យោងតាមគេហទំព័របរទេសចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២៣ កុម្ភៈ បានឱ្យដឹងថា រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសជាសមាជិកG20 និងទេសាភិបាលធនាគារកណ្តាលបានព្រមព្រៀងគ្នាក្នុងការជំរុញកំណើនផលិតផលសរុបក្នុងស្រុក GDP ឱ្យបានកើនទ្បើង២ភាគរយបន្ថែមទៀតក្នុងអំទ្បុងពេល៥ឆ្នាំខាងមុខ ។
ក្នុងកិច្ចប្រជុំរបស់ប្រទេសសមាជិកG20 ដែលត្រូវបានធ្វើទ្បើងក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានបង្ហាញពីយុទ្ធសាស្ត្រមួយចំនួនដើម្បីកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចរបស់បណ្តាប្រទេសដែលជាសមាជិកG20 ក្នុងពិភពលោក ។ យុទ្ធសាស្ត្រកំណែទម្រង់ទាំងនោះ រួមមាន ជំរុញវិស័យវិនិយោគក្នុងតំបន់ បង្កើនចំណូលថវិការបស់ប្រទេសនីមួយៗតាមរយៈច្រកទ្វារពាណិជ្ជកម្ម ដោយកំណត់ពីតម្លៃពន្ធឱ្យបានច្បាស់លាស់ និងពង្រឹងស្ថាប័នហិរញ្ញវត្ថុរបស់ជាតិឱ្យមានលំនឹង ដើម្បីពង្រីកសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាសេដ្ឋកិច្ចទូទាំងពិភពលោកផងដែរ ។
លោក Joe Hockey ទេសាភិបាលប្រចាំរតនាគារប្រទេសអូស្ត្រាលី និងជាប្រធាននៃកិច្ចប្រជុំG20 និយាយក្នុងកិច្ចប្រជុំថា «រាល់បណ្តាប្រទេសនៃសមាជិកក្រុមប្រឹក្សា G20 ទាំងអស់ត្រូវតែទទួលយកនូវរបៀបវារៈ ដើម្បីពង្រីកសេដ្ឋកិច្ចក្នុងតំបន់សហគមន៍ G20 ឱ្យមានការកើនទ្បើង២ភាគរយបន្ថែមទៀត លើផលិតផលសរុបក្នុងស្រុក GDP នៅឆ្នាំ២០១៨» ។
យ៉ាងណាមិញ សមាជិកG20 ទាំងអស់ត្រូវគិតគូរពីស្ថានភាពការងារក្នុងតំបន់ ដោយបង្កើតការងារមួយចំនួនទៀត ទៅដល់ប្រជាពលរដ្ឋរបស់ខ្លួន ។ លោកបានបន្ថែមទៀតថា ក្រៅពីយុទ្ធសាស្ត្រប៉ុន្មានចំណុចនេះ សមាជិកនៃក្រុមប្រឹក្សា G20 ទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់លើវិស័យវិនិយោគរបស់ឯកជន ដើម្បីជាជំហានដ៏រឹងមាំ ក្នុងការឆ្ពោះទៅរកការអភិវឌ្ឍ របស់ G20 ផងដែរ ។ គោលនយោបាយកំណើនសេដ្ឋកិច្ចនេះមានន័យថា ត្រូវការទឹកប្រាក់ឱ្យបាន២០០ពាន់លានដុល្លារអាមេរិក ក្នុងសកម្មភាពសេដ្ឋកិច្ចពិភពលោក និងបង្កើនទីប្រឹក្សាការងារឱ្យបានច្រើនជាង១០លាន ៕
ចែករំលែកព័តមាននេះ