រាជធានីភ្នំពេញ ៖ អ្នកបើកបររថយន្តកុងតឺន័រមួយគ្រឿងមានអាការស្រវឹងស្រាជោក បានបើករថយន្តក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករះអ្នកជិះម៉ូតូ និងបង្គោលភ្លើងជាបន្តបន្ទាប់ បណ្ដាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់-ស្រាល២នាក់ ហើយខូចខាតម៉ូតូ២គ្រឿងនិងកង់១គ្រឿងទៀត កាលពីវេលាម៉ោង៤ និង២០នាទីល្ងាចថ្ងៃទី២៣ កុម្ភៈ ២០១៤ នេះ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៥១ ត្រង់ចំណុចភូមិក្ដាន់រយឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ប្រភពបានឱ្យដឹងថា អ្នកបើកបររថយន្តបង្កឈ្មោះឈួន វិឆ័យ អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ត្រូវបានប៉ូលិសឃាត់ខ្លួនបានភ្លាមៗ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ។ ចំណែកជនជនរងគ្រោះដែលស្លាប់ឈ្មោះស៊ឹម មករា ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកលក់ដូរ មានទីលំនៅក្នុងភូមិដំណាក់អំពិល ស្រុកអង្គស្នួល ។
តាមប្រភពពីសមត្ថកិច្ចស្រុកអង្គស្នួលបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កនោះ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ហើយបានឈប់ស្ងៀមបន្តិច រួចហើយបើករ៉ីយែរថយក្រោយវិញ ក៏បុកអ្នកជិះម៉ូតូម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងន់ ហើយបានស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ។
ប្រភពដដែលបន្តថា បន្ទាប់ពីបើកបុកអ្នកជិះម៉ូតូម្នាក់ស្លាប់ហើយ រថយន្តបង្កមិនបានឈប់ស្ងៀមនោះទេ តែបានព្យាយាមបើករត់គេចខ្លួនយ៉ាងលឿន លុះពេលទៅដល់ត្រង់ចំណុចភូមិងង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង រថយន្តនោះបានបើកបត់ត្រឡប់ក្រោយវិញក្នុងទិសដៅពីជើងទៅត្បូង ក៏បុកយុវជនអ្នកជិះម៉ូតូម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ និងស្ត្រីអ្នកជិះកង់ម្នាក់ទៀតរងរបួសស្រាល ។
ចែករំលែកព័តមាននេះ