រាជធានីភ្នំពេញ ៖ លេចមុខលេចមាត់ជាថ្មីនៅលើសង្វៀនប្រដាល់នាពេលចុងក្រោយ កីឡាករជើងខ្លាំងល្បីឈ្មោះ វង្ស ណយ ត្រូវគេឃើញមានមុខឡើងប្រកួតនៅលើសង្វៀនអន្តរជាតិទៀតហើយនៅថ្ងៃសៅរ៍ទី១៧ សីហា ឆ្នាំ២០១៩នេះ ។ គេនឹងប៉ះជាមួយកីឡាករថៃ ខ្វាន់អេក សសុផាប ដែលជាជើងខ្លាំងមិនធម្មតា ម្នាក់នៅក្នុងប្រទេសថៃ ។ មួយគូនេះ ត្រូវគេរំពឹងថា ពិតជាធ្វើឱ្យរញ្ជួយសង្វៀនអន្តរជាតិ នៅក្នុងព្រឹត្តិការណ៍ TV5 Knock Out Series by K-Cementដែលជាការប្រកួតឈានដល់ការជម្រុះពី៣២នាក់យក១៦នាក់ក្នុងសប្ដាហ៍ទី៥។
លោក សេង កដិកា បញ្ជាក់ថា សមាសភាពខាងកម្ពុជា សម្រាប់ការប្រកួតជាមួយថៃ លោកជឿជាក់ខ្លាំងលើកីឡាករ វង្ស ណយ ដោយសារតែគេគឺជាជើងខ្លាំង ហើយបើទោះជាមិនសូវប្រកួតញឹកដូចមុន ប៉ុន្តែសមត្ថភាពនៅតែល្អ។
លោកសម្រេចដាក់ឱ្យប្រកួតជាលក្ខណៈអន្តរជាតិ គឺដោយសារតែកីឡាកររូបនេះមានសមត្ថភាពខ្លាំងជាយូរមកហើយ និងទទួលបានការចាប់ អារម្មណ៍នៅក្នុងវិស័យប្រដាល់ ។ លោកប្រកាសថា វត្តមានចុះមករបស់កីឡាករ ខ្វាន់អេក សសុផាប លោកចង់ផ្ដល់ឱកាសឱ្យវង្ស ណយ ដោយសារតែអ្នកទាំងពីរសុទ្ធតែជាម្ចាស់ជើងឯកដូចគ្នា ទើបលោកហ៊ានសម្រេចផ្គូផ្គង បើទោះ ជាមានអ្នកគាំទ្រភាគច្រើនថាកីឡាករកម្ពុជាអាចនឹងពិបាកទប់ជាមួយកីឡាករថៃ ព្រោះគេស្ងាត់ប្រកួតមួយរយៈក្ដី ។
លោកក៏បានកំណត់ឱ្យកីឡាករកម្ពុជា ហ្វឹកហាត់ជាប់លាប់មិនតិចជាង១សប្ដាហ៍ផងដែរមុនពេលផ្គូផ្គង ទើបលោកយល់ថា សមាសភាពរបស់កីឡាករកម្ពុជារូបនេះគ្រប់គ្រាន់សម្រាប់ឱ្យប៉ុស្តិ៍លេខ៥ដាក់ប្រកួតជាលក្ខណៈអន្តរជាតិ នៅថ្ងៃសៅរ៍នេះ។ លោកថា កីឡាករកម្ពុជា និងថៃ សុទ្ធតែត្រូវបានអះអាងថាមានការត្រៀមខ្លួនច្បាស់លាស់ ដោយសារតែភាគីម្ខាងៗចង់ឈ្នះការប្រកួតរៀងខ្លួន និងមិនចង់បាត់បង់ក្រេឌីតក្រោយពេលប៉ះគ្នា ។ មួយគូនេះ មានការចាប់អារម្មណ៍ភាគច្រើន ដោយរំពឹងថានឹងមានអ្នកស្នេហាវិស័យប្រដាល់ជក់ចិត្ត និងចង់ដឹងពីបទពិសោធន៍អ្នកទាំងពីរនៅពេលប៉ះគ្នា ។
ម្យ៉ាងកីឡាករកម្ពុជា វង្ស ណយ មិនសូវមានទម្លាប់ឡើងវ៉ៃលាក់ដៃស្រាប់ ស្របគ្នាដែលគេក៏ជាកីឡាករក្លាហាន និងវាយស៊ូផង ទើបលោកពេញចិត្ត ។
លោក សេង កដិកា បន្តថា ជំនួបអន្តរជាតិដែលបានធ្វើឡើងនៅប៉ុស្តិ៍លេខ៥ មិនមែនសុទ្ធតែរន្ថើនព្រឹត្តិការណ៍ជើងឯកឱ្យអ្នកទស្សនាកាន់តែមានអារម្មណ៍កញ្ជ្រោលនោះទេ ប៉ុន្តែសម្រាប់ជំនួបរវាងកីឡាករទាំង២ លោកជឿជាក់ថានឹងកក្រើកដោយសារកីឡាករថៃលោកស្គាល់ថ្វីដៃច្បាស់ហើយថា មិនធម្មតា ហើយសម្រាប់កីឡាករកម្ពុជា វិញ ក៏ល្អស្ថិតក្នុងទំនុកចិត្តលោក តាំងពីមុនផ្គូផ្គង ។
យ៉ាងណាមិញលោកថា កីឡាករកម្ពុជាដ្បិតថារូបលោក និងអ្នកគាំទ្រទុកចិត្តពីសមត្ថភាពយ៉ាងហ្នឹង តែបើគេប្រកួតមិនល្អ ឬមិនអស់ពីសមត្ថភាព ក៏ពិតជារងការរិះគន់មិនតិចដែរ ទើបតម្រូវឱ្យគេត្រូវតែប្រកួតឱ្យខ្លាំង ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ