ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នន់ ​ជំនិត​ នៅ​តែ​​អាច​​បំបាក់​ ឃឹម​​ ពេជ្រ​​ចិន្តា​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជំនួប​ប៉ះ​គ្នា​ជា​ថ្មី​រវាង​កីឡាករ​នន់ ជំនិត​ មក​ពី​ក្លិប CMAC និង​កីឡា​ករ​ឃឹម ពេជ្រ​ចិន្តា​ មក​ពី​ក្លិប​បុរី​នាគ​រាជ​ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី​២៣ កុម្ភៈ​ នៅ​សង្វៀន​ទូរ​ទស្សន៍​បាយ័ន​បឹង​ស្នោ​ បាន​លេច​ចេញ​លទ្ធ​ផល​មិន​ខុស​កាល​ពី​លើក​មុន​ដដែល​ បើ​ទោះ​ជា​ ឃឹម ពេជ្រចិន្តា​ បាន​ប្រឹង​ប្រែង​​ឡើង​អស់​ពី​សមត្ថភាព ក្តី ។​

រាជ​ធានី​ភ្នំពេញ​ ៖ ជំនួប​ប៉ះ​គ្នា​ជា​ថ្មី​រវាង​កីឡាករ​នន់ ជំនិត​ មក​ពី​ក្លិប CMAC និង​កីឡា​ករ​ឃឹម ពេជ្រ​ចិន្តា​ មក​ពី​ក្លិប​បុរី​នាគ​រាជ​ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី​២៣ កុម្ភៈ​ នៅ​សង្វៀន​ទូរ​ទស្សន៍​បាយ័ន​បឹង​ស្នោ​ បាន​លេច​ចេញ​លទ្ធ​ផល​មិន​ខុស​កាល​ពី​លើក​មុន​ដដែល​ បើ​ទោះ​ជា​ ឃឹម ពេជ្រចិន្តា​ បាន​ប្រឹង​ប្រែង​​ឡើង​អស់​ពី​សមត្ថភាព ក្តី ។​ អុីចឹង​ហើយ​ទើប​មាន​ការ​លើក​ឡើង​ដដែល​ជា​ដដែល​ថា​ នន់ ជំនិត​ ទោះ​ជា​ធ្លាក់​ក្រេឌីត​ ក៏​អាច​បំបាក់​ជើង​ខ្លាំង​ដៃគូ​របស់​ខ្លួន​បាន​ដែរ បើ​ទោះ​ជា​បុគ្គល​នោះ​មាន​បំណង​​សង​សឹក​យ៉ាងណា​ក៏​ដោយ ។​

ការប្រកួត​រវាង​កីឡាករ​គូ​នេះ​ ដ្បិត​ថា​ល្អ​មើល បុ៉ន្តែ​ចំណុច​ខ្សោយ​ក្នុងការ​ប្រកួត​ទាំង​មូល​របស់​គូ​នេះ​ គឺមើល​ទៅ​រាង​ស្ទក់​មិន​សូវ​រហ័ស​រហួន​នោះ​ឡើយ​ បើ​ទោះ​ជា​ពួកគេ​ម្នាក់ៗ​ហាក់​ប្រឹង​ប្រែង​ទាំង​សង​ខាង​ឡើង​អស់​ពីសមត្ថ​ភាព​នោះ​ក៏​ដោយ ។​ បង្គោល​ក្រហម​ នន់ ជំនិត​ ក្នុង​ជំហាន​ដំបូង​មិន​មាន​ឱកាស​វាយ​សម្រុក​ទៅ​លើ​កីឡាករ​បង្គោល​ខៀវ​ ឃឹម ពេជ្រ​ចិន្តា​ ដើម្បី​រក្សា​ក្រេឌីត​បុ៉ន្មាន​ទេ​ ដោយ​សារ​តែ​ចូល​កៀក​មិន​ទាន់​បាន​ស្អី​ផង​ ក៏​ត្រូវ​បង្គោល​ខៀវ ឃឹម ពេជ្រ​ចិន្តា​ វាយ​ត្រូវ​ម៉ក​ៗ​ស្ទើរ​តែ​គ្មាន​ឱកាស​វាយ​តបត​ ។ ឃឹម ពេជ្រចិន្តា​ បាន​ប្រើ​យុទ្ធ​សាស្ត្រ​វាយ​ម៉ាត់​ឆ្វេង-​ស្តាំ​បាន​ល្អច្រើន​គួរ​ឱ្យ​កត់​សម្គាល់​នៅ​អំឡុង​ដើម​ទី ។​ រហូត​ដល់​ទឹក​ទី​៣​ ទើប​គេ​ឃើញ​ នន់ ជំនិត​ អាច​បំបែក​ស្នៀត​ដ៏​ខ្លាំង​ក្លា​របស់​គូ​ប្រកួតបាន ។​ ជាមួយ​នឹង​យុទ្ធ​សាស្ត្រ​ថ្មី នន់ ជំនិត​ គ្រាន់តែ​ចូល​ភ្លាម ក៏​រក​ឱកាស​ទាត់​ប៉ែង​ជើង​ក្រោម​ធ្វើ​ឱ្យ​កីឡាករ​ឃឹម ពេជ្រ​ចិន្តា​ ដួល​បះជើង​ច្រងាប់​ច្រងិល​ព្រោះ​តែ​​ដឹង​ថា​ ឃឹម​ ពេច្រ​ចិន្តា​ ទន់​ជើង​ក្រោម​ ។

ទំនង​ជា​ដឹង​នូវ​ចំណុច​ខ្សោយ​នេះទើបគ្រាន់​តែ ឃឹម​ ពេជ្រ​ចិន្តា​ ចូលជិត​មិន​ទាន់​បាន​បោះ​ដៃ​ជើង​ស្អី​ផង​ គេ​ក៏​យក​ជើង​ប៉ែង​ធ្វើឱ្យ​ដួល​ដែល​នាំ​ឱ្យ​មាន​ការ​កាត់​ពិន្ទុ​ជា​ញយ​ដង​ក្នុង​រយៈ​ពេល​ប៉ះគ្នា​ទាំង​៥​ទឹក​ ។ មិន​មែន​ជា​លើក​ទី​១ ទេ​ ដែល ឃឹម ពេជ្រ​ចិន្តា​ បង្គោល​ខៀវ​ត្រូវ​ដួល​ភីង​ៗ​ក្រោម​កម្លាំង​ជើង​ប៉ែង​របស់ នន់ ជំនិត នៅ​ក្នុង​ការ​ប្រកួត​នោះ ពោល​គឺ​ស្ទើរ​តែគ្រប់​ទឹក​តែ​ម្តង​ដែល​គេ​ត្រូវ​ជួប​នឹង​សភាព​នេះ​ដោយ​រក​ឱកាស​កែ​ប្រែ​បច្ចេក​ទេស​ប្រកួត​មិន​ចង់​ទាន់ ។​ បើ​ទោះ​ជា​លើក​​ក្រោយៗ​ ឃឹម ពេជ្រ​ចិន្តា​ បាន​ប្តូរជំហរ​មក​ទប់​ជើង​ក្រោម​ ​និងបាន​ប្រើ​ស្នៀត​បែប​នេះ​វាយ​បោក​ផ្តួល​កីឡាករ​នន់ ជំនិត​ បំបែក​ភាព​ខ្លាំង​ ក៏​ស្នៀត​ដែលគេបាន​ប្រើ​មិន​អាចកាច់​ធ្មុង​របស់ នន់ ជំនិត​ បាន​ដដែល ដោយ​បាន​ត្រឹម​តែ​ដួល​ផ្ងារ​ជើង​ខ្លួន​ឯង​ម្តង​ជា​ពីរ​ដង​ក្នុង​ពេល​​សម្រុក​ហួស​ហេតុ​បុ៉ណ្ណោះ ។​ ក្រុម​អ្នក​ទស្សនាមើល​ឃើញ​ថា​ កីឡាករ​ឃឹម ពេជ្រ​ចិន្តា​ ខ្លាំង​ផ្នែក​កណ្តាប់​ដៃ បុ៉ន្តែ​ជើង​ក្រោម​របស់​គេ​ទន់​ណាស់​​ ឯ​បង្គោល​ក្រហម​វិញ​ គេរឹង​ជើង​ក្រោម ប៉ុន្តែ​ស្នៀត​ខាង​លើ​របស់​គេ​ហាក់​ដូច​ជា​ប្រហែស​ និង​ចន្លោះ​ក្នុងការវាយ​លុក ដែល​មើល​ទៅ​គឺ​ចាញ់​ប្រៀប​ ឃឹម ពេជ្រ​ចិន្តា​ ។ អុីចឹង​ហើយ​ទើប​គេ​ឃើញ​ នន់ ជំនិត​ មិន​សូវ​ហ៊ាន​ចូល​កៀក​ ឃឹម ពេជ្រ​ចិន្តា​ ដោយ​ភាគ​ច្រើន​គេ​ប្រើ​វិធី​ទាត់​កៀស​ជើង​ និង​ធាក់​ចេញ ។​ ឱកាស​ទាំង​​នេះ​ដែល​អាច​ធ្វើ​ឱ្យ​កីឡាករ​បង្គោល​ខៀវ​ ឃឹម ពេជ្រ​ចិន្តា​ នៅតែ​ស្ទុះ​មិន​រួច​ជា​មួយ​គេ​ក្នុង​ជំនួប​លើក​នេះ​ ដែល​គេ​និយាយ​បាន​ថា​ គឺ​នន់ ជំនិត​ នៅ​តែ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ ដែល ឃឹម ពេជ្រ​ចិន្តា​ មិន​អាច​មើល​ស្រាល ។​

ឯក​មក​កាន់​ការ​ប្រកួត​វិញ​ គឺ​ដោយសារ​តែ​​មាន​ឱកាស​កៀស​ជើង​ឱ្យ ឃឹម ពេជ្រ​ចិន្តា​ ដួល​ច្រើន​លើក​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​គេ​ទន់​ជំហរ​ និង​បាក់​កម្លាំង​​ដែល​នាំ​ឱ្យ នន់ ជំនិត​​ ប្តូរ​យុទ្ធ​សាស្ត្រ​វាយ​សម្រុក​ដោយ​គំហុក​ដើម្បី​ក្តោប​ក្តាប់​យក​ប្រៀប​នា​ពេល​បន្ត​បន្ទាប់ ។​ ជាក់​ស្តែង​នៅទឹក​ទី​៤​ និង​ទី​៥ គេ​ឃើញ​ នន់ ជំនិត​ កាន់​តែ​បង្កើន​សន្ទុះ​វាយ​ចេញ​ដោយ​គំហុក​ ដែល​សឹង​តែ​ធ្វើ​ឱ្យ ឃឹម ពេជ្រ​ចិន្តា​ ស៊ូ​មិន​ចង់​ដល់​ទឹក​ចុង​ក្រោយ ។ ទី​បំផុត​កីឡាករ​បង្គោល​ក្រហម​ នន់ ជំនិត បាន​ក្លាយ​ជា​អ្នក​ឈ្នះ​ពិន្ទុ​ដូចការគ្រោង​ទុក​ ដែល​ជ័យ​ជម្នះ​លើក​នេះ​ត្រូវគេ​មើល​ឃើញ​ថា​ ឃឹម ពេជ្រ​ចិន្តា​ ពិត​ជាបាក់​មុខ​ជា​ថ្មី​ទៀត​ហើយ​ក្នុង​ជំនួប​ប៉ះ​គ្នា​ជា​មួយ​នឹង​ដៃ​គូ​ចាស់ ។​ ក្រឡេក​ទៅ​កាន់​អ្នក​គាំទ្រ​វិញ​ បើ​ទោះ​ជា​ដឹង​ថា នន់ ជំនិត​ ល្អ​ជាង​ ក៏​មាន​​ច្រើន​ជាង​ពាក់​កណ្តាល​បាន​ងាក​ទៅ​ទុក​ចិត្ត​ថា ឃឹម ពេជ្រ​ចិន្តា​ នឹង​ឈ្នះ​សម្រាប់​ការ​ប៉ះគ្នា​លើក​នេះ ។ ការ​យល់​ឃើញ​នេះ​ គឺ​បន្ទាប់​ពី នន់ ជំនិត​ ចាប់​ផ្តើម​ធ្លាក់​ដៃ​តាំង​ពី​មាន​របួស​ជង្គង់​ធ្ងន់​ធ្ងរ​ម្តង​មក​ ហើយ​ទទួល​បរា​ជ័យ​ម្តង​ហើយ​ម្តង​ទៀត​នៅ​ក្រោម​កណ្តាប់​ដៃ​គូប្រកួត​ចាស់​ថ្មី​នា​ពេល​ចុង​ក្រោយ ។​ គាប់​ជួន​ជា​ ឃឹម ពេជ្រ​ចិន្តា​ នៅ​ខ្លាំង​ ដែល​អ្នក​ណា​ក៏​គិត​ស្មាន​ថា​ ពិត​ជា​មាន​យុទ្ធ​សាស្ត្រ​ប្តូរ​ស្នៀត​ ​និងការ​តាំង​ចិត្ត​ដោយ​មិន​ពិបាក​សម្រាប់​ការ​សង​សឹក​នោះ​ផង​ ទើប​ការ​ព្យា​ករណ៍​ថា នន់ ជំនិត​ នឹង​អាម៉ាស់​មុខសម្រាប់​លើក​នេះ​វិញ​បាន​ក្លាយ​ជា​រឿង​ផុស​ផុល ។ ទោះ​បី​យ៉ាងណា​ ការ​គិត​វា​មិន​ដូច​នឹង​លទ្ធ​ផល​ជាក់​ស្តែង​នោះ​ទេ​ នៅ​ពេល​ដែល​៥​ទឹក​នៃ​ការប្រកួត​បានបង្ហាញ​យ៉ាង​ច្បាស់​ថា​ ឃឹម ពេជ្រ​ចិន្តា​ មិន​មាន​លទ្ធភាព​ទប់​កណ្តាប់​ដៃ និង​រន្ទះជើង​របស់ នន់​ ជំនិត​ សម្រាប់​លើក​នេះ​ដដែល ។​ ការ​ប្រកាស​ថា ឃឹម ពេជ្រ​ចិន្តា​ ចាញ់​ពិន្ទុ បាន​ក្លាយ​ជា​រឿង​អាម៉ាស់​ច្រំ​ដែល​មិន​អាច​ឱ្យ​គេស្តារ​មុខ​មាត់​បាន​ បន្ទាប់​ពី​ចាញ់ នន់ ជំនិត​ បុ៉ន្មាន​លើក​កន្លង​មក ។​

នៅ​លើ​សង្វៀន​ដដែល​ កីឡាករយ៉ាម​ រ៉េត មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា​ ចាញ់​ពិន្ទុ​កីឡាករ​ស៊ីថា​ សារ៉ាន់​ មក​ពី​ក្លិប CMAC ។​ កីឡាករ​សែត​ សាលីន​ មក​ពី​ក្លិប​បាត់​ដំបង​ពាយ័ព្យ​ វាយ​កីឡាករ​វង្ស ចំរើន​ មក​ពី​ក្លិប​យុវជន​កម្ពុជា​ខណ្ឌ​មាន​ជ័យ​ ឱ្យ​សន្លប់​ក្នុងទឹក​ទី​២ ។​ កីឡាករ​កង​ មករា​ មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រ​យោង​៩១១​ វាយ​ឈ្នះ​កីឡាករ​ម៉ន ចាន់ឌី​ មក​ពី​ក្លិប​ព្រែក​ឯង​កីឡា​ដោយ​ពិន្ទុ​ និង​កីឡាករ​ម៉ូ​ ណារ៉ាក់​ មក​ពី​ក្លិប​សំរោង​កោង​កីឡា ខេត្ត​បាត់​ដំបង​ ត្រូវ​សន្លប់​ក្រោម​កណ្តាប់​ដៃ​កីឡាករ​ម៉ន​ ភារម្យ​ មក​ពី​ក្លិប​ព្រែក​ឯង​កីឡា​ក្នុងទឹក​ទី​៤ ៕​