រាជធានីភ្នំពេញ ៖ នេន វណ្ណា មកពីក្លិបកងពលធំអន្ដរាគមន៍លេខ៣ព្រះវិហារ ទីបំផុតគេមានឱកាសសាងនូវប្រវត្ដិសាស្រ្ដគួរឱ្យភ្ញាក់ផ្អើលបំផុតនៅក្នុងអាជីពជាអ្នកប្រដាល់អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីយកឈ្នះពិន្ទុ ទេស សំខាន់ មកពីក្លិបកងពលតូចលេខ៧០ នៅវគ្គផ្ដាច់ព្រ័ត្ដក្លាយជាម្ចាស់ខ្សែក្រវាត់ជើងឯករបស់ក្រុមហ៊ុន K-cement ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម កាលពីរសៀលថ្ងៃអាទិត្យ ទី២៣ កុម្ភៈ នៅសង្វៀនទូរទស្សន៍ CTN ។
នេន វណ្ណា មានអារម្មណ៍រំភើបយ៉ាងខ្លាំងពេលបំណងប្រាថ្នារបស់គេដែលចង់ក្លាយជាម្ចាស់ខ្សែក្រវាត់ជើងឯកលេចចេញជាផ្លែផ្កានៅពេលនេះ ។ ចំណែកឯទេស សំខាន់ ក៏គេមានជំនឿចិត្ដមិនតិចដែរតាំងពីចាប់ផ្ដើមការប្រកួតម៉្លេះ ប៉ុន្ដែទីបំផុតក្ដីសង្ឃឹមរបស់គេបានរលាយអស់បន្សល់ទុកតែអារម្មណ៍សោកស្ដាយរហូតដល់ថ្នាក់បង្ហូរទឹកភ្នែក បន្ទាប់ពីឮការប្រកាសថា គេចាញ់ពិន្ទុគូប្រកួតនៅនាទីចុងក្រោយ ។ ងាកមកមើលការប្រកួតវិញ នៅក្នុងទឹកទី១និងទី២ ទេស សំខាន់ ដែលមានការជឿជាក់លើខ្លួនឯងនោះ បានដើរចូលវាយប្រាវៗដោយមិនសំចៃកម្លាំងឡើយ ដោយបានបញ្ចេញស្នៀតកែងនិងជង្គង់វាយយ៉ាងសន្ធាប់ទៅលើគោលដៅសំខាន់ៗរបស់នេន វណ្ណា ។ ប៉ុន្ដែការដើរចូលវាយទាំងកំរោលដោយខ្វះការប្រុងប្រយ័ត្ន ពេលខ្លះក៏ត្រូវនេន វណ្ណា ធាក់ឱ្យដួលត្រឡប់ត្រឡិនទៀតផង ។
ទោះបីយ៉ាងណានេន វណ្ណា ក៏ត្រូវទេស សំខាន់ ទាត់ឱ្យដួលទាំងជំហរជាច្រើនលើកច្រើនសាដូចគ្នា ដោយសារគេទន់ជ្រាយល្វែងក្រោម ។ នៅទឹកទី៤និងទី៥ ទេស សំខាន់ នៅតែបន្ដដើរចូលវាយលុកទៅលើគូប្រកួតកាន់តែសាហាវជាងមុន តែរាល់ការដើរចូលរបស់គេត្រូវនេន វណ្ណា ធាក់ចេញនិងបុកជង្គង់ចូលពោះទឹកពេញៗតែម្ដង ។ ជាពិសេសនៅចុងទឹកទី៥ ពេលដែលពួកគេទាំង២អស់កម្លាំងដូចគ្នា ហើយទេស សំខាន់ នៅតែដើរចូលដោយខ្វះការប្រុងប្រយ័ត្នជាឱកាសឱ្យនេន វណ្ណា រកចន្លោះវាយចូលចំគោលដៅបានច្រើនជាង ទើបជ័យជម្នះធ្លាក់ក្នុងដៃរបស់គេនៅនាទីចុងក្រោយ ។ ដូច្នេះចំណាត់ថ្នាក់លេខ១ បានទៅលើនេន វណ្ណា ទទួលបានម៉ូតូ Honda Scoopy ស៊េរីឆ្នាំ២០១៤ ១គ្រឿង ,ពាន១ និងប្រាក់ចំនួន៥១០ដុល្លារសហរដ្ឋអាមេរិក ។ ចំណាត់ថ្នាក់លេខ២បានទៅលើទេស សំខាន់ ទទួលបានពាន១ ,ប្រាក់៦០០ដុល្លារ និងទូរទស្សន៍ LCD ទំហំ ៣២អីុញ១គ្រឿង ។ លេខ៣បានទៅលើង៉ែត រដ្ឋា មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃទទួលបានពាន១ ,ប្រាក់៥០០ដុល្លារ និងលេខ៤ បានទៅលើកីឡាករផាន់ សារុន មកពីក្លិបព្រះខ័នរាជនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបានពាន១ និងប្រាក់៤០០ដុល្លារ ។
ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនលើសលប់ចំពោះកម្មវិធីប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ជើងឯក K-cement ក្រុមហ៊ុនសន្យាថា នឹងបន្ដនាំមកនូវព្រឹត្ដិការណ៍កំពូលអ្នកប្រដាល់ K-cement វគ្គ៥បន្ដទៀត ។ ក្រុមហ៊ុនកំពតស៊ីមេន គឺជាក្រុមហ៊ុនមួយដែលតែងតែចូលរួមយ៉ាងសកម្មដោយផ្ទាល់និងជាប្រយោលនៅក្នុងសកម្មភាពជួយសង្គម តាមរយៈការចែកចាយនូវផលិតផលដែលមានគុណភាពខ្ពស់នៅលើទីផ្សារ និងការចូលរួមថែរក្សាបរិស្ថាន ក៏ដូចជាការជួយឧបត្ថម្ភទាំងសម្ភារនិងថវិកាដល់សហគមន៍។ ចំពោះលទ្ធផលគូប្រកួតមិត្ដភាពដែលឧបត្ថម្ភដោយក្រុមហ៊ុនស្រាសាច់ដុំពិសេសវិញនោះលួន សុខខេង មកពីក្លិបព្រះខ័នរាជនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកឈ្នះវ៉ន សាវី មកពីក្លិបឃ្លាំងមឿងកីឡាខេត្ដពោធិ៍សាត់ដោយពិន្ទុ ។ ហុន ឈុនហេង មកពីក្លិបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន ឈ្នះពិន្ទុឈិត ង៉ុយ មកពីក្លិបអប្សរាគុនខ្មែរ ។ ចាន់ គង់រាជ្យ មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន យកឈ្នះហង្ស រស្មី មកពីក្លិបក្រុងប៉ោយប៉ែតខេត្ដបន្ទាយមានជ័យ ដោយពិន្ទុ ។
រឿង សារ័ត្ន មកពីក្លិបទ័ពពិសេសឆត្រយោង៩១១ ផ្ដួលលី ជិនហឺរ មកពីក្លិបកងពលធំអន្ដរាគមន៍លេខ៣ព្រះវិហារ ឱ្យលើកទង់ជ័យសសុំចុះចាញ់នៅត្រឹមទឹកទី៣ ។ លាភ ហេង មកពីក្លិបពន្លឺណេអុង បានយកឈ្នះម៉ោញ សុខុន មកពីក្លិបរាជសីហ៍បង្ក្រាបគ្រឿងញៀនខេត្ដរតនគិរីដោយពិន្ទុ និង លី ដាវុធ មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន យកឈ្នះធន សារពេជ្រ មកពីមជ្ឈមណ្ឌលកីឡានៃកងយោធពលខេមរភូមិន្ទដោយពិន្ទុ ៕
ចែករំលែកព័តមាននេះ