ក្មេងស្រីថៃម្នាក់អាយុ៦ឆ្នាំ ដែលត្រូវរបួសធ្ងន់ កាលពីថ្ងៃទី២៣ កុម្ភៈ ក្នុងការវាយប្រហារដោយគ្រាប់បែកដៃ១គ្រាប់នៅក្រុងបាងកក បានស្លាប់កាលពីព្រឹកថ្ងៃទី២៤ កុម្ភៈ ធ្វើឱ្យចំនួនកុមារស្លាប់នាចុងសប្តាហ៍កន្លងមកនេះ ក្នុងអំពើហិង្សាចុងក្រោយទាំងឡាយទាក់ទិនដល់វិបត្តិនយោបាយនៅប្រទេសថៃ ឡើងដល់៣នាក់ហើយ ។
ប្អូនប្រុសក្មេងស្រីនោះបានស្លាប់នាពេលមុន នេះក្នុងការវាយប្រហារដែលកើតមាននៅជិតកន្លែងបោះជំរំធ្វើបាតុកម្មមួយរបស់ពួកប្រឆាំងរដ្ឋាភិបាល ។ ក្មេងប្រុសនោះអាយុ៤ឆ្នាំពុំមែន១២ឆ្នាំដូចសេចក្តីរាយការណ៍នានាពីដំបូងឡើយ ។កាលពីថ្ងៃទី២២ កុម្ភៈ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ បានស្លាប់រួចហើយក្នុងការវាយប្រហារមួយ ពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅខេត្តត្រាត ភាគខាងកើតប្រទេស ។
ចំណែកអគ្គលេខាធិការ អ.ស.ប លោក បាន គីមូន កាលពីថ្ងៃទី២៣ កុម្ភៈ បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ដែលមានការកើនឡើងនៅប្រទេសថៃ ដោយលោកស្នើដល់គ្រប់ភាគីឱ្យចាប់ផ្តើមធ្វើការចរចាគ្នាដោយស្ថាបនាដើម្បីបញ្ចប់វិបត្តិ ។
ក្នុងសេចក្តីប្រកាសមួយចេញផ្សាយ ដោយអ្នកនាំពាក្យរបស់លោក អគ្គលេខាធិការ អ.ស.ប ថ្កោលទោសចំពោះការកើនឡើងនៃអំពើហិង្សានៅថៃ រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជាពិសេសការវាយប្រហារដោយអាវុធនានា ប្រឆាំងពួកបាតុករដែលបណ្តាលឱ្យកុមារទាំងឡាយត្រូវស្លាប់ផងដែរ ។ លោកអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់ក្នុងគ្រប់សង្កាត់ទាំងអស់ ហើយស្នើដល់រដ្ឋាភិបាលឱ្យចាប់ពួកអ្នកវាយប្រហារទៅកាត់ទោស ។
សេចក្តីប្រកាសគូសបញ្ជាក់ថា អគ្គលេខាធិការ អ.ស.ប មានជំនឿជាក់ថា អំពើហិង្សានឹងលែងមានក្នុងចំណោមភាគីទាំង២ ដើម្បីដោះស្រាយទំនាស់នយោបាយ ។ លោក បាន គីមូន ប្រកាសថា លោកត្រៀមខ្លួនជួយធ្វើអន្តរាគមន៍តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ។ប្រមុខ អ.ស.ប ស្នើដល់គ្រប់ភាគីឱ្យគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ចៀសវាងការវាយប្រហារថ្មីៗ ហើយសន្យាធ្វើការចរចាស្ថាបនាមួយ ដើម្បីបញ្ចប់វិបត្តិ ហើយជំរុញការកែ ទម្រង់ ៕
ចែករំលែកព័តមាននេះ