ជនជាតិកូរ៉េខាងត្បូងជាច្រើនសិបនាក់ ភាគ ច្រើនមានវ័យចំណាស់ខ្លាំងទៅហើយ បាននាំគ្នាធ្វើដំណើរឆ្លងកាត់ព្រំដែនកាលពីថ្ងៃទី២៣ កុម្ភៈ ដើម្បីទៅជួបមុខសាច់ញាតិគ្រួសារព្រាត់គ្នាដោយសង្គ្រាមកូរ៉េ (១៩៥០-១៩៥៣) នៅកូរ៉េខាងជើង ។ក្រុមដំបូងនៃសាច់ញាតិគ្រួសារកូរ៉េទាំងពីរបានជួបមុខគ្នារួចហើយក្នុងបរិយាកាសក្តុកក្តួលបំផុត រវាងពីថ្ងៃទី២០ ទៅ២២ កុម្ភៈ នៅទីតាំងទេសចរណ៍ភ្នំ KUMGANG ក្នុងដែនដីកូរ៉េខាងជើង ។
ថ្ងៃទី២៣ កុម្ភៈ ជាថ្ងៃមុនចាប់ផ្តើមសមយុទ្ធយោធារួមអាមេរិក-កូរ៉េខាងត្បូង ហើយរហូតដល់ថ្ងៃទី២៥ កុម្ភៈ មនុស្ស៣៥០នាក់មកពីកូរ៉េខាងត្បូងត្រូវទៅជួបសាច់ញាតិ៨៨នាក់រស់នៅកូរ៉េខាងជើង ដែលអ្នកទាំងនោះបាត់ដំណឹងពីគ្នាសូន្យឈឹងចាប់តាំងពីច្រើនទសវត្សមកហើយ ។លោកស្រី RYOO-JUNG-HEE អាយុ៦៩ឆ្នាំ ត្រៀមជួបឱបគ្នាជាមួយបងប្រុសគាត់អាយុ៨១ឆ្នាំជាលើកដំបូងចាប់តាំងពីសង្គ្រាមមក ។ ចូលបម្រើក្នុងជួរកងទ័ពកូរ៉េខាងជើងតាំងពីគាត់មានអាយុ១៧ឆ្នាំមក គ្រួសារគាត់បាត់ដំណឹងបងប្រុសឈឹង ហើយគិតថាគាត់ស្លាប់បាត់ទៅហើយ ។
លោកស្រី RYOO-JUNG-HEE អះអាងមុនពេលចាកចេញពីក្រុងសេអ៊ូលថា ជារឿងអស្ចារ្យណាស់ដែលដឹងថាគាត់នៅរស់ ហើយចង់ជួបយើង ។ចំណែកលោកយាយ BANG RYE-SUN អាយុ៨៩ឆ្នាំវិញគិតថា ប្អូនប្រុសគាត់មានអាយុតិចជាងគាត់៥ឆ្នាំ ត្រូវស្លាប់ក្នុងសង្គ្រាមដែរ រហូតដល់ពេលគាត់បានទទួលទូរស័ព្ទថា ប្អូនប្រុសនោះលោក SANG MOK សួររកគាត់ ។ គាត់ថា ខ្ញុំពិតជាចង់ជួបនិយាយប្រាប់គេថា អរគុណដែលប្អូននៅរស់ ។
ការជួបជុំសាច់ញាតិព្រាត់គ្នាលើកនេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១០ មក ។ ប្រទេសកូរ៉េខាងជើង ទីបំផុតបានយល់ព្រមពេលខ្លួនទាមទារឱ្យមានការលុបចោលសមយុទ្ធយោធារួមរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជាមុនសិន ខណៈសមយុទ្ធនោះត្រូវចាប់ផ្តើមពីថ្ងៃទី២៤ កុម្ភៈទៅ ៕
ចែករំលែកព័តមាននេះ