ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​​ភាព​ញញឹម​​នៃ​កុមារ​​រៀបចំ​កម្ម​វិធី​​កីឡា «អ្នក​​ជា​វីរ​​ជន»​​ ស្វែង​​រក​​ថវិកា​​​ជួយ​កុមារ​​ក្រី​ក្រ​​កម្ពុជា​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​ថ្ងៃ​ទី​២៣ កុម្ភៈ​ កន្លង​មក​នេះ​ អង្គការ​ភាព​ញញឹម​នៃ​កុមារ (PSE) ដែល​ស្ថិត​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ ​រាជ​ធានី​ភ្នំពេញ​ បាន​រៀបចំ​ការ​ប្រកួត​កីឡា​បាល់​បោះ​ដែល​មាន​ឈ្មោះ​ថា​​ «អ្នក​ជា​វីរ​ជន»​ ក្រោម​ប្រធានបទ​ ប្រទេស​មួយ​ គ្រួសារ​មួយ​ ដោយ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ធនាគារ​ជបុ៉ន​ ម៉ារ៉ូ​ហាន់ ក្នុង​គោល​បំណង​ស្វែង​រក​ថវិកា​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​ក្រី​ក្រ​ចំនួន​៥០០​នាក់​​ឱ្យ​បាន​ចូល​រៀន​រយៈ​ពេល​១​ឆ្នាំ ក៏​ដូចជា​ការគាំទ្រ​​ដល់​ការ​អប់រំ​សម្រាប់​មនុស្ស​ទូទៅ​នៅ​កម្ពុជា ។

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​ថ្ងៃ​ទី​២៣ កុម្ភៈ​ កន្លង​មក​នេះ​ អង្គការ​ភាព​ញញឹម​នៃ​កុមារ (PSE) ដែល​ស្ថិត​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ ​រាជ​ធានី​ភ្នំពេញ​ បាន​រៀបចំ​ការ​ប្រកួត​កីឡា​បាល់​បោះ​ដែល​មាន​ឈ្មោះ​ថា​​ «អ្នក​ជា​វីរ​ជន»​ ក្រោម​ប្រធានបទ​ ប្រទេស​មួយ​ គ្រួសារ​មួយ​ ដោយ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ធនាគារ​ជបុ៉ន​ ម៉ារ៉ូ​ហាន់ ក្នុង​គោល​បំណង​ស្វែង​រក​ថវិកា​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​ក្រី​ក្រ​ចំនួន​៥០០​នាក់​​ឱ្យ​បាន​ចូល​រៀន​រយៈ​ពេល​១​ឆ្នាំ ក៏​ដូចជា​ការគាំទ្រ​​ដល់​ការ​អប់រំ​សម្រាប់​មនុស្ស​ទូទៅ​នៅ​កម្ពុជា ។

​ការប្រកួតដែល​ប្រើ​ពេល​មួយ​ថ្ងៃ​ពេញ​នេះ​មាន​ការ​ចូលរួម​ពី​ក្រុម​កីឡា​បាល់​បោះ​ល្បីៗ​មក​ពី​សាលា​អន្តរ​ជាតិ​ផ្សេងៗ​ដូច​ជា​ ក្រុម​ CIA, Binfean, Youth Power, PSE, Almost Heroes, Montessori និង​ក្រុម DELI ។​ ជា​លទ្ធ​ផល​ចំណាត់​ថ្នាក់​លេខ​១​ បាន​ទៅ​ក្រុម Youth Power, ចំណាត់​ថ្នាក់​លេខ​២​ បាន​ទៅ​ក្រុម​ Binfeam និង​ចំណាត់​ថ្នាក់​លេខ​៣ បាន​ទៅ​ក្រុម​ CIA ។​ លោក​រាជ​ ស៊ី​រ៉ាណូ អ្នក​សម្រប​សម្រួល​ព្រឹត្តិ​​ការណ៍​ និង​ជាអ្នក​គ្រប់​គ្រង​គម្រោង​ «អ្នក​ជា​វីរ​ជន​» បាន​មានប្រសាសន៍​ថា​ យើង​រៀបចំ​កម្ម​វិធី​កីឡាដែល​មាន​ឈ្មោះថា អ្នក​ជា​វីរ​ជន​នេះ​ឡើង​​គឺ​ក្នុង​គោល​បំណង​ផ្តួច​ផ្តើម​ចលនា​នៃ​ការ​ជំរុញ​ទឹក​ចិត្ត​មនុស្ស​ឱ្យ​យល់​ដឹង​ចូលរួម​យ៉ាង​​សកម្ម និង​ព្រម​គ្នា​ក្នុង​ការគាំទ្រ​ការ​ប្រមូល​ថវិកា​​ដើម្បី​ជួយ​ដល់​កុមារ​ក្រី​ក្រ​នៅ​កម្ពុជា​ ។ មួយ​វិញ​ទៀត​​នោះ​ គឺ​ដើម្បី​ឱ្យ​ពួកគេ​ចូល​រួម​សកម្ម​ភាព​លេង​កីឡា ព្រោះ​កីឡា​នាំ​មក​នូវ​មិត្តភាព​ សាម​គ្គី​ភាព​ ហើយ​យើង​ចង់​លើកស្ទួយ​វិស័យ​កីឡា​ជាតិ​យើង​ឱ្យ​កាន់តែ​មាន​ការ​រីក​ចម្រើន​ឡើងតាម​រយៈ​ការ​ចូលរួម​របស់​ពួកគាត់​ ។​

លោក​បន្ត​ថា​ ចាប់​ពី​ពេល​ចាប់​ផ្តើម​យុទ្ធនាការ​ដំបូង​នៅខែតុលា​ ឆ្នាំ​២០១៣​ យើងបាន​ទទួល​ថវិកា​ជាង​៦៣.០០០​ដុល្លារ​ ដូច្នេះ​យើង​អាច​មាន​លទ្ធភាព​ជួយ​ដល់​កុមារ​ចំនួន​១០៣​នាក់​ ។ បុ៉ន្តែ​យើង​នៅ​មាន​មហិច្ឆ​តា​ធំ​ទៀត​​ ព្រោះ​យើង​នៅ​មាន​កុមារ​ប្រហែល​៤០០​នាក់​ផ្សេង​ទៀត​ដែល​ចង់​ចូល​សាលា​រៀន​ ។​ លោ​ករាជ​ ស៊ីរ៉ាណូ ក៏បាន​សំណូម​ពរ​ដល់​សប្បុរស​ជន​ទាំង​អស់​មេត្តា​ផ្តល់​នូវ​ការ​បរិច្ចាគ​ជា​ថវិកា​របស់​ខ្លួន​ដូច​ជា ការ​ទិញ​ម្ហូប​ដែល​យើង​បាន​រៀបចំដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​ម្ហូប ក៏​ដូច​ជា​តាម​រយៈ​កីឡា និង​​សិល្បៈ​ដែល​ជា​ការ​សម្តែង​របស់​​ក្មេងៗ​ក្នុង​អង្គភាព​ផងដែរ ។​ មួយ​វិញ​ទៀត​ យើង​មាន​ហិប​សប្បុរស​ជា​ច្រើន​​ទៀត​តាម​សណ្ឋាគារ​ ផ្សារ​ទំនើប ក្រុម​ហ៊ុន​មួយ​ចំនួន​ ដូច្នេះ​​បង​ប្អូន​អាច​ចូលរួម​បរិច្ចាគ​ជួយ​ដល់​កុមារ​ក្រី​ក្រ​ដើម្បី​ឱ្យ​ពួកគាត់​ទទួល​បាន​នូវ​ចំណេះដឹង​ និង​ជំនាញ​ពិតប្រាកដ​ទៅ​ថ្ងៃ​អនា​គត ។​

សូម​​បញ្ជាក់​ផង​ដែរ​ថា​ អង្គការ​ភាព​ញញឹម​នៃ​កុមារ (PSE) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ​១៩៩៥​ ក្នុង​ប្រទេស​កម្ពុជា​ ដោយ​បាន​ធ្វើ​ការ​ផ្តល់​អាហារ​ ទី​ជម្រក​ ការ​ថែ​ទាំ​សុខ​ភាព​ ការ​អប់រំ​ទូទៅ​ និង​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​កុមារ​​ទុរគត​ កុមារ​ដែល​រង​ការ​ធ្វើ​បាប​ កុមារ​ដែល​រង​ការ​រំលោភ​បំពាន​ និង​មិន​មាន​ការ​អប់រំ​ នៅ​រាជ​ធានី​ភ្នំពេញ​ ក្រុង​ព្រះ​សីហនុ​ និង​ខេត្ត​សៀម​រាប ។​ បច្ចុប្បន្ន​នេះ​ PSE កំពុង​ផ្តល់​ជំនួយ​ដល់​កុមារ​ជាង​៦.៥០០​នាក់​ ក្នុង​នោះ​មាន​កុមារ​ប្រមាណ​៣.០០០​នាក់​នៅ​តាម​សាលា​រដ្ឋ​, ១.៥០០​នាក់​នៅ​ក្នុង​កម្មវិធី​អប់រំ​ការពារ​ និង​១.៥០០​នាក់​នៅ​ក្នុង​កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ។ កុមារ​ប្រហែល​៥០០​នាក់បាន​ទទួល​ផល​ពី​កម្មវិធី​អប់រំ​ជាក់​លាក់​ដូចជា​ ថ្នាក់​សម្រាប់​កុមារ​ដែល​មាន​ពិការ​ភាព​ មណ្ឌល​ពន្លឺ​ថ្ងៃ​ សុខុ​មាល​ភាព​ទារក​ ។ល។​ សម្រាប់​​សប្បុរស​​ជន​ដែល​ចង់​​ចូលរួម​ផ្តល់​ជា​វិភាគទាន​ដល់​អង្គការខាង​លើ​ អាច​ទំនាក់​ទំនង​តាម​រយៈ​លេខ​ទូរ​ស័ព្ទ​ ០១២ ៤៦៣ ៣១៥ ឬ Email: rano.reachsy@site-pse.org ៕​