ខេត្តកំពង់ចាម៖ គិតត្រឹមម៉ោងជាង៥ល្ងាចថ្ងៃទី២៣ កុម្ភៈ ២០១៤នេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៏រថយន្តដឹកប្រេងចុះពីលើស្ពានគីហ្ស៊ូណា ហើយបានដាច់ហ្រ្វំាង បណ្តាលឲ្យបុករះម៉ូតូ និង រថយន្តនោះបានកើនដល់២នាក់ហើយ និង របួសធ្ងន់ស្រាល៥នាក់ ។
គួររំលឹកថា កាលពីម៉ោង១១ និង ៣០នាទីថ្ងៃត្រង់ថ្ងៃទី ២៣ កុម្ភៈ ២០១៤ នៅចំណុចរង្វង់មូលក្បាលស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិ៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏ដ៏រន្ឋត់មួយបានកើតឡើង ដោយសាររថយន្តដឹកប្រេងមួយគ្រឿងចុះពីលើស្ពានគីហ្ស៊ូណា បានដាច់ហ្វ្រំាង ធ្វើឲ្យបុករះម៉ូតូ និងរថយន្ត បណ្តាលឲ្យក្មេងម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និង មនុស្សប្រុសស្រី ៦នាក់ទៀត បានរងរបួសធ្ងន់ស្រាល ។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលពេញក្រុងកំពង់ចាម និង ធ្វើឲ្យមានការកកស្ទះចរាចរណ៏នោះថែមទៀត ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់ប្រសាសន៏លោក ស៊ាម យូអេង ប្រធានប៉ូលិសចរាចរណ៏ខេត្តឲ្យដឹងថា រថយន្តបង្កពាក់ស្លាកលេខ កំពង់ចាម 3A 2896 ជាកម្មសិទ្ឋិរបស់ក្រុមហ៊ុន ថារី ពាណិជ្ជ មានទីតំាងស្ថិតនៅក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ហើយថាគ្រោះថ្នាក់នេះ បានបណ្តាលមកពីរថយន្តបានដាច់ហ្វ្រំាង ធ្វើឲ្យបុករះម៉ូតូប្រមាណ១០គ្រឿង រថយន្ត២គ្រឿង និងរ៉ឺម៉កម៉ូតូកង់បី ១គ្រឿង បង្កជាអគ្គិភ័យ ហើយបានបណ្តាលឲ្យក្មេងម្នាក់ស្លាប់នៅនឹងកន្លែង និង មនុស្សប្រុសស្រី៦នាក់រងរបួស ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួន ហើយសមត្ថកិច្ចបានស្ទូច និង អូសទំាងម៉ូតូនិងរថយន្ត បញ្ជូនទៅរក្សាទុកនៅស្នងការខេត្តរង់ចំាដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ