ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកប្រេង​ដាច់ហ្វ្រាំង​ពេលចុះ​ពីលើស្ពាន​គីហ៊្សុ​ណា

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​​មួយ​គ្រឿង​​ចំណុះ​​​៨.០០០​លីត្រ​ ​របស់​ក្រុម​ហ៊ុន​ថារី​ពាណិជ្ជ​​ ពាក​់​ស្លា​ក​លេខ​កំពង់​ចាម ​៣A-២៨៩៦​​បាន​​បុក​រះ​​កង់​​ ម៉ូតូ​ ​​និង​​រថយន្ត​​អ្នក​ដំណើរ​​សរុប​​​ចំនួន​​១៤​គ្រឿង ​​​បង្ក​​នូវ​មហន្ត​រាយ​គួរ​ឱ្យ​​ញាក់​សាច់​​នៅ​ត្រង់ចំណុច​​រង្វង់​មូល​ក្បាល​ស្ពាន​​គី​ហ្សុ៊ណា​ ​ត្រើយ​ខាង​លិច​​ ​ក្នុង​​​​សង្កាត់​វាលវង់ ​ក្រុង​កំពង់​ចាម ​។ ​

ខេត្ត​កំពង់​ចាម​ ៖ ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​​មួយ​គ្រឿង​​ចំណុះ​​​៨.០០០​លីត្រ​ ​របស់​ក្រុម​ហ៊ុន​ថារី​ពាណិជ្ជ​​ ពាក​់​ស្លា​ក​លេខ​កំពង់​ចាម ​៣A-២៨៩៦​​បាន​​បុក​រះ​​កង់​​ ម៉ូតូ​ ​​និង​​រថយន្ត​​អ្នក​ដំណើរ​​សរុប​​​ចំនួន​​១៤​គ្រឿង ​​​បង្ក​​នូវ​មហន្ត​រាយ​គួរ​ឱ្យ​​ញាក់​សាច់​​នៅ​ត្រង់ចំណុច​​រង្វង់​មូល​ក្បាល​ស្ពាន​​គី​ហ្សុ៊ណា​ ​ត្រើយ​ខាង​លិច​​ ​ក្នុង​​​​សង្កាត់​វាលវង់ ​ក្រុង​កំពង់​ចាម ​។ ​

​ហេតុការណ៍​​នេះ បាន​កើត​ឡើង​​​​កាល​ពី​វេលា​ម៉ោង​​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ កុម្ភៈ ​ដោយ​​​​ឆក​់​យក​​​អាយុ​ជីវិត​​មនុស្ស​​​ប្រុស​២​នាក់​​​ និង​របួស​ធ្ងន់​​-ស្រាល​​៥នាក់ ​។ កត្តា​នេះ​​បណ្តាល​​មក​ពី​រថយន្ត​ដឹក​ប្រេង​ដាច់​ហ្វ្រាំង​​ខណៈ​ពេល​បើក​ចុះ​​ពី​លើ​ស្ពាន​​គី​ហ្សុ៊ណា​​ ​និង​​បង្ក​ឱ្យ​មានការ​​ភ្ញាក់​ផ្អើល​​ជា​ខ្លាំង ​រហូត​​ធ្វើ​ឱ្យ​កក​ស្ទះ​ចរាចរណ៍​ ហើយ​​អ្នក​​បើក​បរ​រថយន្ត​ដឹក​ប្រេង​​​​បាន​​បើក​ទ្វារ​រថយន្ត​លោត​​ចុះ​​​​ដាក់​មេ​ប្រូច​បាត់ ។ ​បុរស​​​​ជា​​អ្នក​លក់​ដូរ​​​ម្នាក់​​ឈ្មោះម៉ែន ​ថាល់ ​អាយុ​​៣៧​ឆ្នាំ ​​​​​និយាយ​​ថា ​​ខណៈ​​​រូប​​គាត់​កំពុង​​​​អង្គុយ​​លក់​ដូរ​នៅ​​​​មុខ​ផ្ទះ ​ត្រង់​ចំណុច​​រង្វង​់មូល​ក្បាល​ស្ពាន​​​គី​ហ្សុ៊ណា​​ ស្រាប់តែ​​ឃើញ​រថយន្ត​ដឹក​ប្រេង​ធុន​ធំ​១​គ្រឿង​​ ​​ពេល​ចុះ​ពី​លើ​​ស្ពាន​​បើក​លឿន​​ស្លេវ​​​តែ​ម្តង ​ដោយ​បាន​​បុក​រះ​​ម៉ូតូ​ជាច្រើន​​គ្រឿង​កៀប​ជាប់​ពី​ក្រោម​រថយន្ត​​រុញ​មក​ផ្ទប់​​នឹង​តុ​ដាក់​​ដប​ប្រេង​សាំង​​លក់​​ជាង​​១០​ដប​របស់គាត់​ ​បណ្តា​ល​ឱ្យ​​បែក​​និង​បង្ក​​​ឱ្យ​​ឆាប​ឆេះ​សន្ធោ​​សន្ធៅ​ផ្សែង​ហុយ​​ខ្មួល​ខ្មាញ់​​ទៅ​លើ​អាកាស​ ។ ​​​

​លោក​​ម៉ែន​​ ថាល់ ​បាន​​និយាយ​​​ទៀត​​ថា ​ក្នុ​ង​ពេល​នោះ​រូប​​គាត់​បាន​​រត់​គេច​ចូល​​ទៅ​​ក្នុង​ផ្ទះទាន់ ​បើ​ពុំ​នោះ​ទេ ​នឹង​ត្រូវរថយន្ត​បុក​​​ជា​​មិន​ខាន​ ។ ប៉ុន្តែ​​ដោយ​​មាន​​ស្មារតី​​រឹង​ គាត់​​ក៏​ស្ទុះ​ទៅ​​​យក​​បំពង់​​​ពន្លត់​​អគ្គិ​ភ័យ​​​១​​មក​​បាញ់​​​ពន្លត់​​​ភ្លើង​ ​ហើយ​អ្នក​ជិត​​ខាង​ក៏​មក​ជួយ​​អន្តរា​​គមន៍​យក​បំពង់​​​ពន្លត់​​​អគ្គិ​ភ័យចំនួន​៤​ទៀត​មក​​ជួយ​​បាញ់​​​​ពន្លត់​​ដែរ ។​ បន្តិច​ក្រោយ​​​មក​ភ្លើង​ក៏បាន​រលត់​​ទៅវិញ ​តែ​ម៉ូតូ​ចំនួន​៤​គ្រឿង​ត្រូវ​​​ភ្លើងឆេះ ​​ដែល​ម៉ូតូ​ខ្លះ​​ខូច​​ខាត​ដោយ​​អន្លើ​ ​និង​​ខ្លះ​​ឆេះ​​ក្លាយ​ទៅជាដែក​​អេត​ចាយ ។ ​​រីឯ​​ស្ត្រី​​​ឈ្មោះ​​​អីុ ណៃ​ អាយុ​៤៥​ឆ្នាំ ​​​​ដែល​ជា​អ្នក​​ឃើញ​​​ហេតុ​ការណ៍​​ផ្ទាល់​​ភ្នែក​​ដែរ​​និយាយ​​ថា ​​ខណៈ​​គាត់​​កំពុង​​​​អង្គុយ​​លក់​ដូរ​នៅ​នឹង​ចិញ្ចើម​ថ្នល​់​ជាតិ​លេខ​៧ ​ស្រាប់តែ​ឃើញ​រថយន្ត​​ស៊ី​ទែន​ដឹក​ប្រេង​​ខាង​លើ​​​បើក​​បុក​រះ​​ម៉ូតូ​ និង​រថយន្ត​ជា​ច្រើន​គ្រឿង​​តម្រង់​​មក​កន្លែង​លក់​របស់​គាត់ ​។ ​ភ្លាម​ៗ​នោះ​​​គាត់​​ស្រែក​​​ប្រាប់​​​​អ្នក​លក់​ដូរ​នៅ​ក្បែរ​នោះ​រួម​នឹង​​អ្នក​​ផ្សេង​ទៀត​​ ​ដែល​មានគ្នា​​ប្រហែលជាង​១០​នាក់ ​ឱ្យ​ប្រញាប់​​រត់​ចេញ​ជា​បន្ទាន់ ​។ គ្រាន់​​តែរត់​ចេញ​បាន​​​​​បន្តិច​ប៉ុណ្ណោះ ​​រថយន្ត​ដឹក​ប្រេង​​​​​ក៏​​​មក​​​​ដល់​​បុក​​រថយន្តកូរ៉េ​​ប្រភេទ​ទ្រុងដាក់​​នៅមុខ​ផ្ទះ​រុញ​​មក​សង្កត់​​លើ​ម៉ូតូ​របស់គាត់ ​និង​​របស់​បង​ប្រុស​​​គាត់​​១​គ្រឿង​​ទៀត ​ព្រម​ទាំង​កង់​១គ្រឿង​​រង​ការ​ខូច​ខាត​ខ្ទេច​ខ្ទី​​កៀប​ជាប់​​ក្រោម​រថយន្ត ។ ​

ចំណែក​​លោក​ស៊ាម ​​យូសេង​​ ប្រធាន​​​នគរ​បាល​​ចរាចរ​ណ៍​​នៃ​អធិការដ្ឋាន​នគរ​បាល​ក្រុង​​កំពង់​ចាម​ប្រាប់​ឱ្យដឹងថា ​គ្រោះថ្នាក់​​​នេះ​​បង្ក​​ឡើង​​ដោយ​​រថយន្ត​ដឹក​ប្រេង​​ដាច់​ហ្វ្រាំង​​​ពេល​ចុះ​ចំណោត​ស្ពាន​​គី​ហ្សុ៊​ណា​​​​​ ។ ក្នុង​ហេតុ​ការណ៍​ខាង​លើ​​រថយន្ត​បាន​​បុក​រះ​​កង់​២​គ្រឿង ​ម៉ូតូ​៩​គ្រឿង ​និងរថយន្ត​៣គ្រឿង ​​ស្លាប់​​​មនុស្ស​​ប្រុស​២​នាក់ ​(មនុស្ស​​ធំ​ម្នាក់ ​និង​​ក្មេង​តូច​ម្នាក់ ) ​​និងរបួសធ្ងន់​-ស្រាល​​៥​​​នាក់ ត្រូវ​​បាន​​បញ្ជូន​​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​ជាបន្ទាន់ ​។ ជាមួយ​​​នេះ​​​ ​​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​​១​គ្រឿង​​ក៏បាន​ចេញ​ទៅ​ជួយ​​អន្តរាគមន៍​បាញ់​ទឹក​​​ពន្លត់​​នៅ​​កន្លែង​​ម៉ូតូ​ឆេះ ​​​និង​ជួយ​​ការ​ពារ​​ក្រែង​​មាន​មហន្ត​រាយ​ឆេះ​រាល​​ដាល​ណា​មួយ​​ទៀត ។ ចំពោះ​​វត្ថុ​តាង​ ​ត្រូវ​បាន​នាំ​​យក​ទៅ​​រក្សា​​ទុក​នៅ​អធិការដ្ឋាន​​នគរ​បាល​​​​ក្រុង​កំពង់​ចាម ​ដើម្បី​ដោះស្រាយ​​តាម​ច្បាប់ ៕




 ​