បណ្តាអ្នកទទួលខុសត្រូវឥណ្ឌា គូសបញ្ជាក់ថា ពួកសកម្មប្រយុទ្ធយ៉ាងតិច៧នាក់ បានត្រូវស្លាប់ កាលពីថ្ងៃទី២៤ កុម្ភៈ ក្នុងការបាញ់តតាំងគ្នាយ៉ាងសាហាវជាមួយកងទ័ពឥណ្ឌា នៅតំបន់កាស្មៀរស្ថិតក្រោមការត្រួតត្រារបស់ឥណ្ឌា ។ ការបាញ់តតាំងគ្នានោះ កើតមានកាលពីល្ងាចថ្ងៃទី២៤ កុម្ភៈ នៅ Dardpura-Lolab ជិតខ្សែបន្ទាត់ត្រួតពិនិត្យក្នុងស្រុកជាប់ព្រំដែន គុបវារ៉ា ចម្ងាយប្រមាណជា១២៥គីឡូម៉ែត្រ ភាគខាងជើងក្រុងស្រុីណាហ្គា ទីប្រជុំជនកាស្មៀរ ស្ថិតក្រោមការត្រួតត្រារបស់ឥណ្ឌា ។
វរសេនីយ៍ទោ Joshi អ្នកនាំពាក្យកងទ័ពឥណ្ឌានៅស្រុីណាហ្គា ថ្លែងថា កងល្បាតមួយរបស់កងទ័ពឥណ្ឌារងការវាយប្រហារនៅ Dardpura-Lolab ហើយបានវាយប្រហារតបតវិញភ្លាមៗ ដោយសម្លាប់ជនសកម្មប្រយុទ្ធ៧ នាក់ ។ យោងតាមអ្នកនាំពាក្យរូបនេះថា កងទាហានបន្ថែមត្រូវបានបញ្ជូនទៅដើម្បីទប់ទល់នឹងពួកសកម្មប្រយុទ្ធដទៃៗទៀតដែលមានវត្តមាននៅតំបន់នោះដែរ ។ ប្រតិបត្តិការយោធាមួយកំពុងដំណើរការ ។ ការសុើបអង្កេតមួយកំពុងធ្វើ ដើម្បីកំណត់អត្តសញ្ញាណពួកសកម្មប្រយុទ្ធដែលត្រូវសម្លាប់ និងចង់ដឹងថាតើពួកគេស្ថិតក្នុងក្រុមណា ៕
ចែករំលែកព័តមាននេះ