រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ដែរ និងបានរត់ដោយថ្មើរជើងចេញផុតពីកន្លែងកើតហេតុបានចម្ងាយប្រមាណជាង ១០០ម៉ែត្រ ទើបដួលសន្លប់លែងដឹងខ្លួន បន្ទាប់ពីពួកគេជិះម៉ូតូ ២គ្រឿង ផ្សេងគ្នានៅលើកំណាត់ផ្លូវបេតុងមួយកន្លែង ហើយម៉ូតូរបស់ពួកគេទាំង ២គ្រឿងនោះ អត់មានភ្លើងបំភ្លឺផ្លូវដូចគ្នា និងបានបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ៧ និង ៣០នាទី យប់ថ្ងៃទី២៤ កុម្ភៈ ២០១៤ ស្ថិតក្នុងភូមិចំការស្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះទាំង ២នាក់ មានឈ្មោះ ១. ធី ម៉ាប់ អាយុប្រហែល ១៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅក្នុងភូមិអង្គតាកូវ សង្កាត់កោករកា ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកត្រៃ ពណ៌ខៀវលាយស ពាក់ស្លាកលេខ កណ្ដាល 1O-8569 រងរបួសសន្លប់នៅនឹងកន្លែង។ ២. ឈ្មោះ ជួន វិមាន ហៅតុំ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច អត់ស្លាកលេខ ជនរងគ្រោះរូបនេះ បានរត់ដោយថ្មើរជើងមួយខ្យល់បានចម្ងាយប្រមាណជាង ១០០ម៉ែត្រ ពីកន្លែងកើតហេតុ ក៏ដួលសន្លប់លែងដឹងខ្លួនរហូត។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូទាំង ២គ្រឿងនោះ សុទ្ធតែអត់មានភ្លើងបំភ្លឺផ្លូវដូចគ្នា និងបានបើកបរធ្វើដំណើរក្នុងទិសដៅច្រាសគ្នា ដោយម៉ូតូម៉ាកគុបជ្រុង បានបើកក្នុងទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូត្រៃបានបើកក្នុងទិសដៅពីជើងទៅត្បូង។ លុះទៅដល់ចំណុចកើតហេតុ ដោយសារតែម៉ូតូអត់ភ្លើង ហើយផ្លូវងងឹតចាក់ភ្នែកមិនយល់ធ្វើឲ្យពួកគេមើលគ្នាមិនឃើញ ក៏បានបុកគ្នាពេញទំហឹងបណ្ដាលឲ្យមានគ្រោះថ្នាក់បែបនេះតែម្ដង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ ចំណែកម៉ូតូទាំង ២គ្រឿង ត្រូវប៉ូលិសនាំយកទៅរក្សាទុកនៅអធិការដ្ឋានរង់ចាំការដោះស្រាយគ្នានៅពេលក្រោយទៀត៕
ចែករំលែកព័តមាននេះ