណ៌ទឹកក្រូចឡើងទៅ។
ទោះបីជាមានវិធានការត្រួតពិនិត្យមួយចំនួនក្តី ក៏ក្រុងប៉េកាំង និងបណ្តាទីក្រុងស្ថិតនៅជិតខាង ពិសេសក្នុងខេត្តហុឺបី តែងទទួលរងការបំពុលធាតុអាកាសធ្ងន់ធ្ងរមួយដែរ ៕
ចែករំលែកព័តមាននេះ