គណបក្សភឿថែ ដែលកំពុងកាន់អំណាចនៅថៃបានចោទប្រកាន់ពួកប្រឆាំងរដ្ឋាភិបាល ដឹកនាំដោយលោកស៊ូថេប ធឿកស៊ូបាន ថា រៀបចំផែនការមាន៤ដំណាក់កាលមួយដែលសំដៅផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រា រហូតដល់ពាក់កណ្តាលខែមេសា ខាងមុខនេះ ។
លោកអនុស៊ន អុីយ៉ាមសាអាដ អ្នកនាំពាក្យរងរបស់គណបក្សភឿថៃបានព្រមានកាលពីថ្ងៃទី២៣ កុម្ភៈថា ផែនការនេះអាចបង្កើតភាពច្រឡោះប្រហោងខាងនយោបាយមួយ ហើយអាចឈានទៅរកការប្រឈមមុខដាក់គ្នាយ៉ាងសាហាវនានារវាងពួកអ្នកគាំទ្រនៃភាគីទាំងពីរ ។ តាមអ្នកនាំពាក្យរូបនេះថា ផែនការទាំង៤នោះមាន ៈ ការដកហូតតំណែងលោកស្រីយីងឡាក់ ពីបទចោទប្រកាន់រឿងពុករលួយ ទម្លាក់សមាជិករដ្ឋាភិបាលទាំងអស់ដោយចោទថា ជាប់ទាក់ទិនរឿងពុករលួយដើម្បីរារាំងពួកគេកុំឱ្យនរណាម្នាក់អាចឡើងជំនួសលោកស្រីយីងឡាក់ ទាមទារលុបចោលការបោះឆ្នោតថ្ងៃទី២ កុម្ភៈ ប្រសិនបើរដ្ឋាភិបាលមួយពុំអាចបង្កើតបានក្នុងរយៈពេល៣០ថ្ងៃចាប់តាំងពីកាលបរិច្ឆេទនៃការបោះឆ្នោតទៅ យោងតាមច្បាប់ និងការបណ្តេញសមាជិកសភា និងសមាជិកព្រឹទ្ធសភា៣០៨រូបដែលគាំទ្រដល់ការផ្តួចផ្តើមគំនិតសំដៅកែប្រែរដ្ឋធម្មនុញ្ញ ។
យោងតាមលោកអនុស៊ន ថា លោកស៊ូថេប បានគ្រោងអនុវត្តទ្រឹស្តីឡើងអង្រន់មែកស្វាយដើម្បីឱ្យផ្លែស្វាយជ្រុះ ។ ក៏ប៉ុន្តែលោកវាយតម្លៃថា លោកសូ៊ថេប អាចគាស់រំលីងដើមឈើទាំងស្រុងបានដោយសាររដ្ឋាភិបាលពុំអាចដឹកនាំប្រទេសបាន ហើយប្រសិនបើរដ្ឋាភិបាលត្រូវផ្តួលរំលំបែបនេះ នោះប្រជាជនដែលមានអំណាចអធិបតេយ្យនឹងពុំអាចទទួលយកសភាពការណ៍បែបនេះបានទេ ។ អាស្រ័យហេតុនេះបានជាអ្នកនាំពាក្យរូបនោះបានព្រមានពួកលោកស៊ូថេប ដែលគ្រោងរហូតដល់ចង់ផ្តាច់ទឹក ផ្តាច់ភ្លើងផ្ទះនាយករដ្ឋមន្ត្រីនាថ្ងៃទី២៥ កុម្ភៈ ទៀតនោះចំពោះការបំផ្លាញប្រទេសជាយថាហេតុ ។
លោកអនុស៊ន រំលឹកថា ចលនាពួកអាវក្រហមបានរួមប្រជុំគ្នាកាលពីថ្ងៃទី២៣ កុម្ភៈ។ មេដឹកនាំក្រុមអាវក្រហមប្រមាណជា៤.០០០នាក់មកពីទូទាំងប្រទេសត្រូវជួបជុំគ្នានៅណាខនរ៉ាតចាស៊ីម៉ា ដើម្បីរៀបចំផែនការមួយសំដៅប្រឆាំងនឹងការបុ៉នប៉ងរបស់ពួកលោកស៊ូថេប ផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ ។ ចំណែកនៅទីក្រុងបាងកកវិញមានការវាយប្រហារដោយគ្រាប់បែកមួយគ្រាប់បណ្តាលឱ្យមនុស្សស្លាប់២នាក់ ។
យោងតាមកាសែតបាងកកបុ៉ស្តិ៍ថា ក្មេងប្រុសម្នាក់អាយុ១២ឆ្នាំ និងនារីអាយុ៤០ឆ្នាំម្នាក់បានត្រូវស្លាប់ ហើយមនុស្ស២២នាក់ត្រូវរបួសកាលពីថ្ងៃទី២៣ កុម្ភៈ ក្នុងការផ្ទុះគ្រាប់បែក១គ្រាប់នៅជិតទីតាំងមួយរបស់ពួកបាតុករប្រឆាំងរដ្ឋាភិបាលនាទីក្រុងបាងកក ។ នេះជាការវាយប្រហារភេរវកម្មប្រើគ្រាប់បែកលើកទី២ ហើយក្នុងប្រទេសនេះចាប់តាំងពីចុងសប្តាហ៍កន្លងមក ។
ពួកជនមិនស្គាល់មុខកាលពីយប់ថ្ងៃទី២២ កុម្ភៈ បានគប់គ្រាប់បែកដៃលើទីតាំងមួយក្នុងចំណោមទីតាំងរបស់ពួកបាតុករប្រឆាំងរដ្ឋាភិបាលនៅខេត្តត្រាត បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង៣៤នាក់ទៀតត្រូវរបួស ក្នុងនោះ២៩នាក់ស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ ។ចាប់តាំងពីការផ្ទុះវិបត្តិនយោបាយនៅថៃពីដំណាច់ឆ្នាំ២០១៣ មក មនុស្ស១៧នាក់ហើយបានត្រូវស្លាប់ ហើយមនុស្ស៧៣នាក់ទៀតបានត្រូវរបួសក្នុងអំពើហិង្សា ៕
ចែករំលែកព័តមាននេះ