ក្រុមប្រឹក្សាសន្ដិសុខអ.ស.ប បានអនុម័តជាឯកច្ឆន្ទកាលពីថ្ងៃទី២២ កុម្ភៈ នូវដំណោះស្រាយមួយដែលស្នើឱ្យមានច្រកចេញចូលជំនួយមនុស្សធម៌ដ៏ឆាប់រហ័ស ប្រាកដប្រជានិងគ្មានការរាំងស្ទះនៅស៊ីរី ដែលហែកហួដោយសង្គ្រាមចាប់តាំងពីជិត៣ឆ្នាំមកហើយ។
ក្រុមប្រឹក្សាសន្ដិសុខអ.ស.ប ទាមទារឱ្យគ្រប់ភាគី ពិសេសអាជ្ញាធរស៊ីរីបើកផ្លូវជំនួយមនុស្សធម៌បញ្ជូនទៅដោយគ្មានការរាំងស្ទះនិងដោយឆាប់រហ័សសម្រាប់បណ្ដាទីភ្នាក់ងារមនុស្សធម៌អ.ស.បនិងបណ្ដាដៃគូក្នុងនោះរួមទាំងការបញ្ជូនកាត់បណ្ដាខ្សែបន្ទាត់នៃជម្លោះនិងឆ្លងកាត់ព្រំដែនដើម្បីធានាឱ្យជំនួយមនុស្សធម៌បានទៅដល់ដៃប្រជាជនដែលត្រូវការខ្លាំងបំផុត ដោយប្រើផ្លូវដែលត្រង់បំផុតទាំងឡាយ ។
ក្រុមប្រឹក្សាសន្ដិសុខអ.ស.បដែលមានសមាជិក១៥ចាប់ផ្ដើមកិច្ចប្រជុំបើកចំហមួយនាវេលាម៉ោង១១និង១៥នាទីម៉ោងនៅក្រុងញូវយ៉ក អនុម័តគម្រោងដំណោះស្រាយដាក់ដោយប្រទេសអូស្រ្ដាលី ហ្ស៊កដានី និងលុចហ្សំបួរ ហើយគាំទ្រដោយអង់គ្លេស បារាំង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។
ភ្លាមៗក្រោយអនុម័តដំណោះស្រាយនោះអគ្គលេខាធិការអ.ស.បលោក បានគីមូន ថ្លែងថា ខ្ញុំរីករាយចំពោះការអនុម័តដំណោះស្រាយ ។ យើងគ្រប់គ្នាសុទ្ធតែមានមនសិការបំផុតចំពោះក្ដីអស់សង្ឃឹមយ៉ាងខ្លាំងនិងយូរអង្វែងរបស់ប្រជាជនស៊ីរី ។ លោកបន្ដថា ដំណោះស្រាយនោះត្រូវអនុវត្ដដោយឆាប់រហ័ស ព្រោះយ៉ាងហោចណាស់ក៏អាចជួយសម្រាលការឈឺចាប់របស់ប្រជាជនស៊ីរីបានមួយផ្នែកដែរ ៕
ចែករំលែកព័តមាននេះ