ប្រទេសអ៊ុយក្រែននាថ្ងៃទី២៣ កុម្ភៈ បានឈានចូលពេញលេញក្នុងសករាជ ក្រោយលោកវិកទ័រអីុយ៉ានូកូវីត ហើយអះអាងជាថ្មីពីជំហរជ្រើសរើសយកអឺរ៉ុប ក៏ប៉ុន្ដែត្រូវប្រឈមមុខនឹងការលំបាកធំៗ ចាប់ផ្ដើមតាមរយៈគ្រោះថ្នាក់នៃការគ្មានប្រាក់សម្រាប់ការចំណាយទៅ ។
ក្រោយ៣ខែនៃវិបត្ដិនយោបាយធ្ងន់ធ្ងរបំផុតដែលកាលពីសប្ដាហ៍កន្លងមកមានការប៉ះទង្គិចគ្នាយ៉ាងសាហាវបំផុតពុំធ្លាប់មានក្រោយប្រទេសចាកចេញពីសហភាពសូវៀត បណ្ដាលឱ្យមនុស្សស្លាប់យ៉ាងតិច៨២នាក់ រយៈពេល៣ថ្ងៃមក អតីតពួកប្រឆាំងភ្លាមៗចាប់ធ្វើការដើម្បីឱ្យប្រទេសដំណើរការ ។ សភាដែលចាប់ពីពេលនេះ ទៅគ្របដណ្ដប់ដោយពួកប្រឆាំងលោក អីុយ៉ានូកូវីត នោះបានក្ដាប់អ្វីៗក្នុងដៃ ហើយជ្រើសតាំងលោក អូឡិចសាន់ដ្រ៍ទូចឈីណូវ ជាមនុស្សជិតដិតនឹងមេដឹកនាំប្រឆាំងលោកស្រី អីុអ៊ូលីយ៉ាទីម៉ូឆេនកូ ជាប្រធានាធិបតីស្ដីទី ។ ការបង្កើតរដ្ឋាភិបាលមួយត្រូវធ្វើក្នុងរយៈពេល៤៨ម៉ោងដោយរង់ចាំការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី២៥ ឧសភា ។ប្រមុខរដ្ឋថ្មី ពុំលាក់លៀមឡើយចំពោះការលំបាកទាំងឡាយដែលប្រទេសលោកត្រូវជួបប្រទះ ។ លោកថា អ៊ុយគ្រែន កំពុងតែរអិលធ្លាក់ក្នុងវិបត្ដិសេដ្ឋកិច្ចធ្ងន់បំផុតគឺកំពុងទៅកាន់មាត់ជ្រោះនៃការគ្មានប្រាក់សម្រាប់ចំណាយ ។ ថ្លែងទៅកាន់ប្រជាជាតិ លោកអះអាងជាថ្មីថា ការធ្វើសមាហរណកម្មចូលសហភាពអឺរ៉ុប គឺជាអាទិភាពមួយសម្រាប់អ៊ុយគ្រែន ។ យើងត្រៀមធ្វើការចរចាមួយជាមួយប្រទេសរុស្សុី ដោយពង្រីកទំនាក់ទំនងរបស់យើងឈរលើគោលការណ៍ស្មើភាព ហើយដែលនឹងគោរពការជ្រើសរើសយកអឺរ៉ុប របស់អ៊ុយក្រែន ។
ប្រមុខការទូតអឺរ៉ុបលោកស្រី កាតឺរីន អាស្ដុន ត្រូវមកកាន់ទីក្រុងគៀវ នាថ្ងៃទី២៤ កុម្ភៈ ហើយជួបជាមួយតួអង្គសំខាន់ៗ ព្រមទាំងពិភាក្សាពីការជួយទ្រទ្រង់របស់សហភាពអឺរ៉ុប និងជួយរកដំណោះស្រាយមួយនៃវិបត្ដិនយោបាយព្រមទាំងវិធានការនានាដើម្បីធ្វើឱ្យសភាពការណ៍សេដ្ឋកិច្ចអ៊ុយក្រែនមានស្ថេរភាពឡើងវិញ។ លោកស្រីយល់ថា អ៊ុយក្រែនដាំក្បាលចុះខាងសេដ្ឋកិច្ចនឹងជាទម្ងន់យ៉ាងធ្ងន់មួយទាំងសម្រាប់ប្រទេសនោះ ទាំងសម្រាប់សហភាពអឺរ៉ុបដែរ ។
ចំណែកគណបក្សតំបន់ ជាគណបក្សកាន់អំណាចអ៊ុយក្រែន កាលពីថ្ងៃទី២៣ កុម្ភៈ បានបរិហារប្រធានាធិបតីត្រូវផ្ដួលរំលំលោក អីុយ៉ានូកូវីតថា ជាអ្នកចេញបញ្ជាដែលនាំទៅដល់អំពើហិង្សា និងការស្លាប់មនុស្សយ៉ាងច្រើន ក្នុងពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាល ។ ក្នុងសេចក្ដីប្រកាសព័ត៌មានមួយផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គណបក្សតំបន់ថ្លែងថា យើងថ្កោលទោសបទបញ្ហាឧក្រិដ្ឋ ដែលសម្លាប់មនុស្សធម្មតា ទាហាន និងប៉ូលិស ។
ដោយចាត់ទុកការរត់គេចខ្លួនរបស់លោក អីុយ៉ានូកូវីត ថាជាអំពើកំសាក សេចក្ដីប្រកាសនោះអះអាងថា ការទទួលខុសត្រូវលើការស្លាប់មនុស្សក្នុងបាតុកម្មធ្លាក់លើលោក អីុយ៉ានូកូវីតនិងបណ្ដាមនុស្សជំនិត ។ សភាអ៊ុយក្រែនបានដកហូតតំណែងលោក អីុយ៉ានូកូវីត ក្រោយការប៉ះទង្គិចបង្ហូរឈាមគ្នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះរវាងពួកបាតុករនិងកងកម្លាំងសន្ដិសុខដែលបណ្ដាលឱ្យមនុស្សស្លាប់យ៉ាងតិច៨២នាក់ ហើយមនុស្សជាច្រើនរយនាក់ត្រូវរបួស ៕
ចែករំលែកព័តមាននេះ