ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ជាអ្នកបើកបរគោយន្តបានស្លាប់នៅនឹងកន្លែងកើតហេតុ និង មនុស្សប្រុស-ស្រីចាស់ក្មេង៤នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៏រថយន្តបុកគោយន្តចំពីមុខពេញទំហឹង ។
ហេតុការណ៏នេះ បានកើតឡើងនៅម៉ោងជាង៣រសៀលថ្ងៃទី២៣ កុម្ភៈ ២០១៤ នៅចំណុចភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីសមត្ថកិច្ចនិងសាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកាមរីស៊េរីឆ្នាំ៩៥ ព៌ណសំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2C 2310 បើកបរក្នុងទិសដីពីកើតទៅលិច(បាត់ដំបងមកបន្ទាយមានជ័យ) លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តកាមរីបង្ក បានបើកជែងរថយន្ត១គ្រឿងទៀតដែលបើកស្របទិសគ្នា ស្របគ្នានោះក៏វ៉ាក់ជាមួយនឹងរថយន្តដែលមកពីមុខ ធ្វើឲ្យអ្នកបររថយន្តកាមរីមិនដឹងគេចទៅណា ក៏ទៅបុកគោយន្តដែលកំពុងបើកបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកបរគោយន្តឈ្មោះ ផៃ សុវណ្ណ អាយុ២៧ឆ្នាំ រស់នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ស្លាប់នៅនឹងកន្លែង និង មនុស្ស៣នាក់ប្តីប្រពន្ឋនិងកូនដែលរួមដំណើរជាមួយរថយន្តកាមរីរងរបួសធ្ងន់ស្រាល រីឯអ្នកបើកបររថយន្តសន្លប់ ។
អ្នកបើកបររថយន្តត្រូវបានគេស្គាល់ឈ្មោះ រ៉េត ស៊ីនិត ចំណែកប្តីប្រពន្ឋនិងកូន ប្តីឈ្មោះ ប៊ុន ធឿន អាយុ២៥ឆ្នាំ របួសបាក់ដងកំាបិត , ប្រពន្ឋឈ្មោះ កិល សុគីម អាយុ២៣ឆ្នាំ កូនប្រុសអាយុ១ខួបកន្លះ ឈ្មោះ ឆាយ ឌី ទំាងពីរនាក់ម្តាយកូនរបួសស្រាល ។
សេចក្តីរាយការណ៏បានបញ្ជាក់បន្ថែមដែរថា គោយន្តខាងលើដឹកធុងសំាងបីបួនធុង និងម៉ូតូ ហើយក្នុងគ្រោះថ្នាក់នេះ ម៉ាស៊ីនគោយន្តបានដាច់ជា៤កំណាត់កៀបជាប់នឹងរថយន្ត ។
នៅពេលនេះ សមត្ថកិច្ចកំពុងធ្វើការវាស់វែង និងអូសរថយន្តនិងគោយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅរង់ចំាដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ