រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Metfone Cambodian League កាលពីថ្ងៃទី២៣ កុម្ភៈ ដែលលេង២ប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុម Naga Corp ប្រកួតឈ្នះក្រុម Albirex Niigata 2 ទល់នឹង០ ចំណែកក្រុមត្រាយអាសីុខេត្តកណ្តាល ប្រកួតឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងលទ្ធផល១ទល់នឹង០ ។
ការប្រកួតនៅតង់ទី១រវាងក្រុម Naga Corp និងក្រុម Albirex Niigata លេងបាន១៥នាទីក្រុម Naga Corp រកបានគ្រាប់បាល់នាំមុខមួយគ្រាប់ ដោយកីឡាករពាក់អាវលេខ៣៥ Barry Alpha Oumar Lelouma ។ ការប្រកួតបានបន្តរហូតដល់ចប់តង់ តែសភាពការណ៍នៅដដែលដោយគ្រាប់បាល់ហាក់នៅតំបន់កណ្តាលច្រើនជាងឡើងទៅតំបន់គ្រោះថ្នាក់របស់គូប្រកួត ។ ចូលដល់តង់ទី២ ការប្រកួតបានបន្តរហូតជិតដល់ទីបញ្ចប់ទៅហើយ ទើបកីឡាករពាក់អាវលេខ៣៥របស់ Naga Corp ដដែលគឺ Barry Alpha Oumar Lelouma រកបានមួយគ្រាប់ចុងក្រោយនៅនាទីទី៨៩ដែលជាគ្រាប់បាល់ជ័យជម្នះតែម្តង ។ មកដល់ពេលនេះក្រុម Naga Corp លេងបាន៥ប្រកួត ឈ្នះ៣ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត មាន១០ពិន្ទុ ចំណែកក្រុម Albirex Niigata លេងបាន៥ប្រកួតចាញ់ទាំង៥ប្រកួត មានសូន្យពិន្ទុ ស្ថិតនៅលំដាប់ថ្នាក់បាតតារាង ។
មួយប្រកួតទៀតក្រុមត្រាយអាសីុខេត្តកណ្តាល ប្រកួតឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ១ទល់០ ។ នៅតង់ទី១ក្រុមទាំងពីរមិនមានឱកាសរកបានគ្រាប់បាល់ដូចគ្នា ទាល់តែដល់តង់ទី២ ក្រុមត្រាយអាសីុខេត្តកណ្តាល បានផ្លាស់ប្តូរទម្រង់លេងរបស់ខ្លួនដោយការលេងសម្រុកខ្លាំង ទើបនៅនាទីទី៦០កីឡាករពាក់អាវលេខ៣២របស់ក្រុមនេះឈ្មោះ សួង វីរៈ រកបានមួយគ្រាប់ឱ្យក្រុមរបស់ខ្លួនដែលជាគ្រាប់បាល់ជ័យជម្នះតែម្តង ។ ក្រុមទាំងពីរនេះលេងបាន៥ប្រកួតក្នុងនោះឈ្នះ៣ ស្មើ១ប្រកួត និងចាញ់មួយប្រកួត មាន១០ពិន្ទុដូចគ្នា ។ ការប្រកួតនឹងបន្តធ្វើនៅថ្ងៃទី១ មីនា ដោយមាន៤ប្រកួតលេងលើ២ទីលាន ។ នៅស្តាតចាស់ចាប់ផ្តើមនៅវេលាម៉ោង១៣និង៣០នាទី រវាងក្រុមក្រសួងការពារជាតិប្រកួតជាមួយក្រុមគិរីវង់សុខសែនជ័យ និងមួយប្រកួតទៀតក្រុមត្រាយអាសីុខេត្តកណ្តាល ប្រកួតជាមួយក្រុមណាហ្គាខប ។
ចំណែកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ការប្រកួតចាប់ផ្តើមនៅវេលាម៉ោង១៥និង៣០នាទីគឺ ក្រុមសាកលវិទ្យាល័យអាសីុអឺរ៉ុបប្រកួតជាមួយក្រុមបៀលប្រាយយូណាយធីត និងមួយប្រកួតទៀតក្រុម Albirex Niigata ប្រកួតជាមួយក្រុមភ្នំពេញក្រោន ៕
ចែករំលែកព័តមាននេះ